នៅក្នុងសេចក្ដីថ្លែងការណ៍របស់ធនាគារពិភពលោកនាពេលថ្មីៗនេះ បានឲ្យដឹងថា ភាពក្រីក្រធ្ងន់ធ្ងរនៅទូទាំងសកលលោក ត្រូវបានរំពឹងថា នឹងកើនឡើងនៅក្នុងឆ្នាំ២០២០ ដោយសារតែបញ្ហាមេរោគកូវីដ-១៩។ មេរោគរាតត្បាតកូវីដ-១៩ ត្រូវបានប៉ាន់ប្រមាណថា នឹងជំរុញចំនួនប្រជាជនបន្ថែម ៨៨ ទៅ ១១៥ លាននាក់ ធ្លាក់ចូលទៅក្នុងភាពក្រីក្រធ្ងន់ធ្ងរនៅឆ្នាំ២០២០នេះ ហើយវានឹងកើនឡើងសរុបរហូតដល់ ១៥០លាននាក់នៅឆ្នាំ២០២១។
បើតាមធនាគារពិភពលោក ប្រជាជនដែលចាត់ទុកថា ស្ថិតក្នុងស្ថានភាពក្រីក្រធ្ងន់ធ្ងរនោះ គឺជាអ្នកដែលរកចំណូលបានតិចជាង ១ដុល្លារ៩០សេន ក្នុងមួយថ្ងៃ ដែលមានចន្លោះពី ៩,១% ទៅ ៩,៤% នៃចំនួនប្រជាជនសរុបនៅទូទាំងពិភពលោក ឆ្នាំ២០២០។
ធនាគារពិភពលោកបានបញ្ជាក់ទៀតថា បើគ្មានមេរោគកូវីដ-១៩ រីករាលដាលជាសកលទេ នោះអត្រាភាពក្រីក្រទូទាំងពិភពលោកត្រូវបានរំពឹងថា នឹងធ្លាក់ចុះមកនៅ ៧,៩% នៅឆ្នាំ២០២០នេះ។
លោក David Malpass ប្រធានក្រុមធនាគារពិភពលោកបាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍ថា ការផ្ទុះរាលដាលនៃមេរោគ និងវិបត្តិសេដ្ឋកិច្ចសកល អាចធ្វើឲ្យមាន ១,៤% នៃចំនួនប្រជាជនសរុប នឹងធ្លាក់ចុះទៅក្នុងស្ថានភាពក្រីក្រធ្ងន់ធ្ងរ។ លោកបន្ថែមថា ដើម្បីធ្វើឲ្យមានដំណើរការអភិវឌ្ឍ និងការកាត់បន្ថយភាពក្រីក្រ ប្រទេសទាំងអស់ នឹងត្រូវការរៀបចំសម្រាប់សេដ្ឋកិច្ចខុសពីមុន នៅក្រោយពេលវិបត្តិកូវីដ ដោយអនុញ្ញាតឲ្យមានមូលធន កម្លាំងពលកម្ម ជំនាញ និងនវានវត្តន៍ ដើម្បីផ្លាស់ប្តូរទៅរកការធ្វើពាណិជ្ជកម្ម និងវិស័យថ្មីៗ។
ធនាគារពិភពលោកបានឲ្យដឹងថាទៀតថា មិនមែនមានតែប្រទេសដែលមានអត្រាភាពក្រីក្រខ្ពស់រួចហើយ ដែលនឹងត្រូវជួបបញ្ហាកើនឡើងភាពក្រីក្រដោយសារតែបញ្ហាកូវីដ-១៩នេះទេ សូម្បីតែនៅបណ្ដាប្រទេសដែលមានចំណូលមធ្យម ក៏ប្រឈមនឹងការធ្លាក់ចូលក្នុងភាពក្រីក្រនេះដូចគ្នាដែរ៕