ការលើកឡើងបែបនេះធ្វើឡើងក្នុងអំឡុងពេលឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ចូលរួមធ្វើជាអធិបតីភាពក្នុងសិក្ខាសាលាស្តីពីការប្រឆាំងព័ត៌មានក្លែងក្លាយក្នុងយុគសម័យបញ្ញាសិប្បនិម្មិត និងសន្តិសុខសាយប័រនៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ នៅទីស្តីការគណៈរដ្ឋមន្ត្រី ដោយមានការចូលរួមពីថ្នាក់ដឹកនាំជាអ្នកនាំពាក្យ ក្រុមការងារ និងមន្ត្រីទទួលបន្ទុកព័ត៌មាន និងសាធារណមតិមកពីគ្រប់បណ្តាក្រសួង-ស្ថាប័ន និងរាជធានី-ខេត្ត សរុបប្រមាណជាង ៣៥០ រូប។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានចាត់ទុកព័ត៌មានក្លែងក្លាយមិនមែនជាបញ្ហាដាច់ដោយឡែករបស់កម្ពុជានោះទេ តែវាគឺជាបញ្ហាប្រឈមមួយដ៏ធំ និងជាការគំរាមកំហែងដល់សន្តិសុខ ស្ថិរភាព, សណ្តាប់ធ្នាប់ និងការអភិវឌ្ឍន៍របស់ពិភពលោកទាំងមូល ក៏ដូចជានៅតាមប្រទេសនានា។ ក្នុងផ្នែកសន្តិសុខ ព័ត៌មានក្លែងក្លាយបាននិងកំពុងគំរាមកំហែងដល់គ្រប់ទិដ្ឋភាពទាំងអស់របស់សន្តិសុខសង្គម និងមនុស្ស មានជាអាទិ៍៖ សន្តិសុខនយោបាយ, សន្តិសុខសេដ្ឋកិច្ច, សន្តិសុខគតិយុត្តនិងយុត្តិធម៌ និងសន្តិសុខបុគ្គល។ ការណ៍នេះទាមទារឱ្យគ្រប់ក្រសួងស្ថាប័ន និងប្រជាពលរដ្ឋទូទៅត្រូវមានស្មារតីប្រកបដោយបុរេសកម្ម, មានការយល់ដឹងពីបច្ចេកវិទ្យា, យល់ដឹងពីផលប្រយោជន៍ គ្រោះថ្នាក់ និងហានិភ័យនៃបច្ចេកវិទ្យា ក៏ដូចជាបច្ច័យរបស់វាទៅលើសន្តិសុខ និងការអភិវឌ្ឍរបស់ប្រទេស ហើយត្រូវឆ្លើយតបឱ្យបានលឿនបំផុត ដើម្បីបន្សាបឥទ្ធិពលនៃបច្ចេកវិទ្យា ឬ ព័ត៌មានក្លែងក្លាយឱ្យបានទាន់ពេលវេលា។ ក្នុងន័យនេះ ការប្រឆាំងព័ត៌មានក្លែងក្លាយក្នុងយុគសម័យបញ្ញាសប្បនិម្មិត (AI) និងសន្តិសុខសាយប័រគឺជាកិច្ចការដ៏សំខាន់មួយ ហើយរាជរដ្ឋាភិបាលបាននិងកំពុងយកចិត្តទុកដាក់ខ្ពស់លើកិច្ចការនេះ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានលើកទឹកចិត្តដល់ក្រុមការងារ និងមន្ត្រីទទួលបន្ទុកព័ត៌មាន និងសាធារណមតិមកពីគ្រប់បណ្តាក្រសួង ស្ថាប័ន រាជធានី ខេត្ត ត្រូវពង្រឹងកិច្ចសហការគ្នាដោយប្រទាក់ក្រឡា ទាំងថ្នាក់ជាតិ និងក្រោមជាតិ ក្នុងការបំពេញភារកិច្ចដោយស្មារតីបុរេសកម្ម