តាមរបាយការណ៍បានបង្ហាញទៀតថា ក្នុងចំណោមការងារសរុបជិត ៨លានការងារ នៅកម្ពុជា មានប្រមាណ៤៧% ជាបុគ្គលិកបម្រើការដើម្បីទទួលបានប្រាក់ខែក្នុងវិស័យរដ្ឋ និងឯកជន ក្រៅពីនេះ មាន៣៥% ធ្វើកសិកម្មបែបគ្រួសារ និងអ្នកប្រកបអាជីវកម្មមិនមែនកសិកម្មបែបគ្រួសារមានប្រមាណ១៨%។
យ៉ាងណាក៏ដោយចុះ ការខ្វះខាតក្រុមហ៊ុនខ្នាតមធ្យម នៅតែជាបញ្ហាចោទមួយ ដែលធ្វើការកំណើនការងារនៅកម្ពុជាមានការលូតលាស់យឺត។ ជាក់ស្ដែង នៅកម្ពុជា មានជាង៨០%ហើយ ជាអាជីវកម្មខ្នាតតូចៗ ដែលមានបុគ្គលិកបម្រើការតិចជាង១០នាក់ ខណៈដែលមានតិចជាង ១ភាគ៥ប៉ុណ្ណោះ គឺជាក្រុមហ៊ុនធំៗ មានបុគ្គលិកច្រើនជាង១០០នាក់ឡើងទៅ ដែលបានផ្ដល់ការងារចំនួនជាងពាក់កណ្ដាលនៃចំនួនការងារសរុបក្នុងវិស័យឯកជន។
លោក លី សូដេត ជាសេដ្ឋកិច្ចវិទូជាន់ខ្ពស់នៃធនាគារពិភពលោក បានលើកឡើងថា នៅកម្ពុជាអាជីវកម្មខ្នាតតូច មានចំនួនច្រើនណាស់ ខណៈដែលអាជីវកម្មខ្នាតធំមានប្រមាណ១០%ប៉ុណ្ណោះ។ ហេតុនេះហើយ រាជរដ្ឋាភិបាលចាំបាច់បំផុតត្រូវមានយន្ដការជួយជ្រោមជ្រែងអាជីវកម្មខ្នាតតូចថែមទៀត ដើម្បីវិវឌ្ឍសមត្ថភាព ក៏ដូចជាផលិតភាព កាន់តែធំឡើងថែមទៀត ឈានទៅរកអាជីវកម្មខ្នាមធ្យម និងធំ ដើម្បីក្លាយជាកម្លាំងចលករមួយស្រូបទាញកម្លាំងពលកម្មកាន់តែច្រើន។
ទោះយ៉ាងណាក៏ដោយ លោកថា បច្ចុប្បន្នម្ចាស់ក្រុមហ៊ុនសហគ្រាសជាច្រើនតែងលើកឡើងថា កង្វះកម្លាំងពលកម្មមានជំនាញនៅតែជាកត្តាប្រឈមមួយសម្រាប់ពួកគេក្នុងការពង្រីកផលិតផលភាពក្រុមហ៊ុន។ ប៉ុន្ដែ បើតាមរបាយការណ៍ពីធនាគារពិភពលោក នៅកម្ពុជា បុគ្គលិកដែលត្រូវបានបំពាក់បំប៉នជំនាញថ្មីៗបន្ថែមនៅពេលកំពុងបម្រើការងារ ហាក់នៅមានចំនួនតិចតួចនៅឡើយ បើធៀបនឹងប្រទេសវៀតណាម។ ដូច្នេះវាពិតជារឿងមួយលំបាកណាស់ដែរ ក្នុងការបង្កើនតម្លៃបន្ថែមនៅក្នុងកម្លាំងពលកម្ម ក៏ដូចជាផលិត។
បើតាម សេដ្ឋកិច្ចវិទូខាងលើនេះ មានម្ចាស់អាជីវកម្មភាគច្រើនមិនសូវជាចង់ផ្ដល់វគ្គបំពាក់បំប៉នជំនាញបន្ថែមសម្រាប់បុគ្គលិករបស់ខ្លួនច្រើនពេកនោះទេ ព្រោះពួកគេត្រូវចំណាយធនធានហិរញ្ញវត្ថុ និងពេលវេលា។ ហើយណាមួយ ពួកគេក៏ព្រួយបារម្ភពីការចាកចេញរបស់បុគ្គលិកទៅរកការងារនៅក្រុមហ៊ុនផ្សេងទៀត នៅពេលដែលបុគ្គលិកទាំងនោះមានសមត្ថភាព ដែលនេះហើយអ្វីដែលម្ចាស់អាជីវកម្មយល់ថា ជាការខាតបង់មួយសម្រាប់ពួកគេ។
ជាមួយគ្នានេះដែរ លោកស្រី អ៊ិនហ្គូណា ដូប្រាចា នាយិកាគ្រប់គ្រងធនាគារពិភពលោកប្រចាំកម្ពុជា បានលើកឡើងថា ដើម្បីរក្សាបានកំណើនសេដ្ឋកិច្ចរឹងមាំ កម្ពុជាចាំបាច់ត្រូវវិនិយោគថែមទៀតលើវិស័យអប់រំ និងការបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ លើសពីនេះ ត្រូវប្រឹងរកដំណោះស្រាយដល់ឧបសគ្គនានាដែលធុរកិច្ចធុនតូច និងមធ្យមកំពុងជួបប្រទះ។
យ៉ាងណាក៏ដោយចុះ បើតាមការព្យាកររបស់ធនាគារពិភពលោក កំណើនសេដ្ឋកិច្ចរបស់កម្ពុជានៅឆ្នាំ២០១៨ នឹងរក្សាបានកំណើន ៦,៩% ដែលជាកំណើនមួយល្អដដែល មិនមានការប្រែប្រួលខ្លាំងនោះឡើយ ធៀបនឹងឆ្នាំកន្លងទៅ៕