ទី១, ការកែលម្អបន្ថែមទៀតលើបរិយាកាសធុរកិច្ច ៖ កត្តានេះ វាពិតជាមានសារៈសំខាន់ណាស់ សម្រាប់ជំរុញផលិតភាព និងការប្រកួតប្រជែងរបស់ក្រុមហ៊ុននៅកម្ពុជា។ចំណាយថ្លៃដើមក្នុងការធ្វើអាជីវកម្មនៅកម្ពុជា នៅតែមានកម្រិតខ្ពស់ ដែលជាឧបសគ្គដល់សមត្ថភាពប្រកួតប្រជែងជាអន្តរជាតិ និងរារាំងដល់នវានុវត្តន៍ និងការងាកទៅរកសកម្មភាពសេដ្ឋកិច្ចមានតម្លៃខ្ពស់ជាងបច្ចុប្បន្ន។ ដើម្បីជួយដល់ការវិនិយោគរបស់វិស័យឯកជន កម្ពុជាចាំបាច់ត្រូវពង្រឹងភាពព្យាករណ៍បានរបស់បរិស្ថានបទប្បញ្ញត្តិ និងពង្រីកលទ្ធភាពរកបានធនធានហិរញ្ញវត្ថុសម្រាប់សហគ្រាសធុនតូច និងមធ្យម (SMEs)។ លើសពីនេះ កិច្ចខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បីសម្រួលលក្ខខណ្ឌតម្រូវស្មុគស្មាញនិងតឹងរ៉ឹងសម្រាប់ការបើកធុរកិច្ច អមជាមួយនឹងការធ្វើឱ្យប្រសើរឡើងដល់ដំណើរការនៃក្របខណ្ឌក្ស័យធនផង វានឹងជួយកាត់បន្ថយការចំណាយរបស់ក្រុមហ៊ុននៅពេលបើករកស៊ី និងពេលបិទទៅវិញ។
ទី២, ការធ្វើឲ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធ និងឡូជីស្ទិក។ វាគឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់បង្កើនផលិតភាព និងសមត្ថភាពប្រកួតប្រជែងអន្តរជាតិ។ កម្ពុជានៅតែមានការខ្វះច្រើននូវហិរញ្ញប្បទានសម្រាប់ហេដ្ឋារចនាសម្ព័ន្ធ អាស្រ័យហេតុនេះ សេវាហេដ្ឋារចនាសម្ព័ន្ធនៅតែមិនគ្រប់គ្រាន់ ហើយត្រូវប្រឹងយ៉ាងត្រដាបត្រដួស ដើម្បីបំពេញសេចក្តីត្រូវការដែលកំពុងកើនឡើងយ៉ាងលឿន។ ក្នុងន័យនេះ វិស័យថាមពលត្រូវការការវិនិយោគខ្នាតធំថែមទៀត ដើម្បីបំពេញតម្រូវការ។ ទន្ទឹមនឹងនេះ កិច្ចប្រឹងប្រែងគួរត្រូវបានធ្វើបន្ថែមទៀត ដើម្បីកាត់បន្ថយថ្លៃចំណាយលើការដឹកជញ្ជូន និងសេវាឡូហ្ស៊ីស្ទិក តាមរយៈការតាមដានត្រួតពិនិត្យប្រសិទ្ធភាពនៃច្រកទ្វារពាណិជ្ជកម្មសំខាន់ៗ ដូចជាកំពង់ផែ និងច្រកព្រំដែន។
ទី៣, ត្រូវពង្រឹងជំនាញ៖ កម្ពុជាត្រូវបង្កើនលទ្ធភាពនៃការរៀន ដើម្បីឆ្លើយតបទៅនឹងកង្វះខាតជំនាញ បង្កើតកម្លាំងពលកម្ម ដែលមានសមត្ថភាព ត្រៀមសម្រាប់អនាគត និងជំរុញកំណើនផលិតភាពរបស់ប្រទេស។ ធនាគារពិភពលោក បានគូសបញ្ជាក់ដែរថា កំណើនផលិតភាពពលកម្មបានធ្លាក់ចុះយ៉ាងគំហុកក្នុងអំឡុងប្រាំឆ្នាំចុងក្រោយនេះ ហើយបណ្តាក្រុមហ៊ុនក៏បានរាយការណ៍ឱ្យដឹងដែរអំពីការកើនឡើងនៃកង្វះជំនាញ។
ទី៤ចុងក្រោយ, វិធានការទប់ទល់នឹងការប្រែប្រួលអាកាសធាតុ៖ បញ្ហាដែលបង្កឡើងដោយ ការប្រែប្រួលអាកាសធាតុ ធ្វើឱ្យមានភាពស្មុគស្មាញកាន់តែច្រើនដល់ការអភិវឌ្ឍនរបស់កម្ពុជា។ របាយការណ៍ស្តីពី ស្ថានភាពអាកាសធាតុនិងការអភិវឌ្ឍរបស់ប្រទេសកម្ពុជា (CCDR) ថ្មីៗនេះរបស់ធនាគារពិភពលោក បង្ហាញច្បាស់ថា កម្ពុជាកំពុងប្រឈមមុខនឹងហានិភ័យអាកាសធាតុយ៉ាងខ្លាំង។ ការគិតគូរសាកល្បង (simulations) របស់ធនាគារនេះបង្ហាញថា ការខាតបង់ដោយសារផលប៉ះពាល់ពីអាកាសធាតុ អាចមានចំនួនដល់ទៅ៩ភាគរយ នៃផលិតផលក្នុងស្រុកសរុប នៅឆ្នាំ២០៥០ ប្រសិនបើកម្ពុជាគ្មានវិធានការបន្ស៊ាំទេនោះ។ ប៉ុន្តែ ការខាតបង់ទាំងនេះអាចកាត់បន្ថយបានច្រើនវិញ តាមរយៈវិធានការបន្ស៊ាំតាមគោលដៅ៕