បើយោងតាមទិន្នន័យផ្លូវការចេញផ្សាយដោយរដ្ឋាភិបាលជប៉ុនកាលពីថ្ងៃអង្គារ សេដ្ឋកិច្ចជប៉ុនមិនបានមានកំណើនដូចការប៉ាន់ស្មានរបស់អ្នកជំនាញទេ តែបានដើរថយក្រោយទៅវិញ ដោយបានធ្លាក់ចុះក្នុងកម្រិត ០,៣% បើប្រៀបធៀបទៅត្រីមាសទី២។
គេនៅចាំបានថាកាលពីត្រីមាសទី២ ជប៉ុនមានកំណើនសេដ្ឋកិច្ចល្អ ពោលគឺពីខែកក្កដាដល់កញ្ញា ជប៉ុនសម្រេចបានកំណើន ១,៨% ជំរុញដោយការបើកប្រទេសឡើងវិញ លុបចោលអស់នូវវិធានការកូវីដ១៩ និងអនុញ្ញាតឱ្យមានការចេញចូលពីទេសចរអន្តរជាតិឡើងវិញ។
មែនទែនទៅ មកពីកត្តាផ្ទៃក្នុង ដែលប្រាក់យេនធ្លាក់ចុះខ្លាំង ជាដើមហេតុធំជាងគេធ្វើឱ្យសេដ្ឋកិច្ចជប៉ុនដើរមកដល់ដំណាក់កាលនេះ។ ប្រាក់យេនចុះថោក គឺគិតពីខែមករាដល់ខែវិច្ឆិកាមកម្ល៉េះ ដោយបានធ្លាក់ថ្លៃដល់ទៅ២០% ដោយប្រៀបធៀបជាមួយប្រាក់ដុល្លារអាមេរិក។
ការដាំក្បាលចុះនៃប្រាក់យេន កំពុងបង្កការលំបាកដល់ការនាំចេញរបស់ជប៉ុនយ៉ាងខ្លាំងដែរ។ លំបាកក៏ដោយសារតែរូបិយបណ្ណរបស់ខ្លួនមានអត្រាទាបជាងប្រាក់ដុល្លារ ធ្វើឱ្យការនាំចេញខាតបង់ប្រាក់ច្រើន។ យ៉ាងណាក៏ដោយ ការនាំចេញក្នុងត្រីមាសទី៣បានកើនឡើងបន្តិចវិញ ពោលគឺកើនឡើងជិត២% បើធៀបនឹងត្រីមាសទី២។
ចំណែកការនាំចូលបានកើនឡើងជាង ៥% បើធៀបនឹងត្រីមាសមុន។ ទោះយ៉ាងណា ដោយសារតែប្រាក់យេនចុះថោក ធ្វើឱ្យការនាំចូលមានតម្លៃខ្ពស់ តម្លៃទំនិញក៏ឡើងថ្លៃ វាបានបណ្តាលឱ្យមានការកាត់បន្ថយការប្រើប្រាស់នៅក្នុងស្រុកផងដែរ។
កត្តាផ្ទៃក្នុងមិនល្អមួយចំនួនទៀតរួមមាន ករណីឆ្លងរាលដាលកូវីដ១៩ បានហក់ឡើងជាថ្មីនៅមួយរយៈចុងក្រោយ ដែលអាជ្ញាធរជប៉ុនចាត់ទុកប្រទេសខ្លួនថា កំពុងជួបប្រទះនឹងរលកឆ្លងទី៨ បន្ថែមជាមួយនឹងអត្រាអតិផរណាកាន់តែឡើងខ្ពស់ ដោយសារសង្គ្រាមនៅអ៊ុយក្រែន។ ប្រការទាំងនេះ បានធ្វើឲ្យប្រជាជនជប៉ុន លែងសូវហ៊ានចំណាយច្រើន។ ដោយឡែក វិស័យសំណង់អចលនទ្រព្យនៅជប៉ុន ក៏បានចុះថយផងដែរ ដោយសារតែតម្លៃសាងសង់ កាន់តែកើនឡើងខ្ពស់។
គួរជម្រាបថា កាលពីចុងខែតុលារដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី Fumio Kishida បានដាក់ចេញវិធាន ស្រោចស្រង់សេដ្ឋកិច្ច ដោយបានផ្តល់ទឹកប្រាក់ប្រមាណ២០០ពាន់លានដុល្លារទៀត ទៅក្នុងកញ្ចប់ថវិកាចំណាយ ដើម្បីជួយដល់ក្រុមគ្រួសារនៅជប៉ុន បន្ធូរបន្ថយផលប៉ះពាល់នៃអតិផរណា។
បើតាមការរំពឹងទុកជាមួយនឹងថវិកាទាំងនេះ នៅត្រីមាសចុងក្រោយឆ្នាំ២០២២ សេដ្ឋកិច្ចជប៉ុនអាចនឹងស្ទុះឡើងវិញខ្លះដែរ ជាមួយនឹងការបើកទ្វារប្រទេសទទួលទេសចរពីបរទេស ព្រមទាំងយុទ្ធនាការជំរុញទេសចរណ៍ក្នុងស្រុក។ យ៉ាងណាក៏ដោយ អ្នកជំនាញសេដ្ឋកិច្ច នៅតែអះអាងថាជប៉ុននឹងទទួលរងសម្ពាធដោយចៀសមិនរួចនៅដើមឆ្នាំក្រោយ ដោយសារតែសេដ្ឋកិច្ចសកលលោកដើរថយក្រោយ ធ្វើឲ្យតម្រូវការទំនិញត្រូវធ្លាក់ចុះ៕