ព្យាករសេដ្ឋកិច្ច​កម្ពុជា

ធនាគារពិភពលោកព្យាករថា កម្ពុជានឹងមានសេដ្ឋកិច្ច -២% ខណៈដែលភាពក្រីក្រអាចនឹងកើនឡើង


បន្ទាប់ពីធនាគារអភិវឌ្ឍន៍អាស៊ីបានចេញ របាយការណ៍ព្យាករពីកំណើនសេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២០នេះ ថានឹង -៤% រួចមក ថ្មីៗនេះ ធនាគារពិភពលោក ក៏បានចេញរបាយការណ៍ព្យាករពីសេដ្ឋកិច្ចកម្ពុជាដែរ ដោយបានអះអាងថា នៅឆ្នាំ២០២០នេះ សេដ្ឋកិច្ចកម្ពុជានឹងមាន -២%។ ធនាគារពិភពលោក បានបន្ថែមថា វាគឺជាការធ្លាក់ចុះខ្លាំងបំផុតមួយក្នុងប្រវត្តិសាស្ត្រថ្មីនេះរបស់កម្ពុជា ជាហេតុធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរទៅលើសុខុមាលភាពគ្រួសារ និងអាចធ្វើឱ្យភាពក្រីក្រកើនឡើងទៀតផង។
កម្ពុជានិងប្រទេស៣ផ្សេងទៀតនៅអាស៊ាន មានកំណើនសេដ្ឋកិច្ចដាំក្បាលចុះ «ដកក្រោមសូន្យ» (រូបភាព៖ ហេង ភារម្យ)
ដោយ

បើតាម​ការអះអាងរបស់​ធនាគារពិភពលោកបាន​ឲ្យដឹងថា សេដ្ឋកិច្ច និងក្បាលម៉ាស៊ីន​ជំរុញ​កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា ពិសេស​វិស័យសំណង់ ទេសចរណ៍ និងការ​នាំចេញទំនិញ គឺនៅតែ​បន្ដ​រងការប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ពីវិបត្តិ​ ដែលបង្កឡើង​ដោយ​ជំងឺ​កូវីដ-១៩។ ផ្អែកលើ​ការធ្លាក់ចុះ​នៃក្បាល​ម៉ាស៊ីជំរុញ​កំណើន​សេដ្ឋកិច្ច​ទាំងនេះ រួមជាមួយកត្តា​រួមផ្សំ​ផ្សេងទៀត ធនាគារ​ពិភពលោក បាន​ព្យាករទុកថា សេដ្ឋកិច្ច​កម្ពុជា​សម្រាប់​ឆ្នាំ២០២០ នឹង​មាន​-២% ដោយធនាគារ​នេះ បាន​ចាត់ទុកថា វាគឺជាការធ្លាក់ចុះ​យ៉ាង​គំហុក​បំផុត​មិនធ្លាប់មាន​ក្នុងប្រវត្តិសាស្ត្រ​ថ្មីៗនេះ របស់​កម្ពុជា ហើយវា​ក៏អាចនឹង​ធ្វើ​ឲ្យ​ភាពក្រី​ក្រកើនឡើង​ខ្ពស់ជាងមុនផងដែរ។

លោក ច័ន្ទ សុផល ជា​អ្នក​សេដ្ឋកិច្ច​ឯក​រាជ្យ និង​ជានាយក​មជ្ឈមណ្ឌល​សិក្សា​គោល​នយោបាយ បានលើកឡើងដែរថា ដោយសារតែ​កូវីដ-១៩ បានធ្វើឲក្យ ​ការ​វិនិយោគ​​ពីសំណាក់ជនជាតិចិន មកកម្ពុជាដែលធ្លាប់មាន​យ៉ាងគំហុកនោះ បាន​ធ្លាក់ចុះ​ខ្លាំង​ ខណៈដែល​វិស័យទេសចរណ៍​ និងវិស័យកាត់ដេរ​ក៏បាននិងកំពុង​រង​ផលប៉ះពាល់​​យ៉ាងដំណំដែរ។ ផ្អែក តាមការ​តាមដាន និងអង្កេត​របស់​​លោកផ្ទាល់ សេដ្ឋកិច្ច​កម្ពុជា​​យ៉ាងហោចណាស់ ក៏អាចនឹង​ធ្លាក់ចុះដល់ -៥% ដែរនៅឆ្នាំនេះ។

