អ្វីខ្លះជាដំណោះស្រាយ ចំពោះបញ្ហាតម្លៃជ្រូកដែលកំពុងធ្លាក់ថ្លៃ?

អ្វីខ្លះជាដំណោះស្រាយ ចំពោះបញ្ហាតម្លៃជ្រូកដែលកំពុងធ្លាក់ថ្លៃខ្លាំងនាពេលបច្ចុប្បន្ន?


ក្រោយមានការរអ៊ូរទាំជាបន្តបន្ទាប់ពីសំណាក់អ្នកចិញ្ចឹមជ្រូកអំពីបញ្ហាធ្លាក់ចុះនៃតម្លៃជ្រូករស់ក្នុងស្រុក ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានស្នើឲ្យក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បើកកិច្ចប្រជុំមួយ ដើម្បីរកដំណោះស្រាយជូនប្រជាកសិករកាលពីសប្ដាហ៍មុនេះ។ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានអះអាងថា ក្រោយកិច្ចប្រជុំអង្គប្រជុំបានសម្រេចនូវលទ្ធផលចំនួន ៤ចំណុច ដែលជាធាតុចូល ដើម្បីដោះស្រាយបញ្ហាធ្លាក់ចុះតម្លៃជ្រូករស់ក្នុងស្រុក នារយៈពេលកន្លងមកនេះ។
អ្វីខ្លះជាដំណោះស្រាយ ចំពោះបញ្ហាតម្លៃជ្រូកដែលកំពុងធ្លាក់ថ្លៃខ្លាំងនាពេលបច្ចុប្បន្ន?

លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានគូសបញ្ជាក់ថា បន្ទាប់ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្នើឲ្យកិច្ចប្រជុំដើម្បីរកដំណោះស្រាយលើបញ្ហានៃការធ្លាក់ចុះតម្លៃជ្រូករស់ក្នុងស្រុក ក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្ម កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ បានបើកកិច្ចប្រជុំអន្តរក្រសួងកម្រិតបច្ចេកទេស ដើម្បីពិនិត្យ ផ្តល់យោបល់ និងកំណត់ដំណោះស្រាយលើបញ្ហានេះ។ បើតាមអ្នកនាំពាក្យក្រសួងកសិកម្មរូបនេះ ក្រោយកិច្ចប្រជុំអង្គប្រជុំបានសម្រេចនូវលទ្ធផលចំនួន ៤ចំណុច ដែលនឹងក្លាយជាធាតុចូលសំខាន់ក្នុងការដោះស្រាយបញ្ហាធ្លាក់ចុះនៃតម្លៃជ្រូករស់ក្នុងស្រុក នាពេលបច្ចុប្បន្ន។ ក្នុងនោះ អង្គប្រជុំបានស្នើដល់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាពង្រឹងការទប់ស្កាត់ និងបង្កើនការបង្ក្រាបការនាំចូលសាច់ជ្រូកបង្កកដោយខុសច្បាប់ ដោយសហការជាមួយអង្គភាពមានសមត្ថកិច្ច ដូចជា អាជ្ញាធរដែនដីនៅតាមបណ្តាខេត្តជាប់ព្រំប្រទល់ប្រទេសជិតខាង និងអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ។

ជាមួយគ្នានោះ អង្គប្រជុំក៏បានសម្រេច ផងដែរ រួមគ្នា ត្រួតពិនិត្យលើបច្ចេកទេស ព្រមទាំងអនាម័យទីតាំងដែលមានស្តុកផ្ទុកសាច់បង្កក អំពីលិខិតបទដ្ឋានដែលតម្រូវឲ្យមានក្នុងការនាំចូល ហើយសហការរួមគ្នារវាងអង្គភាពជំនាញផ្សេងៗ ដូចជា ពីខាងក្រសួងពាណិជ្ជកម្ម ក្រសួងសេដ្ឋកិច្ច ក្រសួងកសិកម្ម និងសមត្ថកិច្ចពាក់ព័ន្ធដទៃទៀត។ ប្រសិនបើមានករណីការនាំចូលដោយខុសច្បាប់ត្រូវចាត់វិធានការតាមនីតិវិធី តែម្ដង។ បន្ថែមលើនេះ អង្គប្រជុំបានស្នើជំរុញឱ្យអនុវត្តប្រព័ន្ធបញ្ជរតែមួយ តាមរយៈការប្រើប្រាស់ប្រព័ន្ធអនឡាញ ឲ្យបានលឿនដើម្បីចែករំលែកព័ត៌មាន និងចាត់វិធានការតាមសមត្ថកិច្ចរៀងៗ ខ្លួន។ និងចុងក្រោយ អង្គប្រជុំក៏បានឯកភាពស្នើបង្កើតក្រុមការងារអ្នកច្បាប់ ដើម្បីពិភាក្សាពិនិត្យមើលច្បាប់សុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីលើកសំណើ កែសម្រួលឬធ្វើវិសោធនកម្ម ដើម្បីឲ្យមានសង្គតភាពក្នុងការអនុវត្តស្របតាមការអនុវត្តក្នុងប្រទេសក៏ដូចជាមានសង្គតភាពជាមួយយន្តការ ដែលតម្រូវដោយតំបន់និងសាកល ផងដែរ។

