ក្រុមអ្នកជំនាញសេដ្ឋកិច្ចបានកត់សម្គាល់ថា វិស័យវិនិយោគមិនមែនកាត់ដេរ នៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហាក់កាន់តែបង្ហាញនូវសក្ដានុពលរបស់ខ្លួន ពិសេសបានរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់វិស័យវិនិយោគនៅកម្ពុជា ដែលជាវិស័យសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ។ ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្ម បានគូសបញ្ជាក់ថា បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា មានការគ្រប់គ្រងជំងឺរាតត្បាតកូវីដ១៩ បានជោគជ័យលំហូនៃការសុំចុះបញ្ជីគម្រោងវិនិយោគ ទាំងក្នុង និងមកពីក្រៅប្រទេស ក៏មានការកើនឡើងគួរឲ្យកត់សម្គាល់ ពិសេសគម្រោងវិនិយោគដែលមិនមែនជាវិស័យកាត់ដេរ ដែលជាវិស័យគាំពាសេដ្ឋកិច្ចកម្ពុជា ឲ្យមានភាពរឹងមាំ ពិសេសដូចជា វិស័យឧស្សាហកម្ម វិស័យសំណង់ និងអចលនទ្រព្យ វិស័យរ៉ែនិងថាមពល រួមទាំង វិស័យកសិឧស្សហកម្មជាដើម។ ឧកញ៉ា លឹម ហេង បានគូសបញ្ជាក់ទៀតថា ប្រទេសកម្ពុជា នៅតែមានសក្ដានុពលខ្ពស់ក្នុងការទាក់ទាញវិនិយោគ ពិសេសគម្រោងវិនិយោគមិនមែនវិស័យកាត់ដេរនេះតែម្ដង ខណៈសព្វថ្ងៃ រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងចាប់ផ្ដើមអនុវត្តនូវកិច្ចព្រមព្រៀងសេរីពាណិជ្ជកម្ម កម្ពុជា-ចិន,កិច្ចព្រមព្រៀងសេរីពាណិជ្ជកម្ម កម្ពុជា-កូរ៉េខាងត្បូង,កិច្ចព្រមព្រៀងថ្នាក់តំបន់ RCEP និងមានភាពអនុគ្រោះពន្ធមួយចំនួនទៀតផងដែរ។
បើតាមឧកញ៉ា លឹម ហេង កម្ពុជាគឺជាប្រទេសដែលមានទីតាំងល្អ និងមានសក្ដានុពលផ្នែកវិនិយោគ គួបផ្សំនឹងការគ្រប់គ្រងជំងឺកូវីដ១៩ បានល្អ នៅតែជាឱកាសសម្រាប់កម្ពុជា ក្នុងការជំរុញការវិនិយោគ ផងដែរ។ លើសពីនោះ ដើម្បីបង្កើនការទាក់ទាញការវិនិយោគឲ្យចូលមកវិនិយោគនៅកម្ពុជាបន្ថែម រាជរដ្ឋាភិបាលកម្ពុជា រួមទាំងវិស័យឯកជន បាននិងកំពុងកែសម្រួលសេដ្ឋកិច្ចផ្ទៃក្នុងឲ្យកាន់តែប្រសើរឡើងថែមមួយកម្រិតទៀត តាមរយៈការដាក់ចេញនូវច្បាប់ស្ដីពីការវិនិយោគថ្មី ដែលទើបដាក់ឲ្យអនុវត្តកាលពីពេលថ្មីៗ កន្លងមក។
ជាក់ស្ដែង នៅរយៈពេល ៩ខែ ឆ្នាំ២០២២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគថ្មី និងគម្រោងពង្រីកផលិតកម្ម ចំនួន ១៥០គម្រោង ដែលមានទុនវិនិយោគសរុបជាង ៣ពាន់៥រយលានដុល្លារអាមេរិក ដែលមានការកើនឡើងចំនួន ១៦គម្រោង ខណៈទំហំវិនិយោគកើនឡើងប្រមាណ ១០០លានដុល្លារ បើប្រៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២១។ នេះបើយោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
បណ្ឌិត គី សេរីវឌ្ឍន៍ អ្នកវិភាគសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា បានកត់សម្គាល់ឃើញ ការស្រូបទាញនៃគម្រោងវិនិយោគពីខាងក្រៅប្រទេសនេះ ក៏ដោយសារតែកម្ពុជា មានការតភ្ជាប់ជាមួយទីផ្សារសំខាន់ៗ ដូចជា កិច្ចព្រមព្រៀងសេរីពាណិជ្ជកម្ម កម្ពុជា-ចិន,កិច្ចព្រមព្រៀងសេរីពាណិជ្ជកម្ម កម្ពុជា-កូរ៉េខាងត្បូង,កិច្ចព្រមព្រៀងថ្នាក់តំបន់ RCEP ដែលសុទ្ធសឹងតែជាឱកាសសម្រាប់កម្ពុជា អាចទាក់ទាញអ្នកវិនិយោគពីខាងក្រៅ។ អ្នកជំនាញរូបនេះបន្តថា ការគ្រប់គ្រងវិធានការកូវីដ១៩ និងអត្រាប្រាក់ឈ្នួលទាប ក៏ជាឱកាសសម្រាប់កម្ពុជា ដើម្បីទាក់ទាញក្រុមវិនិយោគិនបន្ថែម ផងដែរ។
របាយការណ៍គយបានបង្ហាញថា រយៈពេល ៩ខែ ក្នុងឆ្នាំ២០២២ ទំហំនៃការនាំចេញផលិតផលកាត់ដេរ ទទួលបានទឹកប្រាក់ចំនួន១០ពាន់លានដុល្លារអាមេរិក កើនឡើងជិត២៥% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២១។ ខណៈការនាំចេញផលិតផលវិនិយោគមិនមែនកាត់ដេរ ដូចជា គ្រឿងបំណែកអេឡិចត្រូនិក បង្គុំខ្សែភ្លើង កង់ គ្រឿងបន្លាស់រថយន្ត អំពូលលម្អ ផលិតផលពីឈើ កុងផ្លាកេ ផលិតផលពីប្លាស្ទិក ស្បែកសត្វកែច្នៃ និងផលិតផលផ្សេងៗទៀត មានទំហំទឹកប្រាក់ជាង ៤ពាន់លានដុល្លារ កើនឡើង២៤%៕