លោក ច័ន្ទ សុផល បាន​បន្ថែមទៀតថា ចំពោះ​វិធានការសង្គ្រោះ​ចំនួន​​ ៥ជុំ​ដែលរាជរដ្ឋាភិបាលបាន​ដាក់ចេញ​នោះ គឺបានជួយ​សម្រាល​ផលប៉ះពាល់​បានខ្លះដែរ​ សម្រាប់​កម្មករនិយោជិត​ដែលបាត់បង់​ការងារ​ព្រោះកូវីដ-១៩ និងការបន្ធូរបន្ថយពន្ធ​សម្រាប់វិស័យឯកជន។ ទោះយ៉ាងណា អ្នកជំនាញ រូបនេះ បាន​គូសបញ្ជាក់ថា ផល​ប៉ះពាល់​នៃវិបត្តិកូវីដ-១៩ អាចនឹង​មាន​កាន់តែខ្លាំងឡើង​នៅចុងឆ្នាំនេះ និងបន្ដ​​រហូតដល់ឆ្នាំ២០២១។ 

របាយការណ៍​ធនាគារ​ពិភពលោក បាន​គូសបញ្ជាក់ដែរថា ក្នុងកាលៈទេសៈ​ទប់ទល់​នឹង​វិបត្តិ​ជាសកលនេះ រាជរដ្ឋាភិបាល​កម្ពុជា បានធ្វើ​​អន្តរា​គមន៍ផ្នែក​ហិរញ្ញ​វត្ថុ​ក្នុង​កម្រិតមួយ​ដែលមិនធ្លាប់មាន​ ក្នុង​ទំហំ​ ៥ភាគរយនៃ​ផលិតផល​​ក្នុងស្រុក​សរុប អមដោយគោលយោបាយ​ផ្នែក​រូបិយវត្ថុ​សម្រាប់​ជួយ​សម្រួល​ស្ថាន​ភាព ទៀត​ផង។ ហើយពេលនេះ​សំខាន់​ណាស់​ដែល​អាជ្ញាធរ​កម្ពុជា គប្បី​ត្រៀម​រៀបចំ​យុទ្ធ​សាស្ត្រ​មាន​ប្រសិទ្ធ​ភាព​មួយ​ សម្រាប់​ស្តារសេដ្ឋកិច្ច​ឱ្យរើប​ឡើង​វិញ​នៅ​ក្រោយ​វិបត្តិ​កូវីដ-១៩។

តាម​របាយការណ៍​របស់​ធនាគារពិភពលោក វិស័យសំណង់​ ទេសចរ និងផ្នែក​នាំចេញ​ទំនិញ គឺមានរួមចំណែក​ដល់ទៅ ៧០% ក្នុងកំណើន​សរុប​ និងមាន​៣៩% នៃការងារ​មាន​កម្រៃ​ទាំងស់​នៅឆ្នាំ២០១៩ ប៉ុន្ដែ នៅឆ្នាំ២០២០នេះ វិស័យ​ទាំងនេះ កំពុង​រងផលប៉ះពាល់​យ៉ាងដំណំ។ ក្នុងនោះ វិស័យ​ទេសចរណ៍ និង​វិស័យ​កមន្ដកម្ម​របស់​កម្ពុជា មានការធ្លាក់ចុះ​ខ្លាំង ខណៈដែល​វិស័យសំណង់​កំពុង​ស្ថិត​នៅក្នុង​សភាពទ្រឹង។ 

