ក្រោយមើលឃើញបែបនេះ ប្រទេសលោកខាងលិច រួមមានក្រុមប្រទេសមានសេដ្ឋកិច្ចជឿនលឿនទាំង៧ ឬហៅកាត់G7 និងសហភាពអឺរ៉ុប បានចេញមកថ្កោលទោសការបោះឆ្នោតនេះ និងសំដែងការព្រួយបារម្ភពីលទ្ធិប្រជាធិបតេយ្យនៅហុងកុងផងដែរ។ ប៉ុន្ដែ រដ្ឋាភិបាលចិនវិញ បានទាត់ចោលរាល់ការថ្កោលទោសពីក្រុមប្រទេសលោកខាងលិចទាំងអស់នេះ។
រដ្ឋមន្ត្រីការបរទេសមកពីក្រុមប្រទេស G7 និងមន្ត្រីជាន់ខ្ពស់សហភាពអឺរ៉ុប លោក ចូ សិប បូរ៉េល (Josep Borrell) បានចេញសេចក្តីថ្លែងការណ៍រួមមួយ សម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការបោះឆ្នោតនៅហុងកុង ដែលលោកខាងលិចប្រដូចនឹង ការលុបបំបាត់ធាតុដើមនៃលទ្ធិប្រជាធិបតេយ្យ ចេញពីទីក្រុងហុងកុង។
សេចក្តីថ្លែងការណ៍រួម បានគូសបញ្ជាក់ចំៗថា៖ យើងសូមបញ្ជាក់ជាថ្មីម្តងទៀតសម្រាប់ការអំពាវនាវរបស់យើងចំពោះប្រទេសចិន ឱ្យធ្វើសកម្មភាពស្របតាម កតិកាសញ្ញារួមរវាងចិននិងចក្រភពអង់គ្លេស និងកាតព្វកិច្ចផ្លូវច្បាប់ផ្សេងទៀតដែលមានចែង ព្រមទាំងគោរពសិទ្ធិនិងសេរីភាពជាមូលដ្ឋាននៅហុងកុង ដូចមានចែងក្នុងច្បាប់ជាមូលដ្ឋាន»។
ក្រុមប្រទេសលោកខាងលិច ក៏អំពាវនាវផងដែរ ដល់អាជ្ញាធរចិន និងហុងកុង ឲ្យស្តារទំនុកចិត្តលើស្ថាប័ននយោបាយរបស់ហុងកុងឡើងវិញ និងបញ្ចប់ការគាបសង្កត់ ចំពោះអ្នកដែលព្យយាយាមលើកកម្ពស់ ប្រជាធិបតេយ្យ និងការការពារសិទ្ធិ សេរីភាព ជាពិសេសអ្នកនយោបាយវ័យក្មេង។
ប្រទេសលោកខាងលិច ថ្កោលទោសការបោះឆ្នោតសភានៅហុងកុងដូចនេះ ក៏ដោយសារតែ វា ជាការបោះឆ្នោតលើកទីមួយ ដោយគោរពទៅតាមប្រព័ន្ធបោះឆ្នោតថ្មី ដែលក្រុងប៉េកាំងបានដាក់កំហិត និងបានផ្លាស់ប្តូរប្រព័ន្ធបោះឆ្នោត ដែលអនុញ្ញាតឲ្យប៉េកាំង មានឥទ្ធិពលកាន់តែច្រើនមកលើប្រព័ន្ធដឹកនាំហុងកុង។ក្រោយមានការថ្កោលទោសពីប្រទេសលោកខាងលិច អ្នកនាំពាក្យក្រសួងការបរទេសចិន លោក ចៅ លីចៀន បានចេញមកប្រតិកម្មឆ្លើយតបខ្លាំងៗថា កាលពីពេលហុងកុងស្ថិតក្រោមអាណានិគមអង់គ្លេស គឺហុងកុងមិនមែនជាដែនដីប្រជាធិបតេយ្យទាល់តែសោះ ហើយប្រជាជន ក៏មិនធ្លាប់ទទួលបានប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងសេរីភាពពិតប្រាកដអ្វីឡើយ។
អ្នកនាំពាក្យរូបនេះបានច្រានចោលសេចក្តីថ្លែងការណ៍រួមពីក្រុមប្រទេសG7 ដោយចាត់ទុកជាចេតនាអាក្រក់ មិនទទួលខុសត្រូវ និងព្យាយាមជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ហុងកុង។
សូមជម្រាបថា ហុងកុងធ្លាប់ស្ថិតនៅក្រោមអាណានិគមអង់គ្លេសចាប់ពីឆ្នាំ១៨៤១ រហូតដល់ឆ្នាំ ១៩៩៧ ហើយនៅឆ្នាំដដែលជាឆ្នាំដែលអង់គ្លេស ប្រគល់ហុងកុងមកឲ្យចិនវិញ ដោយមានភ្ជាប់លក្ខខណ្ឌ ឲ្យហុងកុងមានអធិបតេយ្យគ្រប់គ្រងដោយខ្លួនឯងរហូតដល់ឆ្នាំ២០៤៧។ ប៉ុន្តែប៉េកាំងមិនអាចរង់ចាំដល់ឆ្នាំ២០៤៧នោះទេ ខណៈបច្ចុប្បន្នចិនព្យាយាមទាញហុងកុងមកស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លួនបណ្តើរៗហើយ៕