ទីផ្សារមៀនកម្ពុជានៅក្នុងប្រទេសចិន

កម្ពុជារំពឹងទីផ្សារមៀននៅចិននឹងកាន់តែប្រសើរ ក្រោយក្រុមហ៊ុនយក្ស Alibaba យកមៀនកម្ពុជាដាក់លក់លើអនឡាញ


មន្ត្រីនាំពាក្យក្រសួងកសិកម្មកម្ពុជា អះអាងថា ទីផ្សារមៀនកម្ពុជានៅក្នុងប្រទេសចិន នឹងកាន់តែល្អប្រសើរ ក្រោយពេលដែលថ្មីៗនេះ ក្រុមហ៊ុនលក់ទំនិញតាមអនឡាញដ៏ធំរបស់ចិន គឺអាលីបាបា យកផ្លែមៀនខ្មែរដាក់លក់លើគេហទំព័ររបស់ខ្លួន ខណៈក្រុមហ៊ុននេះក៏បង្ហាញពីគោលបំណងថា នឹងទិញផ្លែមៀនពីកម្ពុជា រហូត៣០០តោន ក្នុងមួយឆ្នាំ ផងដែរ។ បើតាមក្រសួងកសិកម្មបច្ចុប្បន្នផ្លែមៀនកម្ពុជាជាង២ពាន់៦រយតោនហើយ ដែលបាននាំចេញទៅកាន់ទីផ្សារប្រទេសចិន ហើយឆ្នាំ២០២៣ខាងមុខរំពឹងថា នឹងនាំចេញបានដល់ពី ៧ ទៅ៨ពាន់តោន។
កម្ពុជារំពឹងទីផ្សារមៀននៅចិននឹងកាន់តែប្រសើរ ក្រោយក្រុមហ៊ុនយក្ស Alibaba យកមៀនកម្ពុជាដាក់លក់លើអនឡាញ

លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បង្ហាញនូវគំនិតសុទិដ្ឋិនិយមថា ការយកផ្លែមៀនខ្មែរទៅដាក់លក់លើវេបសាយ Alibaba គឺជាការផ្ដួចផ្ដើមដ៏ល្អ និងជាផ្នែកមួយដ៏សំខាន់ ក្នុងការផ្សព្វផ្សាយ និងជំរុញទីផ្សារផលិតផលមៀនកម្ពុជា ឲ្យកាន់តែមានសម្ទុះបន្ថែមទៀត ទៅកាន់ទីផ្សារប្រទេសចិន និងអន្ដរជាតិ។ ជាមួយគ្នានោះមន្រ្តីកសិកម្មរូបនេះ ក៏បានបញ្ជាក់ដែរថា ទម្រាំអាចនាំចេញផ្លែមៀនប៉ៃលិន ទៅកាន់ទីផ្សារចិនបាន វាមិនមែនជារឿងងាយស្រួលនោះទេ ព្រោះទាមទារឲ្យម្ចាស់ចម្ការ និងរោងចក្រវេចខ្ចប់ជាដើម ត្រូវមានការចុះបញ្ជីជាមួយក្រសួងកសិកម្ម​ ដើម្បីអនុវត្តលក្ខខណ្ឌអនាម័យឲ្យបានត្រឹមត្រូវ និងឆ្លងកាត់ការត្រួតពិនិ្យ​ វាយតម្លៃពីខាងរដ្ឋបាលគយចិនផងដែរ។

យ៉ាងណាក៏ដោយ ដើម្បីឲ្យដំណើរការនាំចេញផ្លែមៀនសមស្របនឹងទីផ្សារចិន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងបន្តធ្វើការងារយ៉ាងជិតស្និទ្ធ ជាមួយប្រជាកសិករ និងក្រុមហ៊ុននាំចេញ ដើម្បីធ្វើយ៉ាងណាធានានូវការផលិតផ្លែមៀនសមស្របទៅនឹងលក្ខខណ្ឌតម្រូវភូតគាមអនាម័យ។ ក្នុងនោះ ក្រសួងកសិកម្មនឹងបន្តផ្សព្វផ្សាយ ណែនាំដល់ម្ចាស់ចម្ការ និងរោងចក្រវេចខ្ចប់ផ្លែមៀន អំពីលក្ខខណ្ឌតម្រូវដែលមានចែងក្នុងពិធីសារ ដោយក្រសួងនឹងចាត់មន្ត្រីជំនាញចុះអង្កេតតាមដាន និងគ្រប់គ្រងសមាសភាពចង្រៃតាមចម្ការ។ លើសពីនោះ ក្រសួងកសិកម្មនឹងបណ្ដុះបណ្ដាលដល់ម្ចាស់ចម្ការ ស្ដីពីការអនុវត្តកសិកម្ម ការគ្រប់គ្រងសមាសភាពចង្រៃ និងការប្រើប្រាស់ថ្នាំកសិកម្មប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាព និងបន្តជំរុញការចុះបញ្ជីចម្ការជាចម្ការការអនុវត្តកសិកម្មល្អ និងបន្តជំរុញការចុះបញ្ជីចម្ការនិងរោងចក្រវេចខ្ចប់ផ្លែមៀនសម្រាប់នាំចេញទៅកាន់ប្រទេសចិន។

រហូតមកទល់ពេលនេះ មានចម្ការមៀនចំនួន ៧៤ និងរោងចក្រវេចខ្ចប់ផ្លែមៀនចំនួន៨ ទទួលបានការចុះបញ្ជី និងទទួលស្គាល់ដោយអគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអគ្គរដ្ឋបាលគយចិន។ ដោយឡែក គិតត្រឹមថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ ផ្លែមៀនស្រស់កម្ពុជាជិត ២ពាន់៦រយតោន បាននាំចេញទៅកាន់ទីផ្សារប្រទេសចិន។ ក្រសួងកសិកម្មរំពឹងថា កម្ពុជានឹងអាចនាំចេញមៀនប៉ៃលិន ប្រមាណជា ៧ពាន់តោន ទៅ ៨ពាន់តោនៅឆ្នាំ២០២៣៕




អត្ថបទបន្ទាប់


សក្ដានុពលដ៏លេចធ្លោនៃគម្រោងលំនៅឋានបែបធម្មជាតិ អេកូ ខូលិកសិន

ព័ត៌មាន
គម្រោងលំនៅឋានបែបធម្មជាតិដំបូងគេបង្អស់ក្នុងរាជធានីភ្នំពេញត្រូវបានអភិវឌ្ឍឡើងដោយក្រុមហ៊ុនបុរី ប៉េង ហួត ដែលជាក្រុមហ៊ុនអភិវឌ្ឍអចលនវត្ថុឈានមុ…

គម្រោងផ្លូវរថភ្លើងក្រោមដី និងលើអាកាសនៅភ្នំពេញសិក្សាចប់ហើយ និងរំពឹងអាចលេចចេញជារូបរាងនៅអាណត្តិក្រោយ

ព័ត៌មាន
ថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូនបានអះអាងថា គម្រោងផ្លូវរថភ្លើងក្រោមដី លើដី និងលើអាកាសនៅរាជធានីភ្នំពេញត្រូវបានសិក្សាចប់សព្វគ្រប់ហើ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