ហើយត្រូវតាមដាន គ្រប់គ្រងព័ត៌មានឱ្យបានលឿន និងចូលរួមទប់ស្កាត់ បង្កា និងបំផ្លាញចោលនូវព័ត៌មានក្លែងក្លាយទាំងនោះឱ្យបានទាន់ពេលវេលា និងត្រូវចាត់ទុកថា នេះគឺជាបេសកកម្មអាទិភាពឆ្លើយតបទៅនឹងការគំរាមកំហែង ដែលបង្កឡើងដោយព័ត៌មានក្លែងក្លាយ ជាពិសេស តាមរយៈការប្រើបច្ចេកវិទ្យា AI ក្នុងផ្លូវអាក្រក់។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការបានបន្តថា សម័យនេះជាសម័យបច្ចេកវិទ្យាព័ត៌មាន និង ទិន្នន័យ(Data) ប៉ុន្តែព័ត៌មាន និងទិន្នន័យទាំងនោះ មានទាំងពិត និងមិនពិត មានទាំងល្អ មានទាំងមិនល្អ ហើយប្រសិនបើអ្នកណាអាចគ្រប់គ្រងបញ្ហានេះបាន អ្នកនោះនឹងអាចក្លាយជាអ្នកឈ្នះ ទាំងកម្រិតប្រទេស ស្ថាប័ន ក្រុមហ៊ុន ឬ បុគ្គល។ ក្នុងន័យនេះ ការទទួលបានព័ត៌មាន និងទិន្នន័យជារឿងសំខាន់មួយ ហើយតែអ្វីរឹតតែសំខាន់ជាងនេះទៅទៀតនោះ គឺការគ្រប់គ្រង និងប្រើប្រាស់ព័ត៌មាន និងទិន្នន័យទាំងនោះឱ្យក្លាយជាប្រយោជន៍ដល់ការអភិវឌ្ឍរីកចម្រើននៃសង្គមជាតិ និងភាពសុខសាន្តរបស់ប្រជាពលរដ្ឋ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការក៏មានប្រសាសន៍លើកឡើងផងដែរថា ប្រព័ន្ធបច្ចេកវិទ្យាគ្មានបេះដូងទេ តែមានប្រយោជន៍ និងជាកាតាលីករជួយបង្កើនប្រសិទ្ធភាព និងតម្លៃបន្ថែមក្នុងសេដ្ឋកិច្ច, បង្កើនផលិតភាពការងារ និងជួយជំរុញកំណើនសេដ្ឋកិច្ច ដែលជាអ្វីដែលប្រទេសនីមួយៗចង់បាន ព្រោះកំណើនសេដ្ឋកិច្ចជាដង្ហើម ដែលប្រទេសនីមួយៗមិនអាចខ្វះបាន សម្រាប់បម្រើឱ្យការអភិវឌ្ឍ និងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ។ តែប្រព័ន្ធបច្ចេកវិទ្យានេះ ក៏អាចជះឥទ្ធិពលអវិជ្ជមានមកលើទិដ្ឋភាពសង្គម, សេដ្ឋកិច្ច នយោបាយ និងសន្តិសុខផងដែរ ប្រសិនបើប្រើប្រាស់មិនបានត្រឹមត្រូវ និងគ្រប់គ្រងវាឱ្យបានល្អ។ ក្នុងន័យនេះ យើងត្រូវបន្តកសាងសមត្ថភាពជំនាញ និងអភិវឌ្ឍការយល់ដឹងពីបច្ចេកវិទ្យាឱ្យបានស៊ីជំរៅ និងត្រូវប្រកាន់យកនូវទស្សនាទាន «គ្រប់គ្រងបច្ចេកវិទ្យាដើម្បីបម្រើឱ្យមនុស្ស កុំឱ្យប្រឆាំងមនុស្ស» និងប្រើប្រាស់បច្ចេកវិទ្យា ដើម្បីការជួយលើកស្ទួយជីវភាពមនុស្ស, ជួយបង្កើនផលិតភាពការងារ និងកំណើនសេដ្ឋកិច្ចជាតិ។ ដូចនេះ ការគ្រប់គ្រងប្រព័ន្ធបច្ចេកវិទ្យាឌីជីថលឱ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាព គឺជារឿងចាំបាច់បំផុតក្នុងយុគសម័យឌីជីថល និងបរិវត្តឧស្សាហកម្មបច្ចេកវិទ្យា ៤.០ ព្រោះថា បច្ចេកវិទ្យាឌីជីថល ពិសេសបញ្ញាសិប្បនិម្មិត AI បានវិវត្តយ៉ាងលឿនរហ័ស ហើយប្រទេសនីមួយៗមិនអាចវាយតម្លៃបានទេថា នៅក្នុងរយៈពេល៥ឆ្នាំខាងមុខ នឹងមានអ្វីកើតឡើងនោះ។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានលើកឡើងថា រាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភាបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដើម្បីកំណើន ការងារសមធម៌ ប្រសិទ្ធភាព និងចីរភាព ដោយផ្អែកលើអាទិភាព ៥យ៉ាង គឺមនុស្ស ទឹក ភ្លើង ផ្លូវ និងបច្ចេកវិទ្យា។ ក្នុងចំណោមបញ្ចកោណទាំងនេះ គឺមានបញ្ចកោណទី៥ ដែលនិយាយផ្តោតលើបច្ចេកវិទ្យាទាំងមូលតែម្តង ដែលឆ្លុះបញ្ចាំងទៅក្នុងយុទ្ធសាស្ត្របញ្ចកោណផង និងក្នុងក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជាឆ្នាំ២០២១-២០៣៥ ផង ដែលផ្តោតទៅលើការគ្រប់គ្រងនិងប្រើប្រាស់បច្ចេកវិទ្យាសម្រាប់បម្រើឱ្យការអភិវឌ្ឍ និងរុញកម្ពុជាឱ្យឈានទៅដល់ចក្ខុវិស័យ ២០៥០ ជាប្រទេសដែលមានចំណូលខ្ពស់។
ឯកឧត្តម វង្សី វិស្សុត បានក្រើនរំលឹកដល់ដល់ក្រុមការងារ និងមន្រ្តីទទួលបន្ទុកព័ត៌មាន និងសាធារណមតិទាំងអស់ ត្រូវរួមសហការគ្នាអនុវត្តភារកិច្ច និងទទួលយកការសម្របសម្រួលពីក្បាលម៉ាស៊ីនថ្នាក់ដឹកនាំនៃគណៈកម្មាធិការជាតិទទួលបន្ទុកព័ត៌មាន និងសាធារណមតិ បន្តទៅថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងលើកទឹកចិត្តឱ្យមានការជជែកពិភាក្សាគ្នាឱ្យបានច្រើនទាំងក្នុងកម្រិតនយោបាយ, បច្ចេកទេស និងជំនាញ ដោយបង្កើនការទទួលខុសត្រូវខ្ពស់ក្នុងការគ្រប់គ្រងព័ត៌មាន និងទិន្នន័យ ទាំងពិត និងក្លែងក្លាយ ហើយត្រូវបន្សាបព័ត៌មានក្លែងក្លាយឱ្យបានលឿន រហ័ស និងទាន់ពេលវេលា និងសាបព្រោះទៅវិញនូវព័ត៌មានពិត ព័ត៌មានវិជ្ជមាន ដែលមានប្រយោជន៍ដល់សង្គមជាតិ និងធានាឱ្យបានដាច់ខាតនូវសន្តិសុខនយោបាយ សន្តិសុខសេដ្ឋកិច្ច សន្តិសុខបុគ្គល និងគ្រួសារ ក៏ដូចជាសន្តិសុខសង្គមទាំងមូលរបស់ប្រទេសជាតិយើង៕