ក្រៅពីទីផ្សារនេះ កម្ពុជាសិក្សាក្នុងការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម ដើម្បីបើកទីផ្សារទៅកាន់តំបន់មជ្ឈិមបូព៌ាមួយបន្ថែមទៀតផងដែរ។
កម្ពុជារៀបចំផែនការក្នុងការធ្វើពិពិធកម្មទីផ្សារក្រៅស្រុក ដើម្បីពង្រីកវិសាលភាពពាណិជ្ជកម្មរបស់ខ្លួនឲ្យកាន់តែធំទូលាយបន្ថែមទៀត។ ក្រៅពីសហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងចិន ដែលជាទីផ្សារនាំចេញនាំចូល ដ៏ធំរបស់កម្ពុជានាពេលបច្ចុប្បន្ន កម្ពុជាក៏កំពុងសម្លឹងមើលទីផ្សារសក្តានុពលថ្មីៗ នៅតាមបណ្តាប្រទេសមួយចំនួន ដើម្បីពង្រីកការធ្វើពាណិជ្ជកម្មអន្តរជាតិរបស់ខ្លួនផងដែរ។ បើតាមការលើកឡើងរបស់ឯកឧត្តម ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម កម្ពុជាកំពុងសម្លឹងងាកទៅធ្វើពាណិជ្ជកម្មជាមួយប្រទេសដែលជាអតីតទឹកដីសហភាពសូវៀតមួយចំនួនរួមមានរុស្ស៊ី អ៊ុយក្រែន បេឡារុស និងកាហ្សាក់ស្ថានជាដើម។
ឯកឧត្តម បានបន្ថែមថា កត្តាដែលជំរុញកម្ពុជាសម្លឹងងាកទៅរកទីផ្សារអតីតសហភាពសូវៀត ក៏ដោយសារកម្ពុជានិងប្រទេសទាំងនេះធ្លាប់ជាដៃគូពាណិជ្ជកម្មដ៏ល្អកាលពីអតីតកាល ដូច្នេះការងាកទៅរកទីផ្សារនេះ គឺគ្រាន់តែជាការតភ្ជាប់ពាណិជ្ជកម្មឡើងវិញរវាងកម្ពុជាមួយប្រទេសទាំងនោះតែប៉ុណ្ណោះ។ ម្យ៉ាងទៀត កម្ពុជា សម្លឹងឃើញថា ប្រទេសទាំងនោះពិសេសរុស្ស៊ី និងអ៊ុយក្រែនអាចនឹងមានតម្រូវការផលិតខ្ពស់សម្រាប់ប្រើប្រាស់ និងស្តារប្រទេសឡើងវិញ ក្រោយវិបត្តិសង្គ្រាមនៅអ៊ុយក្រែនត្រូវបានបញ្ចប់។ ឯកឧត្តមសង្កត់ធ្ងន់ថា ការដាក់គោលដៅងាកទៅរកទីផ្សារនៅអតីតសហភាពសូវៀតនេះ មិនមែនកម្ពុជាចង់ទាញយកផលចំណេញពីសង្គ្រាមនៅអ៊ុយក្រែននោះទេ ពោលគឺកម្ពុជាដាក់គោលដៅសម្លឹងទៅរកទីផ្សារនេះតាំងពីមុនពេលមិនទាន់ផ្ទុះសង្គ្រាមមកម្ល៉េះ។
បន្ថែមពីទីផ្សារខាងលើ កម្ពុជាក៏កំពុងចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសអេមីរ៉ាតអារ៉ាប់រួម ដើម្បីជាការបើកផ្លូវក្នុងការធ្វើពាណិជ្ជកម្មរបស់កម្ពុជានៅតំបន់មជ្ឈិមបូព៌ា និងអាហ្វ្រិកមួយបន្ថែមទៀតផងដែរ។ បច្ចុប្បន្នកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីនេះ កំពុងស្ថិតក្នុងដំណើរការសិក្សា និងរៀបចំនីតិវិធី ដោយថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្មរំពឹងថា ភាគីទាំងពីរនឹងអាចឈានទៅបញ្ចប់ការចរចាក្នុងពេលឆាប់ៗខាងមុខនេះ។ ប្រសិនបើកិច្ចព្រមព្រៀងនេះបានចូលជាធរមាន វានឹងក្លាយជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីទី៣របស់កម្ពុជា បន្ទាប់ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន និងកម្ពុជា-កូរ៉េខាងត្បូង ដែលបានចូលជាធរមានកាលពីពេលកន្លងទៅ។
ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មរំពឹងថា កម្ពុជានឹងអាចទាញផលប្រយោជន៍បានច្រើនពីកិច្ចព្រមព្រៀងមួយនេះ ព្រោះកិច្ចព្រមព្រៀងនេះមានការបញ្ចូលការចរចាលើការធ្វើសេរីភាវូបនីយកម្មទំនិញ សេវាកម្ម និងការជំរុញការវិនិយោគ។ លើសពីនេះកិច្ចព្រមព្រៀងនេះ ក៏បានចរចាលើបញ្ញត្តិសំខាន់ៗមួយចំនួនទៀតផងដែររួមមានការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក របាំងបច្ចេកទេសពាណិជ្ជកម្ម អនាម័យ និងភូតគាមអនាម័យ កម្មសិទ្ធិបញ្ញា កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងសហគ្រាសធុនតូច និងមធ្យមជាដើម៕