នៅក្នុងពិធីប្រកាសដែលផ្សាយផ្ទាល់លើគណនី Facebook ផ្លូវការរបស់ខ្លួន នាយកប្រតិបត្តិ និងជាស្ថាបនិក ហ្វេសប៊ុក លោក ម៉ាក ហ្សាក់គឺប៊ឺក បាននិយាយថាឈ្មោះថ្មីដែលហៅថា Meta នេះបានឆ្លុះបញ្ចាំងពីការងាររបស់ខ្លួនក្នុងការវិនិយោគលើ មេតាវ៉ឺស (Metaverse) ដែលជាបច្ចេកវិទ្យាពិភពសិប្បនិម្មិត។ ជាងនេះទៅទៀតលោកនិយាយថា វាគ្រាន់បើជាងការ ប្រើឈ្មោះក្រុមហ៊ុនដូចទៅនឹងកម្មវិធី Facebook ខណៈបច្ចុប្បន្ន ក្រៅតែពីកម្មវិធីបណ្ដាញសង្គម Facebook ក្រុមហ៊ុននេះ ក៏មានគ្រប់គ្រងលើកម្មវិធីបណ្ដាញធំៗផ្សេងទៀតដែរ ដូចជា Instagram និង WhatsApp ជាដើម។
គួរជម្រាបថា មេតាវ៉ឺស (Metaverse) ជាពាក្យបច្ចេកទេសក្នុងប្រព័ន្ធបច្ចេកវិទ្យាសម័យថ្មី សំដៅដល់ពិភពនិម្មិតរួបមួយ ដែលអាចចែករំលែក និងអាចចូលទៅប្រើបាន ដោយមនុស្សគ្រប់គ្នានិងដោយប្រើប្រាស់ឧបករណ៍ផ្សេងៗគ្នា។ Metaverse និងផ្តល់បទពិសោធន៍ថ្មីដល់អ្នកប្រើប្រាស់ តាមរយៈបច្ចេកវិទ្យាពិភពសិប្បនិម្មិត តាមចិត្តដែលយើងចង់បាន។
បើតាមការអះអាងពីថ្នាក់ដឹកនាំក្រុមហ៊ុន ការផ្លាស់ប្តូរនេះនឹងពាំនាំកម្មវិធី បណ្តាញសង្គម និងបច្ចេកវិជ្ជាផ្សេងៗទៀតរបស់ក្រុមហ៊ុន ឲ្យមកនៅក្រោមឈ្មោះក្រុមហ៊ុនមេថ្មីមួយនេះ។ ប៉ុន្តែក្រុមហ៊ុន បាននិយាយថា នឹងមិនផ្លាស់ប្តូររចនាសម្ព័ន្ធសាជីវកម្មរបស់ខ្លួនឡើយ។គួរកត់សម្គាល់ដែរថា បន្ទាប់ពីប្រកាសឈ្មោះថ្មី និងគោលដៅថ្មីរបស់ក្រុមហ៊ុនរួចមក Meta នឹងជ្រើសរើសបុគ្គលិកប្រមាណ១ម៉ឺននាក់បន្ថែមទៀត នៅតំបន់អឺរ៉ុបដើម្បីធ្វើការលើចក្ខុវិស័យថ្មីមួយនេះ។
សូមបញ្ជាក់ថា បណ្តាញសង្គម Facebook ត្រូវបានគេរាយការណ៍ថា មានអ្នកប្រើប្រាស់ជិត ៣ពាន់លាននាក់ក្នុងមួយខែៗ ខណៈការផ្លាស់ប្តូរឈ្មោះរបស់ក្រុមហ៊ុន និងមិនប៉ះពាល់ដល់ឈ្មោះរបស់បណ្តាញសង្គមនានា ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុនឡើយ ពោលគឺបណ្តាញសង្គមទាំងអស់ ដូចជា Facebook ជាដើម នឹងរក្សាឈ្មោះរបស់វាដដែល។ នេះបើតាមការអះអាងរបស់លោក ម៉ាក ហ្សាក់គឺប៊ឺក ដែលជាស្ថាបនិកហ្វេកប៊ុក៕