តម្លៃជ្រូករស់នៅក្នុងប្រទេសវៀតណាម ធ្លាក់ចុះពាក់កណ្ដាលគិតចាប់តាំងពីចុងឆ្នាំ២០១៦មក ដោយធ្លាក់ដល់ប្រហែល ១ដុល្លារក្នុងមួយគីឡូក្រាម។
ការធ្លាក់ថ្លៃជ្រូករស់នេះ គឺដោយសារប្រទេសចិន ដែលជាប្រទេសបរិភោគសាច់ជ្រូកដ៏ធំជាងគេបំផុតនៅលើពិភពលោក ថ្មីៗចុងក្រោយនេះ បានបញ្ឈប់ការនាំចូលជ្រូករស់ពីវៀតណាម។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន VN Express។
ពាក់កណ្ដាលឆ្នាំទៅមិញ ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មរបស់វៀតណាម បានព្រមានពលរដ្ឋរបស់ខ្លួនកុំឲ្យបង្កើនការនាំចេញជ្រូករស់ទៅចិនដោយខុសច្បាប់ តាមច្រករបៀង។
ប៉ុន្តែ ពលរដ្ឋវៀតណាមមិនស្ដាប់ ហើយពង្រីកការចិញ្ចឹមនាំចេញទៅចិន រហូតដល់ចិនបិទការនាំចូលជ្រូករស់ពីវៀតណាមនាពេលថ្មីៗនេះ ទើបនាំឲ្យមានបញ្ហាការផ្គត់ផ្គង់លើសតម្រូវការនៅក្នុងស្រុក។
ក្នុងឆ្នាំ២០១៧នេះ វៀតណាមប៉ាន់ស្មានថា នឹងមានសាច់ជ្រូកលើសតម្រូវការ ២សែនតោន ហើយបច្ចុប្បន្ន កំពុងស្នើឲ្យក្រសួងកសិកម្មជួយពង្រីកការនាំចេញជ្រូករស់ និងសាច់ជ្រូក ទៅប្រទេសចិន ហ្វ៊ីលីពិន និងសិង្ហបុរី។
ឆ្នាំ២០១៦ វៀតណាមនាំចូលសាច់ជ្រូក ៣ម៉ឺន ៩ពាន់តោន ក្នុងឆ្នាំ២០១៦។
ដើម្បីជួយសង្គ្រោះកសិករចិញ្ចឹមជ្រូកក្នុងស្រុក ក្រសួងពាណិជ្ជកម្មវៀតណាមនឹងរឹតបន្តឹងការនាំចូលជ្រូករស់និងសាច់ជ្រូក និងអំពាវនាវឲ្យពលរដ្ឋទទួលទានសាច់ជ្រូកក្នុងស្រុក ជាជាងសាច់ជ្រូកនាំចូល។
ម្យ៉ាងទៀត រដ្ឋាភិបាលក៏បានស្នើឲ្យធនាគារកណ្ដាលពន្យារពេលការសងបំណុលសម្រាប់កសិករ និងក្រុមហ៊ុននានា ដែលពាក់ព័ន្ធនឹងពាណិជ្ជកម្មជ្រូក៕