បើតាមមន្ត្រីជាន់ខ្ពស់រដ្ឋាករទឹកបានវាយតម្លៃថា នឹងអាចដោះស្រាយបានទាំងស្រុងនៅត្រឹមឆ្នាំ២០២៣ ខណៈបច្ចុប្បន្នរាជរដ្ឋាភិបាលកំពុងសាងសង់អាងប្រព្រឹត្តកម្មទឹកស្អាតបន្ថែម។ ចំនួនអ្នកប្រើប្រាស់ទឹកស្អាតទូទាំងប្រទេសនៅឆ្នាំ២០២១ មានការកើនឡើងជាង ១០% បើធៀបនឹងឆ្នាំ២០២០។
ឯកឧត្តម ឡុង ណារ៉ូ អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានបញ្ជាក់ប្រាប់ខេមបូណូមីសថា ការខ្វះទឹកប្រើប្រាស់នៅតាមតំបន់មួយចំនួនក្នុងរាជធានីភ្នំពេញ គឺដោយសារតម្រូវទឹកប្រើប្រាស់របស់ប្រជាពលរដ្ឋមានទំហំធំជាងផលិតកម្មផ្គត់ផ្គង់ដែលកំពុងមាននាពេលបច្ចុប្បន្ន។ ឯកឧត្តម បានអះអាងថា បច្ចុប្បន្នប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ មានតម្រូវការទឹកប្រើប្រាស់ប្រចាំថ្ងៃប្រមាណ៧០ម៉ឺនម៉ែត្រគូប ខណៈការផ្គត់ផ្គង់មានប្រមាណ ៦០ម៉ឺនម៉ែត្រគូបតែប៉ុណ្ណោះ។
ការកើនឡើងតម្រូវទឹកប្រើប្រាស់នៅរាជធានីភ្នំពេញនេះ ត្រូវបានឯកឧត្តម ឡុង ណារ៉ូ គូសបញ្ជាក់ថា គឺដោយសារចំនួនប្រជាជនរស់នៅរាជធានីភ្នំពេញមានការកើនឡើង គួបផ្សំអគារពាណិជ្ជកម្ម ផ្សារទំនើប និងអគារខុនដូខ្ពស់ៗនៅរាជធានីភ្នំពេញមានការរីកចម្រើនខ្លាំង។ ការរៀបចំផែនការមេនៃការវាយតម្លៃកំណើនប្រជាជនខុស និងការពង្រីកទំហំក្រុងភ្នំពេញ ក៏ជាមូលហេតុមួយផងដែរ។អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ អះអាងថា បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា កំពុងខិតខំរៀបចំហេដ្ឋារចនាសម្ព័ន្ធ ដើម្បីដោះស្រាយលើបញ្ហាកង្វះខាតទឹកស្អាតសម្រាប់ប្រើប្រាស់នេះ។ ឯកឧត្តមជឿជាក់ថា បញ្ហាខ្វះទឹកប្រើប្រាស់នៅតំបន់មួយចំនួនក្នុងរាជធានីភ្នំពេញ នឹងត្រូវបានដោះស្រាយទាំងស្រុងនៅអំឡុងខែមិថុនា ឆ្នាំ២០២៣ ខាងមុនេះ។ ពោលគឺក្រោយអាងប្រព្រឹត្តកម្មទឹកស្អាតបាក់ខែក្នុងខេត្តកណ្តាលបញ្ចប់ការសាងសង់ជាស្ថាពរ។
ឯកឧត្តមទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧហ្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍បានកត់សម្គាល់ឃើញថា ការផ្គត់ផ្គង់ទឹកស្អាតទូទាំងប្រទេសបានកើនឡើងគួរឱ្យកត់សម្គាល់ ដោយគិតត្រឹមឆ្នាំ២០២១ គ្រួសារដែលទទួលបានទឹកស្អាតប្រើប្រាស់មានជាង១លានគ្រួសារ កើនឡើងជិត១២%បើធៀបនឹងឆ្នាំ២០២០ ដែលមានប្រមាណតែ៩៧ម៉ឺនគ្រួសារ។ កំណើននេះធ្វើការឲ្យការផ្គត់ផ្គង់ទឹកស្អាតកើនឡើងដល់ជាង៣៨៣លានម៉ែត្រគូបកើនឡើងជាង៥លានម៉ែត្រគូបបើធៀបឆ្នាំ២០២០។
គួរបញ្ជាក់ថា កម្ពុជាបានដាក់គោលដៅពង្រីកវិសាលភាពនៃការផ្គត់ផ្គង់ទឹកស្អាតនៅទីក្រុង និងទីប្រជុំជនឱ្យបាន៩០% ត្រឹមឆ្នាំ២០២៣ និង១០០% ត្រឹមឆ្នាំ២០២៥ សម្រាប់បម្រើតម្រូវការចាំបាច់របស់ប្រជាជន ក៏ដូចជាសម្រាប់ផលិតកម្ម និងសេវាកម្មនានា តាមរយៈការអភិវឌ្ឍពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត ទាំងផ្នែកសាធារណៈ និងផ្នែកឯកជន ដោយឈរលើលក្ខខណ្ឌបួនយ៉ាងគឺ “ទឹកត្រូវមានគុណភាព សុវត្ថិភាព និរន្តរភាព និងថ្លៃសមរម្យ»៕