វិស័យទេសចរណ៍

ក្រុមហ៊ុន វីរៈ ប៊ុនថាំ ដាក់ឱ្យដំណើរការកប៉ាល់ដឹកអ្នកដំណើរដែលមានតម្លៃខ្ទង់លានដុល្លារ ដើម្បីដឹកភ្ញៀវទេសចរទៅមករវាងខេត្តកំពត និងកោះត្រល់


ក្រុមហ៊ុន វីរៈប៊ុនថាំ អេចប្រេស ដែលជាក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរ និងសេវាកម្មបញ្ញើឆាប់រហ័សឈានមុខគេមួយនៅកម្ពុជា បានដាក់ឱ្យដំណើរការសាកល្បងកប៉ាល់ដឹកអ្នកដំណើរទៅមករវាងខេត្តកំពត និងកោះត្រល់ ឬកោះភូគុក ដ៏ទំនើបដំបូងគេ កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤។ ថ្នាក់ដឹកនាំក្រុមហ៊ុននេះរំពឹងថា តាមរយៈវត្តមានរបស់កប៉ាល់ដឹកអ្នកដំណើរនេះ វានឹងជួយជំរុញការទាក់ទាញភ្ញៀវទេសចរ ដែលទៅលេងកម្សាន្តនៅកោះត្រល់ឱ្យមកកម្សាន្តនៅកម្ពុជា បានកាន់តែច្រើនថែមទៀត ដ្បិតថា ការធ្វើដំណើរតាមរយៈកប៉ាល់ទំនើបនេះ គឺចំណាយពេលត្រឹមតែប្រមាណ៤០នាទីប៉ុណ្ណោះ។
វិស័យទេសចរណ៍
ដោយ

ក្រុមហ៊ុន វីរៈប៊ុនថាំ អេចប្រេស បានបោះជំហានចូលទៅក្នុងវិស័យទេសចរណ៍មួយជំហានទៀតហើយ តាមរយៈការដាក់ឱ្យដំណើរការសាកល្បងកប៉ាល់ដឹកអ្នកដំណើរដ៏ទំនើបដំបូងគេ សម្រាប់ដឹកអ្នកដំណើរទៅមករវាងខេត្តកំពត និងកោះត្រល់ ឬកោះភូកុក។ អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វីរៈប៊ុនថាំ បានគូសបញ្ជាក់ថា តាមរយៈការដាក់ឱ្យដំណើរការកប៉ាល់ដឹកជញ្ជូនអ្នកដំណើរនេះ អ្នកដំណើរអាចធ្វើដំណើរចេញពីកំពង់ផែទេសចរណ៍អន្តរជាតិ ខេត្តកំពត ទៅកាន់គោលដៅកោះត្រល់ ឬពីកោះត្រល់មកកាន់ខេត្តកំពត ដោយចំណាយពេលធ្វើដំណើរត្រឹមតែប្រមាណ៤០នាទីប៉ុណ្ណោះ ខណៈកន្លងមកអ្នកដំណើរត្រូវចំណាយពេលប្រមាណ៣ម៉ោងឯណោះ។

​​អ្នកជំនួញក្នុងវិស័យដឹកជញ្ជូន និងទេសចរណ៍ ដ៏ល្បីល្បាញរូបនេះជឿជាក់ថា តាមរយៈវត្តមានរបស់កប៉ាល់ដឹកអ្នកដំណើររវាងខេត្តកំពត និងកោះត្រល់ ដ៏ទំនើបនេះ វានឹងជួយជំរុញការទាក់ទាញភ្ញៀវទេសចរពីកោះត្រល់ឱ្យចូលមកកម្សាន្តនៅប្រទេសកម្ពុជា កាន់តែច្រើនថែមទៀត ដោយសារការធ្វើដំណើរតាមរយៈកប៉ាល់នេះមានរយៈពេលខ្លី គួបផ្សំកោះត្រល់ជាតំបន់ទេសចរណ៍ដំទាក់ទាញមួយនៅក្នុងតំបន់។

​បើតាមការគូសបញ្ជាក់របស់អ្នកឧកញ៉ា សួរ វីរៈ កប៉ាល់ដឹកអ្នកដំណើរដ៏ទំនើបដែលក្រុមហ៊ុនខ្លួនទើបដាក់ឱ្យដំណើរការសម្រាប់ដឹកអ្នកដំណើរពីខេត្តកំពត ទៅកោះត្រល់នេះ គឺមានច្រើនប្រភេទខុសៗគ្នា ដោយកប៉ាល់នីមួយៗមានតម្លៃចាប់ពី៦០ម៉ឺន ដល់ជាង១លានដុល្លារក្នុង១គ្រឿង ជាមួយសមត្ថភាពអាចដឹកអ្នកដំណើរបានចាប់ពី១០០នាក់ ទៅដល់ជាង២០០នាក់ ក្នុង១ជើង។ ជាផែនការទៅថ្ងៃអនាគតអ្នកជំនួញរូបនេះគ្រោងនាំចូលកប៉ាល់ទេសចរណ៍បន្ថែមទៀត ដែលអាចដឹកអ្នកដំណើរបានរហូតដល់រង្វង់៥០០នាក់។

យ៉ាងណាមិញ ចំពោះតម្លៃសំបុត្រធ្វើដំណើរវិញ ថ្នាក់ដឹកនាំរូបនេះមិនទាន់បានកំណត់ជាក់លាក់នៅឡើយនោះទេ ដោយសារបច្ចុប្បន្ន គឺជាការបើកដំណើរការសាកល្បងប៉ុណ្ណោះ ហើយនៅពេលដាក់ឱ្យដំណើរការជាផ្លូវការនៅអំឡុងខែមីនា ឆ្នាំ២០២៥ខាងមុខ សំបុត្រធ្វើដំណើរម្នាក់អាចមានតម្លៃចន្លោះពី២៨ដុល្លារ ទៅ៣២ដុល្លារ៕




អត្ថបទបន្ទាប់


តើបណ្ដាខេត្តនៅជាប់មាត់សមុទ្រធំៗ៣ មានការរំពឹងបែបណាក្នុងការស្រូបទាញភ្ញៀវទេសចរក្នុងពិធីបុណ្យឆ្លងឆ្នាំសកលឆ្នាំនេះ?

អាជ្ញាធរតាមបណ្ដាខេត្តជាប់មាត់សមុទ្រចំនួន៣ រំពឹងទទួលបានអ្នកទេសចរទៅលេងកម្សាន្តច្រើន នៅក្នុងឱកាសពិធីបុណ្យឆ្លងឆ្នាំសកល២០២៤-២០២៥ ខណៈបច្ចុប្បន្នក…

ទីផ្សារផ្តល់សេវាកម្មពាក់ព័ន្ធសត្វចិញ្ចឹមលើពិភពលោកមានតម្លៃលើស៤០ពាន់លានដុល្លារក្នុង១ឆ្នាំ

ទីផ្សារផ្តល់សេវាកម្មពាក់ព័ន្ធនឹងសត្វចិញ្ចឹមនៅលើពិភពលោកជាពិសេសនៅសហភាពអឺរ៉ុប ត្រូវបានគេអះអាងថា មានទំហំដ៏មហាសាលរហូតដល់៤០ពាន់លានដុល្លារអ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