ការនាំចូលដែក និងស៊ីម៉ង់ត៍​ក្នុងអំឡុង ៦ខែដំបូង​នៃឆ្នាំ២០២០ បានធ្លាក់ចុះ ៤៥,១ភាគរយ និង៨,២ភាគរយ រៀងៗខ្លួន ប្រៀបធៀប​ទៅនឹងឆ្នាំមុន ដោយគម្រោង​សាងសង់​ធំៗ​មួយចំនួន​ត្រូវផ្អាក​សកម្មភាព។ ដូចគ្នានេះដែរ ការរាលដាល​ជំងឺទាញ​វិស័យ​នាំចេញ ធំៗ​របស់កម្ពុជា​ឱ្យធ្លាក់ចុះ។ វិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ច​របស់កម្ពុជា​បានដួលរលំ ដោយសារតែ​ការរឹតត្បិត​លើការធ្វើ​ដំណើរ​ និងវិធាន​ការរាំងខ្ទប់​ឱ្យ​នៅមួយ​កន្លែង។ ចំនួនភ្ញៀវ​មកដល់​បានធ្លាក់ចុះ​ប្រហែល ៦៤,៦ភាគរយ ក្នុង​អំឡុង​ពេល ៦ខែដំបូង​នៃឆ្នាំ២០២០។ ការធ្លាក់ចុះ​យ៉ាងគំហុក​នូវតម្រូវការ​លើសកល​លោក បានបណ្តាល​ឱ្យវិស័យ​កមន្តកម្ម​របស់​កម្ពុជា​ចុះខ្សោយ។ ការនាំចេញ​ផលិតផលកាត់ដេរ, សម្ភារធ្វើ​ដំណើរ, និងស្បែកជើង បានធ្លាក់ចុះ ៧,២ភាគរយក្នុង​អំឡុង​ពេល ៦ខែ​ដំបូង​នៃឆ្នាំ២០២០  ហើយ​ទន្ទឹមគ្នានោះ ការនាំ​ចូល​ក្រណាត់​សម្រាប់​យកមក​កាត់ដេរ បានធ្លាក់​ចុះ ៨៥,៤ភាគរយ។

យ៉ាងណាក្ដី ធនាគារពិភពលោក បានគូសបញ្ជាក់ថា សកម្មភាពសេដ្ឋកិច្ចផ្ទៃ​ក្នុងរបស់កម្ពុជាបាន​ចាប់ផ្តើម​កម្រើក​បណ្តើរៗឆ្ពោះទៅរកប្រក្រតីភាពឡើងវិញហើយ ក្រោយពីមានការ​សម្រាលលើវិធាន​ការរក្សាគម្លាតសុវត្ថិភាពសង្គម។ តម្រូវការក្នុងស្រុក រួមមានការធ្វើដំណើរ និងសកម្មភាព​ទេសចរណ៍​ក្នុងស្រុកផង កំពុងតែងើបឡើងវិញ៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


លីហួរ គ្រុប សហការជាមួយ មជ្ឈមណ្ឌល ស៊ីងហ្គាពួរ មេឌីខល សេ​នធ័រ ផ្តល់សេវាថែទាំសុខភាព ដល់បុគ្គលិកខ្លួនជាង២ពាន់នាក់

ព័ត៌មាន
លោកឧកញ៉ា សៀ ឫទ្ធី ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Worldbridge Group និងជាប្រធាននាយកប្រតិបត្តិនៃមណ្ឌលវេជ្ជសាស្ត្រ ស៊ីងហ្គាពួរ មេឌីខន សិ…

ត្រីមាសទី៣នេះ សេដ្ឋកិច្ចថៃ បង្ហាញពីសញ្ញាណងើបឡើងវិញ!

ព័ត៌មាន
ការិយាល័យគោលនយោបាយសារពើពន្ធថៃ បានចង្អុលបង្ហាញថា ការងើបឡើងវិញនៃ សេដ្ឋកិច្ចថៃ អំឡុងខែកក្កដា និងខែសីហា គឺមានភាពល្អប្រសើរឡើងវិញ ដោយផ្អែកទ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