តបតាមការអញ្ជើញរបស់ព្រះករុណាព្រះមហាក្សត្រសម្តេចព្រះបរមនាថ នរោត្ត សីហមុនី និងសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា លោក តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម នឹងមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជានៅថ្ងៃសុក្រ ទី៦ ខែកុម្ភៈ នេះ។ ជាផ្នែកមួយនៃដំណើរទស្សនកិច្ចនេះ លោក តូ ឡឹម នឹងធ្វើជាសហប្រធាន នៃកិច្ចប្រជុំកម្រិតខ្ពស់រវាងសមាជិកការិយាល័យនយោបាយ នៃគណៈកម្មាធិការកណ្តាលបក្សកុម្មុយនីស្តវៀតណាម និងសមាជិកគណអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលបក្សប្រជាជនកម្ពុជា ហើយនឹងធ្វើជាសហប្រធាននៃកិច្ចប្រជុំដាច់ដោយឡែកមួយ នៃមេដឹកនាំកំពូលគណបក្សកាន់អំណាចវៀតណាម កម្ពុជា និងឡាវផងដែរ។
មុនធ្វើដំណើរមកកាន់រាជធានីភ្នំពេញ លោក តូ ឡឹម នឹងឈប់សុំចតនៅឡាវ ហើយចេញដំណើរបន្តមករាជធានីភ្នំពេញ។ ដំណើរទស្សនកិច្ចនៅប្រទេសឡាវ និងកម្ពុជា បានក្លាយជាដំណើរទស្សនៈកិច្ចដំបូងគេរបស់លោក តូ ឡឹម បន្ទាប់ពីលោកទទួលបានការតែងតាំងជាអគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាមជាថ្មី។ តាមការរំពឹងទុកលោក តូ ឡឹម នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិ និងសន្តិសុខ ព្រមទាំងសេដ្ឋកិច្ចជាមួយកម្ពុជា និងឡាវបន្តទៀត។
គួរបញ្ជាក់ថា កាលពីឆ្នាំ២០២៥ ការដោះដូរពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងវៀតណាមសម្រេចបានជាង១១,៣ពាន់លានដុល្លារ ជាមួយក្តីរំពឹងនឹងកើនដល់២០ពាន់លានដុល្លារនាពេលខាងមុខ ស្របពេលដែលវៀតណាមមានគម្រោងវិនិយោគនៅកម្ពុជាសរុបចំនួន២២៩គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណជាង២,៩ពាន់លានដុល្លារ៕
ដោយៈ សរ សុជាតិ