កម្ពុជាចាកចេញពីបញ្ជីប្រផេះ នៃក្រុមប្រទេសលាងប្រាក់កខ្វក់?

តើការរួចផុតពីបញ្ជីប្រផេះនៃការលាងសម្អាតប្រាក់កខ្វក់ បានផ្តល់អត្ថប្រយោជន៍អ្វីខ្លះដល់កម្ពុជា?


អង្គការហ្វាត(FATF) ដែលធ្វើការងារលើការស៊ើបអង្កេតលើបទល្មើសសម្អាតប្រាក់កខ្វក់តាមប្រទេសនានាបានសម្រេចដកកម្ពុជាចេញពីបញ្ជីប្រផេះនៃក្រុមប្រទេស ដែលលាងសម្អាតប្រាក់របស់ឧក្រិដ្ឋជនជាផ្លូវការកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣។ តើការរួចផុតពីបញ្ជីប្រផេះបានផ្តល់អត្ថប្រយោជន៍អ្វីខ្លះដល់វិស័យហិរញ្ញវត្ថុ និងសេដ្ឋកិច្ចរបស់កម្ពុជា?
កម្ពុជាចាកចេញពីបញ្ជីប្រផេះ នៃក្រុមប្រទេសលាងប្រាក់កខ្វក់?

ពាក់ព័ន្ធបញ្ហានេះ អ្នកជំនាញក្នុងវិស័យហិរញ្ញវត្ថុចាត់ទុកការរួចផុតពីបញ្ជីប្រផេះនៃការលាងលុយកខ្វក់នេះ វាជារឿងចាំបាច់ផុតសម្រាប់វិស័យហិរញ្ញវត្ថុរបស់កម្ពុជា ព្រោះបានវាបង្ហាញពីភាពស្អាតស្អំ ​និងបានបង្កភាពងាយស្រួលដល់កម្ពុជាក្នុងការប្រតិបត្តិទូទាត់ និងធ្វើអាជីវកម្មជាមួយបណ្តាប្រទេសផ្សេងៗ។ លើសពីនេះ វាក៏ជាផ្នែកមួយជួយរួមចំណែកផ្តល់ទំនុកចិត្តដល់វិនិយោគិន និងទាក់ទាញការវិនិយោគពីបរទេសផងដែរ។

លោក សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានចាត់ទុកការចាកចេញពីបញ្ជីប្រផេះរបស់កម្ពុជា​ពីក្រុមប្រទេសសម្អាតប្រាក់កខ្វក់​របស់ឧក្រិដ្ឋជន គឺជារឿងដ៏សំខាន់សម្រាប់វិស័យហិរញ្ញវត្ថុកម្ពុជា ដ្បិតវា​បានបង្ហាញឲ្យ​ពិភពលោកឃើញថា កម្ពុជាមានស្អាតស្អំ និងមានការសហការយ៉ាងល្អ​ជាមួយបណ្តាធនាគារជាដៃគូនៅលើពិភពលោកក្នុងការធ្វើប្រតិបត្តិការ​ទូទាត់​ហិរញ្ញវត្ថុ​ផ្សេងៗ។ ការរួចផុតពីបញ្ជីប្រផេះនេះដែរ វាក៏បានផ្តល់ទំនុកចិត្តបន្ថែមទៀតដល់វិនិយោគិនបរទេស លែងមានចិត្ត​ចិត្តរារែក និងស្ទាក់ស្ទើរក្នុងការបោះទុនវិនិយោគនៅកម្ពុជា​។ លោកបានបន្ថែមថា ដើម្បីឲ្យកម្ពុជាក្លាយជាប្រទេសបៃតង​សម្រាប់បទល្មើសសម្អាតប្រាក់​ ទាមទារឲ្យគ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ព្យាយាមគោរពតាមលក្ខខណ្ឌតម្រូវរបស់អង្គការស៊ើបអង្កេតលើបទល្មើសសម្អាតប្រាក់ឲ្យ​បានត្រឹមត្រូវ និងចៀងវាងការប្រព្រឹត្តអំពើណា ដែលអាចទាញទម្លាក់កម្ពុជាឲ្យចូលក្នុងបញ្ជីប្រផេះឡើងវិញ។

ពាក់ព័ន្ធបញ្ហានេះដែរលោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដាយល់ឃើញស្រដៀងគ្នាថា ការរួចផុតពីបញ្ជីប្រផេះនៃក្រុមប្រទេសសម្អាតប្រាក់របស់អង្គការហ្វាត(FATF) គឺវាបានបង្ហាញពីការខិតខំប្រឹងប្រែង និងប្រសិទ្ធភាពនៃការអនុវត្តការងាររបស់រាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងបទល្មើសសម្អាតប្រាក់កខ្វក់នៅកម្ពុជា។ សម្រាប់ថ្នាក់ដឹកនាំរូបនេះ ការចាកចេញពីបញ្ជីប្រផេះនេះ មិនត្រឹមតែជួយលើកមុខមាត់កម្ពុជានៅលើឆាកអន្តរជាតិនោះទេ ថែមទាំងជួយទាក់ទាញការវិនិយោគពីបរទេស និងជួយសម្រួលដល់ការធ្វើពាណិជ្ជកម្មរបស់វិនិយោគិន និងអន្តរជាតិផងដែរ។

