 
      កម្ពុជាក្នុងនាមជាប្រធានអាស៊ាននៅក្នុងឆ្នាំនេះ បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះកំណើនអំពើហិង្សាក្នុងប្រទេសមីយ៉ាន់ម៉ា ពិសេសអំពើហិង្សាក្នុងពេលថ្មីៗនេះ ដែលបានបណ្តាលឱ្យមានអ្នកស្លាប់ និងរងរបួសកាន់តែច្រើនឡើង។
ជាក់ស្តែង កាលពីថ្ងៃទី២៣ខែតុលា មនុស្សប្រហែល៥០នាក់បាត់បង់ជីវិត ខណៈប្រហែល១០០នាក់ទៀតរងរបួសដោយសារការទម្លាក់គ្រាប់បែកពីយន្តហោះយោធាមីយ៉ាន់ម៉ា ទៅលើការប្រគំតន្រ្តីមួយកន្លែង នៅរដ្ឋកាលីនភាគខាងជើងមីយ៉ាន់ម៉ា។ ករណីដោយឡែកមួយទៀត ដែលមានមនុស្សយ៉ាងហោចណាស់៨នាក់ស្លាប់ បន្ទាប់ពីការបំផ្ទុះគ្រាប់បែកនៅក្នុងពន្ធនាគារ អ៊ុនសេន ដែលមានការយាមកាមយ៉ាងតឹងរ៉ឹងនៅមីយ៉ាន់ម៉ា។
ក្រៅពីករណីទាំងនេះ អាស៊ានបានកត់សម្គាល់ស្ថានភាពមនុស្សធម៌នៅទូទាំងប្រទេសមីយ៉ាន់ម៉ា មានសភាពកាន់តែយ៉ាប់យ៉ឺនជាងមុនទៀត ដែលការណ៍នេះ គឺផ្ទុយទៅនឹងស្មារតីនៃកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុចរបស់អាស៊ាន។
នៅចំពោះមុខស្ថានការណ៍កាន់តែដុនដាបនៅមីយ៉ាន់ម៉ា ឯកឧត្តមប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា និងជាប្រេសិតពិសេសរបស់ប្រធានអាស៊ានស្តីពីមីយ៉ាន់ម៉ា នៅថ្ងៃទី២៧ខែតុលា បានដឹកនាំកិច្ចប្រជុំបន្ទាន់មួយនៅលេខាធិការដ្ឋានអាស៊ាន ក្នុងប្រទេសឥណ្ឌូនេស៊ី ដើម្បីពិភាក្សារកដំណោះស្រាយបន្ថែម ពិសេសដើម្បីជំរុញវឌ្ឍនភាពកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុចរបស់អាស៊ាន ដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា។
ជាលទ្ធផលសេចក្តីថ្លែងការណ៍ក្រោយចប់កិច្ចប្រជុំឱ្យដឹងថា អង្គប្រជុំសស្វែងរកបានអនុសាសន៍គន្លឹះដែលត្រូវដាក់ជូនប្រមុខដឹកនាំអាស៊ានពិចារណា នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើក ទី៤០ និង៤១ នាខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះ ក្នុងកិច្ចខិតខំប្រែងប្រែងនាំយកស្ថានការណ៍ប្រសើរឡើងវិញសម្រាប់មីយ៉ាន់ម៉ា។ ទោះយ៉ាងណា គេមិនបានបញ្ជាក់ឡើយថា អនុសាសន៍គន្លឹះទាំងនេះមានអ្វីខ្លះនោះទេ ខណៈកិច្ចប្រជុំបន្ទាន់មួយនេះ មិនមានវត្តមានភាគីមីយ៉ាន់ម៉ាឡើយ សូម្បីតែអ្នកតំណាង ដែលមិនពាក់ព័ន្ធនយោបាយក៏មិនបានចូលរួមដែរ។
ក្រៅពីនោះ កិច្ចប្រជុំបានទទួលស្គាល់ថា ភាគីពាក់ព័ន្ធទាំងអស់ សុទ្ធតែមានចំណែកក្នុងការបញ្ចប់ ឬធ្វើឱ្យវិបត្តិនយោបាយបច្ចុប្បន្នកាន់តែធ្ងន់ធ្ងរ ដែលបាន បណ្តាលឱ្យបាត់បង់ជីវិតមនុស្សជាច្រើននាក់ បំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរដល់ប្រទេសមីយ៉ាន់ម៉ា និងបង្ក ផលប៉ះពាល់យូរអង្វែងដល់សេដ្ឋកិច្ច។
គួរជម្រាបថា ភាគីមីយ៉ាន់ម៉ាមិនថាតែថ្នាក់ដឹកនាំកំពូល ឬកំរិតរដ្ឋមន្ត្រីនោះទេ គឺត្រូវបានផាត់ចេញជាហូរហែក្នុងជំនួបនៃក្របខណ្ឌអាស៊ាន ចាប់តាំងពីឆ្នាំ២០២១ ដែលប្រ៊ុយណេជាប្រធាន រហូតដល់ឆ្នាំ២០២២នេះដែលកម្ពុជាយើងធ្វើជាប្រធាន ដោយសារតែមិនមានវឌ្ឍនភាពសោះឡើយ លើអ្វីដែលធ្លាប់បានឯកភាពគ្នាជាមួយអាស៊ាន ហើយផ្ទុយទៅវិញស្ថានការណ៍រិតតែទុំជោរថែមទៀត។
យ៉ាងណាក៏ដោយ ប្រធានប្តូរវេនអាស៊ានគឺ សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានអះអាងកន្លងមកជារឿយៗហើយថា កម្ពុជានឹងធ្វើអ្វីៗគ្រប់យ៉ាងតាមលទ្ធភាព ព្យាយាមសម្របសម្រួល និងនាំយកមីយ៉ាន់ម៉ាត្រឡប់មករកស្ថានភាពល្អប្រសើរវិញ ដោយហេតុថា អាស៊ានមិនអាចមានតែ៩ប្រទេសបានឡើយ។
សូមបញ្ជាក់ថា កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នឹងរៀបចំឡើង ចាប់ពីថ្ងៃទី១០-១៣ ខែ វិច្ឆិកា ឆ្នាំ២០២២ខាងមុខនេះនៅរាជធានីភ្នំពេញ៕
 
              
              
             
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
              