ឯកឧត្តម ស៊ុ សន្និសិទ្ធ ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ឲ្យដឹងថា ថ្ងៃទី២០ ខែមីនា កាលពី៤២ឆ្នាំមុន ប្រាក់រៀលត្រូវបានដាក់ឱ្យចរាចរឡើងវិញ បន្ទាប់ពីលែងប្រើប្រាស់អស់រយៈពេលប្រមាណ ៥ឆ្នាំ ដោយសាររបបប្រល័យពូជសាសន៍ ប៉ុល ពត ទៅជាសង្គមទាសភាព។ ទស្សនៈជ្រុលនិយម ខុសនិយាមនេះហើយ ដែលធ្វើឱ្យកម្ពុជាដើរទៅរកសោកនាដកម្ម និងការបំផ្លាញរាល់ខឿនសេដ្ឋកិច្ចជាតិទាំងអស់។
បើតាមទេសាភិបាលរងធនាគារជាតិនៃកម្ពុជារូបនេះ មុននឹងក្លាយជារូបិយវត្ថុមួយប្រកបដោយទំនុកចិត្តដូចសព្វថ្ងៃ ប្រាក់រៀលត្រូវបានឆ្លងកាត់ឧបសគ្គធំៗចំនួន៣ រួមមាន៖
ទី១, ការបាត់បង់ជំនឿទុកចិត្តទាំងស្រុងលើប្រាក់រៀល ក្រោយចេញពីសម័យ ប៉ុល ពត និងអស្ថិរភាពនយោបាយ រហូតដល់ចុងឆ្នាំ១៩៩៨
ទី២, វិបត្តិសេដ្ឋកិច្ចនៅក្នុងទសវត្សរ៍ឆ្នាំ១៩៨០ ដែលបង្កឱ្យអតិផរណាកើនឡើងខ្លាំងនិងប្រាក់រៀលធ្លាក់ថ្លៃ
និងទី៣, ការប្រើប្រាស់ប្រាក់ដុល្លារអាមេរិកយ៉ាងច្រើនសន្ធឹកសន្ធាប់ ដោយផ្ទាល់នៅក្នុងសេដ្ឋកិច្ចកម្ពុជា នៅដើមទសវត្សរ៍ឆ្នាំ១៩៩០ ដែលកត្តាទាំងនេះបានធ្វើឱ្យប្រជាជន ក៏ដូចជាវិស័យឯកជនមានទម្លាប់ប្រើប្រាស់ប្រាក់ដុល្លារអាមេរិក ដោយផ្ទាល់រហូតមកដល់បច្ចុប្បន្ន។
ឯកឧត្តម ស៊ុ សន្និសិទ្ធ បញ្ជាក់បន្ថែមថា ប្រាក់រៀលជារូបិយវត្ថុរបស់យើងទាំងអស់គ្នា ហើយការចូលរួមប្រើប្រាស់ប្រាក់រៀល ប្រៀបដូចជាការរួមចំណែកដោយផ្ទាល់និងប្រយោលដល់កិច្ចការពារនិងពង្រឹងអធិបតេយ្យសេដ្ឋកិច្ចជាតិ អត្តសញ្ញាណជាតិ និងការរីកចម្រើនសេដ្ឋកិច្ចនិងសង្គម ដូចសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា រូបិយវត្ថុជាតិគឺជាផ្នែកមួយនៃការកសាងអធិបតេយ្យ និងអំណាចខាងសេដ្ឋកិច្ចរបស់រដ្ឋ។
ពាក់ព័ន្ធការប្រើប្រាស់ប្រាក់រៀលនេះដែរ លោកជំទាវ ជា សិរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេសធនាគារជាតិ នៃកម្ពុជាបានគូសបញ្ជាក់ថា ទោះបីនិន្នាការប្រើប្រាស់ប្រាក់រៀលនៅកម្ពុជាបច្ចុប្បន្នមានការកើនឡើងក៏ដោយ តែនៅមានចំណែកតិចតួចនៅឡើយបើធៀបនឹងការប្រើប្រាស់រូបបិយបណ្ណបរទេស។ ពោលគឺការប្រើប្រាស់ប្រាក់រៀល ក្នុងប្រតិបត្តិការទូទាត់នានាទូទាំងប្រទេសបានក្តោបចំណែកទីផ្សារប្រមាណ១៥% តែប៉ុណ្ណោះ ខណៈចំណែកទីផ្សារជាង៨០% ត្រូវបានក្តោបក្ដាប់ដោយប្រាក់ដុល្លារ។ លោកជំទាវបានគូសបញ្ជាក់បន្ថែមថា ប្រាក់រៀលត្រូវបានប្រើប្រាស់ភាគច្រើនតែនៅតាមទីជនបទនោះទេ ខណៈទីក្រុង និងទីប្រជុំជននានាការធ្វើប្រតិបត្តិការភាគច្រើនជាប្រាក់ដុល្លារ។
ដើម្បីលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល នៅក្នុងសេដ្ឋកិច្ចបន្ថែមទៀត សំដៅអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយប្រសិទ្ធភាពនិងចីរភាព ឯកឧត្តមអំពាវនាវដល់ក្រសួងស្ថាប័ន រោងចក្រ សហគ្រាស គ្រឹះស្ថានហិរញ្ញវត្ថុ ប្រជាជនទូទៅ និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់បន្តរួមចំណែកប្រើប្រាស់ប្រាក់រៀលនៅក្នុងប្រតិបត្តិការរបស់ខ្លួន ដូចជា តាមរយៈការទូទាត់ ការបិទស្លាកតម្លៃទំនិញ និងការសន្សំជាប្រាក់រៀល ព្រមទាំងផ្តល់លក្ខខណ្ឌអនុគ្រោះឱ្យបានកាន់តែច្រើនចំពោះការប្រើប្រាស់ប្រាក់រៀល ដែលជារូបិយវត្ថុជាតិតែមួយគត់របស់យើងទាំងអស់គ្នា៕
អត្ថបទ សោម ស្រីពេជ្រ