មុនខុសគ្នាពីលោកបណ្ឌិត អ៊ិន ចាន់នី នោះទេលោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកស្រាវជ្រាវសេដ្ឋកិច្ច និងជាប្រធានមជ្ឈមណ្ឌលសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជាយល់ឃើញថា នៅពេលកម្ពុជាជាប់ក្នុងបញ្ជីប្រផេះវាបានបង្កើតនូវភាពស្ទាក់ស្ទើរដល់វិនិយោគិនបរទេសក្នុងការវិនិយោគនៅកម្ពុជា ដោយសារពួកគេបារម្ភពីការរឹតត្បិតក្នុងការធ្វើពាណិជ្ជកម្ម និងទូទាត់ហិរញ្ញវត្ថុ។ ដូច្នេះលោកបណ្ឌិតជឿជាក់ថា ការចាកចេញពីបញ្ជីប្រផេះរបស់កម្ពុជា វានឹងជួយបង្កើនភាពទាក់ទាញបន្ថែមដល់កម្ពុជាក្នុងការទាក់ទាញវិនិយោគិនបរទេសឲ្យបោះទុនវិនិយោគនៅកម្ពុជាឲ្យច្រើនបន្ថែមទៀត។

គួរបញ្ជាក់ថា អង្គការអន្តរជាតិហ្វាត ដែលធ្វើការងារលើការស៊ើបអង្កេតលើបទល្មើសសម្អាតប្រាក់តាមប្រទេសនានាបានសម្រេចជាផ្លូវការដកកម្ពុជាចេញពីបញ្ជីប្រផេះ នៃក្រុមប្រទេស ដែលលួចលាក់សម្អាតប្រាក់កខ្វក់របស់ឧក្រិដ្ឋជន តាមរយៈកិច្ចប្រជុំមួយកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣។ ក្នុងពេលជាមួយគ្នានោះ​អង្គការអន្តរជាតិនេះ ក៏បានដកប្រទេសម៉ារុក ចេញពីបញ្ជីប្រផេះនេះផងដែរ។
បើតាមអ្នកជំនាញ នៅពេលកម្ពុជាស្ថិតក្នុងបញ្ជីប្រផេះនៃក្រុមប្រទេសសម្អាតប្រាក់នាពេលកន្លងមក វាបានធ្វើឲ្យធនាគារអន្តរជាតិ និងវិនិយោគិនបរទេស​ហាក់មានភាពស្ទាក់ស្ទើរក្នុងការធ្វើប្រត្តិការហិរញ្ញវត្ថុ ក៏ដូចជាបោះទុនវិនិយោគនៅកម្ពុជា ដោយសារពួកគេបារម្ភពីផលប៉ះពាល់ផ្សេងៗ ជាពិសេសកិត្តិយស និងកេរ្តិ៍ឈ្មោះតែម្តង។

ជាមួយគ្នានេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រឆាំងការសម្អាតប្រាក់បានជំរុញមន្ត្រីគ្រប់ជាន់ថ្នាក់យកចិត្តទុកខិតខំ និងសហការគ្នាក្នុងការការពារកុំឲ្យកម្ពុជាធ្លាក់ចូលក្នុងបញ្ជីប្រផេះ នៃក្រុមប្រទេសសម្អាតប្រាក់ឡើងវិញ។ ជាមួយគ្នានេះ សម្តេចក្រឡាហោម បានដាស់តឿនមន្ត្រីត្រូវមានការប្រុងប្រយ័ត្ន និងកុំមានមោទកភាពរហូតដល់ភ្លេចខ្លួនក្នុងការទប់ស្កាត់បទល្មើសមួយនេះឲ្យសោះ៕




អត្ថបទបន្ទាប់


កម្មវិធីដ៏ធំនៅកម្ពុជា «វិថីហិរញ្ញវត្ថុ» ត្រូវបានសម្ពោធដំណើរការផ្សព្វផ្សាយជាផ្លូវការ

ព័ត៌មាន
វិថីហិរញ្ញវត្ថុ (Financial Street) គឺជាកម្មវិធីមួយដែលត្រូវបានរៀបចំឡើងប្រកបដោយទស្សនៈ និងគោលដៅវែងឆ្ងាយ ដោយផ្តោតសំខាន់លើច្បាប់ គោលរការណ៍…

សេដ្ឋកិច្ចតំបន់អាស៊ី-ប៉ាស៊ីហ្វិកត្រូវបានព្យាករកំណើន ៣,១%នៅឆ្នាំនេះ ប៉ុន្ដែ នឹងថមថយចុះមកវិញនៅឆ្នាំក្រោយ

ព័ត៌មាន
សេដ្ឋកិចុ្ចតំបន់អាស៊ីប៉ាស៊ីហ្វិក ត្រូវបានរំពឹងថា នឹងកើនឡើង ៣,១% នៅឆ្នាំ២០២៣ មុននឹងថមថយកំណើនមកមកនៅត្រឹមអត្រា ២,៩%វិញ នៅឆ្នាំ២០២៤ ដោយស…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