កម្ពុជាសម្លឹងឃើញឱកាសជំរុញការនាំចេញអង្ករទៅកាន់ទីផ្សារហ្វីលីពីន

កម្ពុជាសម្លឹងឃើញឱកាសជំរុញការនាំចេញអង្ករទៅកាន់ទីផ្សារហ្វីលីពីន


ប្រទេសកម្ពុជាបាននិងកំពុងស្វែងរកឱកាសក្នុងការជំរុញការនាំចេញអង្ករទៅកាន់ប្រទេសហ្វីលីពីន ដែលជាប្រទេសក្នុងតំបន់អាស៊ានមួយ ដែលមានតម្រូវការនាំចូលអង្ករខ្ពស់រហូតដល់ប្រមាណជាង៣លានតោនក្នុងមួយឆ្នាំៗ។ ភាគីនៃប្រទេសទាំងពីរក៏បានឯកភាពគ្នា និងធ្វើការសិក្សាពីលទ្ធភាពក្នុងការចុះអនុស្សរណៈយោគយល់គ្នាជាថ្មី ស្តីពីការធ្វើពាណិជ្ជកម្មអង្ករ ក្រោមយន្តការរដ្ឋ និងរដ្ឋ ដែលសង្ឃឹមថានឹងចុះហត្ថលេខានាពេលឆាប់ៗខាងមុខនេះផងដែរ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងពាណិជ្ជកម្មកម្ពុជា នៅថ្ងៃទី ៦ ខែកុម្ភៈ។
កម្ពុជាសម្លឹងឃើញឱកាសជំរុញការនាំចេញអង្ករទៅកាន់ទីផ្សារហ្វីលីពីន

ក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣ កន្លងទៅ ក្នុងគោលបំណងពង្រីកទីផ្សារស្រូវអង្ករ គណៈប្រតិភូក្រសួងពាណិជ្ជកម្ម ដឹកនាំដោយលោកជំទាវ គឹម ស្រីរ័ត្ន អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ចាន់ សុខទី ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានអគ្គនាយកក្រុមហ៊ុនហ្រ្គីនត្រេដ និង ឧកញ៉ា ចាន់ សុខឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា និងសមាជិកចំនួន ០៨រូប ទៅចូលរួមកិច្ចប្រជុំ និងធ្វើទស្សនកិច្ចសិក្សាពីទីផ្សារអង្ករនៅប្រទេសហ្វីលីពីន ដោយមានការសម្របសម្រួលពី ឧកញ៉ា វ៉ាន់ សូអៀង ទីប្រឹក្សាសហព័ន្ធស្រូវអង្ករកម្ពុជា។

នៅក្នុងកិច្ចប្រជុំ និងទស្សនកិច្ចសិក្សាទីផ្សារនេះ គណៈប្រតិភូប្រទេសកម្ពុជាបានជួបជាមួយ ឯកឧត្តម ALFEDO.E PASCUAL រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ប្រទេសហ្វីលីពីន និងលោកជំទាវ DR. EMMIE LIZA PEREZ-CHIONG ប្រធានសាជីវកម្មពាណិជ្ជកម្មអន្តរជាតិនៃក្រសួងពាណិជ្ជកម្មប្រទេសហ្វីលីពីន និងភាគីពាក់ព័ន្ធលើការនាំចូលអង្ករ។ ភាគីទាំងពីរបានឯកភាពគ្នា និងធ្វើការសិក្សាពីលទ្ធភាពក្នុងការចុះអនុស្សរណៈយោគយល់គ្នាជាថ្មី ស្តីពីការធ្វើពាណិជ្ជកម្មអង្ករ ក្រោមយន្តការរដ្ឋ និងរដ្ឋ ដែលសង្ឃឹមថានឹងចុះហត្ថលេខានាពេលឆាប់ៗខាងមុខ។ ជាមួយគ្នានេះខាងភាគីហ្វីលីពីន ក៏បើកឱ្យមានការធ្វើពាណិជ្ជកម្មអង្ករដោយសេរី នៅក្រោមរូបភាពឯកជន និងឯកជនដោយផ្ទាល់តែម្តង ទៅតាមបរិមាណ គុណភាព និងតម្លៃដែលបានឯកភាព រវាងភាគីទាំងពីរ។

