យោងតាមអនុក្រឹត្យដែលចុះហត្ថលេខាដោយសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រាក់បំណាច់សម្រាប់ប្រធានតុលាការកំពូល និងអគ្គព្រះរាជអាជ្ញា នឹងឡើងដល់ ១០លានរៀល ឬប្រហាក់ប្រហែលនឹង ២៥០០ដុល្លារអាមេរិក។
អនុក្រឹត្យដដែលបានបង្ហាញផងដែរថា អនុប្រធានតុលាការកំពូល ប្រធានសភានៃតុលាការកំពូល អគ្គព្រះរាជអាជ្ញារងតុលាការកំពូល ប្រធានសាលាឧទ្ធរណ៍ នឹងទទួលបាន ៤លាន ៨សែនរៀល ឬប្រហាក់ប្រហែលនឹង ១២០០ ដុល្លារអាមេរិក។
សម្រាប់ចៅក្រមតុលាការកំពូល ព្រះរាជអាជ្ញាតុលាការកំពូល អនុប្រធានសលាឧទ្ធរណ៍ ប្រធានសភាសាលាឧទ្ធរណ៍ និងអគ្គព្រះរាជអាជ្ញារងសាលាឧទ្ធរណ៍ ប្រាក់បំណាច់នឹងទទួលបានចំនួន ៤លាន ៣សែនរៀល ឬប្រហាក់ប្រហែលនឹង ១ពាន់ដុល្លារ។
សម្រាប់ចៅក្រមសាលាឧទ្ធរណ៍ ប្រធានសាលាដំបូង ព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ ព្រះរាជអាជ្ញាអមសាលាដំបូង និងព្រះរាជអាជ្ញាបម្រើការងារនៅក្រសួងយុត្តិធម៌ នឹងទទួលបានប្រាក់បំណាច់ ៣លាន ៨សែនរៀល ឬប្រហាក់ប្រហែលនឹង ៩៥០ដុល្លារអាមេរិក។
អនុប្រធានសាលាដំបូង ប្រធានតុលាការជំនាញនៃសាលាដំបូង និងព្រះរាជអាជ្ញាអមសាលាដំបូង នឹងទទួលបានប្រាក់បំណាច់ ៣លាន ៥សែនរៀល ឬប្រហាក់ប្រហែលនឹង ៨៧៥ដុល្លារអាមេរិក ចំណែកឯចៅក្រមសាលាដំបូង ប្រាក់បំណាច់នឹងទទួលបាន ៣លាន ៣សែនរៀល ឬស្មើនឹង ៨២៥ដុល្លារអាមេរិក។
អនុក្រឹត្យដដែលនេះ មិនបានបង្ហាញថា ចៅក្រម ព្រះរាជអាជ្ញាទទួលបានប្រាក់បំណាច់ប៉ុន្មាននោះទេ កាលពីមុន។
មន្ត្រីជាន់ខ្ពស់ផ្នែកស៊ើបអង្កេតនៃសមាគមអាដហុក (ADHOC) លោក ស៊ឹង សែនករុណា នៅថ្ងៃអង្គារនេះ បានកត់សម្គាល់ថា ទោះបីជារដ្ឋាភិបាលធ្លាប់បានដំឡើងប្រាក់ខែដល់មន្រ្តីតុលាការទាំងអស់លើកមុនៗ ជាផ្នែកនៃកំណែទម្រង់ជាទូទៅក៏ដោយ វាហាក់ដូចជាមិនមានអ្វីប្រែប្រួលទេ នៅក្នុងប្រព័ន្ធតុលាការ។
ក៏ប៉ុន្តែ លោក ស៊ឹង សែនករុណា យល់ថា ការដំឡើងលើកនេះជាការល្អសម្រាប់មន្រ្តីតុលាការ ពីព្រោះគេយល់ថា ដោយសារអតិផរណាមានការកើនឡើង ក៏ប៉ុន្តែការដំឡើងនេះមិនមែនធ្វើឲ្យកំណែទម្រង់ច្បាប់នៅកម្ពុជា មានភាពល្អប្រសើរនោះទេ។
លោក ស៊ឹង សែនករុណា បាននិយាយបន្តថា ចំណុចគួរគិតគូរដើម្បីធ្វើការកែទម្រង់ គឺគួរតែមានគោលការណ៍វាយតម្លៃច្បាស់លាស់ទៅលើសមត្ថភាពនិងតួនាទីរបស់អ្នកទាំងអស់ហ្នឹង ដូចជាបំពេញការងារបានល្អ ជាជាងធ្វើការដំឡើងប្រាក់ជាទូទៅបែបនេះ ដែលអាចធ្វើឲ្យមានភាពថ្នាំងថ្នាក់ផងដែរ។
លោក ស៊ឹង សែនករុណា បាននិយាយដូច្នេះថា ៖ «អ្នកខ្លះក៏អាចមើលឃើញថា មិនបានប្រឹងប្រែងអីផង ឲ្យតែមានតួនាទីហ្នឹង ឋានៈហ្នឹង ទទួលបានដូចគ្នាអ៊ីចឹង។»
លោក ស៊ឹង សែនករុណា បានបន្តថា ៖ «គួរតែមានសុក្រឹតភាពបែបនេះ មានន័យថា វាយតម្លៃដោយមានគោលនយោបាយច្បាស់លាស់ ដោយវាស់វែងទៅលើសកម្មភាពរបស់អ្នកទាំងអស់ហ្នឹង តាំងពីដើមឆ្នាំមកថា មកដាច់ឆ្នាំថា គាត់បានធ្វើអ្វីខ្លះ តើកិច្ចការងារហ្នឹងបានហុចលទ្ធផលអ្វីខ្លះដល់សង្គមជាតិយើងហ្នឹង»៕