លោក ស៊្រុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា អះអាងថា ដ្បិតកិច្ចប្រជុំអន្តរក្រសួងរវាងក្រសួងពាណិជ្ជកម្ម និងក្រសួកសិកម្ម ទទួលបាននូវលទ្ធផលជាវិជ្ជមានគួរឲ្យកត់សម្គាល់ ប៉ុន្ដែប្រធានសមាគមអ្នកចិញ្ចឹមសត្វរូបនេះ នៅតែមិនទាន់អាចវាយតម្លៃបាននៅឡើយទេថា បញ្ហាតម្លៃជ្រូកនឹងអាចប្រសើរឡើង ក្នុងពេលឆាប់ៗឬក៏យ៉ាងណានៅឡើយទេ ដោយលោកគ្រាន់តែបញ្ជាក់ថា ការដោះស្រាយលើបញ្ហានេះគឺត្រូវការពេលវេលាបន្ថែមទៀត។

បើតាមការអះអាងរបស់សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា កាលពីពេលថ្មីៗ សព្វថ្ងៃនេះ តម្លៃលក់ជ្រូករស់នៅតាមបណ្តាខេត្តក្រុង គឺឋិតនៅលើមាត់ឈ្មួញកណ្តាលដើរប្រមូលទិញរាល់ថ្ងៃ ដែលបណ្តាលឲ្យតម្លៃជ្រូករស់ក្នុងស្រុកមានការធ្លាក់ថ្លៃយ៉ាងគំហុក។ ដូច្នេះ ដើម្បីពង្រឹង និងកុំឲ្យតម្លៃទីផ្សារជ្រូករស់ធ្លាក់ចុះបន្តទៀត សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា អំពាវនាវដល់បងប្អូនកសិករ និងកសិដ្ឋានទាំងអស់ ត្រូវចូលរួមពង្រឹងតម្លៃលក់ជ្រូករស់ឲ្យបានចាប់ពី ៦ពាន់៧រយរៀល ក្នុងមួយគីឡូក្រាមឡើងទៅ ខណៈបច្ចុប្បន្នតាមបណ្តាក្រុមហ៊ុនធំៗទាំងអស់គឺ អាចលក់បានតម្លៃ ៧ពាន់៤រយរៀល ក្នុងមួយគីឡូក្រាម ឯណោះ៕




អត្ថបទបន្ទាប់


អ្នកឧកញ៉ា គួច ម៉េងលី៖ ការនាំយកក្រុមហ៊ុនឡើងទីផ្សារភាគហ៊ុននឹងជួយធ្វើឱ្យសេដ្ឋកិច្ចជាតិមានស្ថិរភាព

ព័ត៌មាន
នៅក្នុងកិច្ចសម្ភាសន៍ផ្ដាច់មុខមួយជាមួយសារព័ត៌មានខេមបូណូមីស អ្នកឧកញ៉ា គួច ម៉េងលី ដែលជាអ្នកជំនួញលេចធ្លោរមួយរូបនៅក្នុងវិស័យអប់រំបានអះអាង…

ជប៉ុន និងរដ្ឋនៅអាស៊ីកណ្តាលចំនួន៥ បញ្ជាក់ឡើងវិញពីសារៈសំខាន់នៃសណ្តាប់ធ្នាប់ពិភពលោក ដោយផ្អែកលើច្បាប់

ព័ត៌មាន
ចំពេលដែល ស្ថានការណ៍ពិភពលោកកាន់តែស្ថិតក្នុងភាពផុយស្រួយនោះ ប្រទេសជប៉ុន និងប្រជាជាតិនៅតំបន់អាស៊ីកណ្តាលចំនួនប្រាំបានអះអាងកាលពីថ្ងៃសៅរ៍ ទី…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