យោងតាមការព្យាកររបស់មជ្ឈមណ្ឌលស្រាវជ្រាវសេដ្ឋកិច្ចជប៉ុន បានឱ្យដឹងកាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ថា តៃវ៉ាន់នឹងមានកម្រិតផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់ (GDP per capita) ឈានមុខគេនៅឆ្នាំនេះ ហើយបន្ទាប់មកនឹងដល់វេនកូរ៉េខាងត្បូងម្តង នៅឆ្នាំ២០២៣ ពោលគឺលឿនជាងការព្យាករលើកមុនពី ៤ ទៅ ៥ឆ្នាំឯណោះ។
ផលិតភាពពលករ និងអត្រាមានការងារធ្វើ គឺសុទ្ធតែជាកត្តាកត្តាសំខាន់ ដែលធ្វើឲ្យតៃវ៉ាន់ និងកូរ៉េខាងត្បូងសម្រេចបានកំណើនល្អ ប៉ុន្តែកត្តាដែលសំខាន់ជាងនេះទៀតនោះ គឺអត្រាប្តូរប្រាក់បរទេសតែម្ដង។
ប្រាក់យ៉េនជប៉ុន ប្រាក់វ៉ុនកូរ៉េ និងប្រាក់ដុល្លារតៃវ៉ាន់ សុទ្ធតែបានធ្លាក់ចុះតម្លៃបើធៀបនឹងប្រាក់ដុល្លារអាមេរិកនៅឆ្នាំនេះ នៅចំពេលដែលធនាគារកណ្តាលអាមេរិក បានដំឡើងអត្រាការប្រាក់គោលជាច្រើនលើកច្រើនសារ។ ការធ្លាក់ចុះប្រាក់យ៉េន បានឈានដល់កម្រិតធ្ងន់ធ្ងរ ពោលគឺប្រមាណ ២០% គិតពីចុងឆ្នាំ២០២១ មកត្រឹមចុងខែវិច្ឆិកាឆ្នាំ២០២២ បើប្រៀបធៀបនឹងប្រាក់វ៉ុន និងប្រាក់ដុល្លារតៃវ៉ាន់ គឺធ្លាក់ចុះត្រឹមតែ ១០%ប៉ុណ្ណោះ។
សូមរំលឹកថា កាលពីឆ្នាំមុន ចំណូលជាមធ្យមរបស់ពលរដ្ឋជប៉ុន គឺមានខ្ពស់ជាងកូរ៉េខាងត្បូង និងតៃវ៉ាន់។ ក្នុងនោះ ពលរដ្ឋជប៉ុនម្នាក់មានប្រាក់ចំណូលជាមធ្យមដល់ក្បែរ ៣ម៉ឺន ៤ពាន់ដុល្លារ ដែលខ្ពស់ជាង ១៣% នៃប្រទេសកូរ៉េខាងត្បូង និងខ្ពស់ជាង ២២% នៃកោះតៃវ៉ាន់។ នេះបើយោងតាមទិន្នន័យពីមូលនិធិរូបិយវត្ថុអន្តរជាតិ និងអង្គការសហប្រជាជាតិ។
ស្ថានភាពមិនល្អរបស់ជប៉ុននេះ ទំនងមិនមែនមានរយៈពេលខ្លីបណ្តោះអាសន្នឡើយ។ កំណើន GDP per capita ប្រចាំឆ្នាំ ក្នុងទសវត្សរ៍ឆ្នាំ២០២០នេះ គឺនឹងអាចមានជាមធ្យម ៦,២% សម្រាប់តៃវ៉ាន់ និង ៤,៨% សម្រាប់កូរ៉េខាងត្បូង ប៉ុន្តែជប៉ុនវិញនឹងមានត្រឹមតែ ១,៣%ប៉ុណ្ណោះ។
តៃវ៉ាន់ និងកូរ៉េខាងត្បូង បានផ្លាស់ប្តូរទៅកាន់បច្ចេកវិទ្យាឌីជីថលលឿនជាងប្រទេសជប៉ុន នៅក្នុងរដ្ឋាភិបាល និងវិស័យផ្សេងៗទៀត ដែលបានពង្រីកចន្លោះនៅក្នុងកំណើនផលិតភាពពលករ។ ផលិតភាពនេះ គឺនឹងអាចបន្ថែម ៥%ទៀត ទៅក្នុងកំណើនផលផលិតសរុបសម្រាប់មនុស្សម្នាក់ នៅកូរ៉េខាងត្បូង និងតៃវ៉ាន់ ក្នុងអំឡុងទសវត្សរ៍២០២០នេះ ពោលគឺច្រើនជាងជប៉ុន ២%។
ប្រជាជនវ័យចាស់ដ៏មានចំនួនច្រើនក្នុងប្រទេសជប៉ុន ក៏បានដាក់បន្ទុកដល់សេដ្ឋកិច្ចប្រទេសមួយនេះផងដែរ។ យ៉ាងណាមិញ បើប្រៀបធៀបតែចំនួនមនុស្សវ័យធ្វើការ ដែលមានអាយុពី ១៥ ដល់ ៦៤ គឺផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់ នៅជប៉ុន នឹងនៅតែនាំមុខតៃវ៉ាន់ និងកូរ៉េខាងត្បូង។ ប៉ុន្តែកូរ៉េខាងត្បូង ត្រូវបានព្យាករថា នឹងនាំមុខគេក្នុងឆ្នាំ២០៣១ ឯតៃវ៉ាន់នឹងវ៉ាដាច់វិញនៅឆ្នាំ២០៣៥៕