នៅក្នុងដំណើរទស្សនកិច្ចនេះផងដែរ គណៈប្រតិភូកម្ពុជាបានជួបពិភាក្សាពីយន្តការ និងលក្ខខណ្ឌបច្ចេកទេស តម្លៃសម្រាប់ផ្គត់ផ្គង់ជាមួយបណ្តាក្រុមហ៊ុននាំចូលអង្កររបស់ហ្វីលីពីន ដែលជាលទ្ធផលបណ្តាក្រុមហ៊ុននាំចូលទាំងនោះមានការចាប់អារម្មណ៍លើគុណភាពអង្ករ និងមានបំណងនាំចូលអង្ករកម្ពុជា ទៅក្នុងទីផ្សារហ្វីលីពីន ផងដែរ។

សូមបញ្ជាក់ផងដែរថា ប្រទេសហ្វីលីពីនជាប្រទេសផលិតស្រូវ ហើយក៏ជាប្រទេសនាំចូលអង្ករដ៏ធំមួយនៅក្នុងតំបន់អាស៊ីផងដែរ ដែលជាក់ស្តែងក្នុងឆ្នាំ២០២២ កន្លងទៅ ប្រទេសហ្វីលីពីន បាននាំចូលអង្ករចំនួន ៣.៨២លានតោន ពីប្រទេសនានា ដែលប្រភេទអង្ករភាគច្រើនបំផុតជាប្រភេទអង្ករសធម្មតា។

គណៈប្រតិភូកម្ពុជាក៏បានគោរពអញ្ជើញ និងបានទទួលការអញ្ជើញដោយអ្នកនាំចូលអង្ករប្រទេសហ្វីលីពីន មកទស្សនកិច្ចសិក្សាលើរោងម៉ាស៊ីនកិនស្រូវកម្ពុជាដោយផ្ទាល់តែម្តង ដើម្បីបង្កើនទំនុកចិត្ត និងទំនាក់ទំនងឱ្យកាន់ តែប្រសើរឡើង និងមានភាពយូរអង្វែង ដែលកម្មវិធីនេះនឹងគ្រោងរៀបចំឡើងនៅពេលរដូវច្រូតកាត់ស្រូវប្រាំងជុំទី១ នៅចុងខែកុម្ភៈ ឬដើមខែមីនា ឆ្នាំ២០២៣ នេះតែម្តង ដែលក្នុងកំឡុងពេលទស្សនកិច្ចសិក្សាអាចនឹងឈានដល់ការចុះកិច្ចសន្យាទិញ-លក់៕




អត្ថបទបន្ទាប់


មានកត្តាអ្វីខ្លះជំរុញឲ្យកម្ពុជាកំពុងសម្លឹងងាកទៅធ្វើពាណិជ្ជកម្មជាមួយប្រទេសអតីតសហភាពសូវៀត?

ព័ត៌មាន
ក្រៅពីទីផ្សារសហរដ្ឋអាមេរិក ចិន សហភាពអឺរ៉ុប និងអាស៊ាន កម្ពុជាក៏កំពុងសម្លឹងមើលទីផ្សារនៅប្រទេសមួយចំនួន ដែលជាអតីតទឹកដីសហភាពសូវៀត ដើម្បីព…

យោធាប្រទេសកូឡុំប៊ីប្រទះឃើញបាឡុងមួយផ្សេងទៀតក្នុងដែនអាកាសខ្លួន ក្រោយអាមេរិកបាញ់ទម្លាក់បាឡុងចារកម្មចិន

ព័ត៌មាន
មួយថ្ងៃមុនយន្តហោះចម្បាំងអាមរិកបាញ់ទម្លាក់បាឡុង ដែលចោទថាជាចារកម្មរបស់ចិន យោធាកូឡុំប៊ីឯណោះវិញ បានបញ្ជាក់ឱ្យដឹងថា ខ្លួនបានប្រទះឃើញបាឡុងម…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