តើគេអាចរំពឹងអ្វីពីកិច្ចប្រជុំ G20 នៅឥណ្ឌាសប្តាហ៍នេះ?

តើគេរំពឹងបានអ្វីខ្លះពីកិច្ចប្រជុំ G20 នៅឥណ្ឌា ដែលធ្វើឡើងគ្មានវត្តមានលោកពូទីន និង ស៊ី ជិនពីង?


នៅចុងសប្តាហ៍នេះសមាជិកនៃក្រុមប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿនទាំង២០ (G20) លើពិភពលោក នឹងប្រមូលផ្តុំគ្នានៅទីក្រុងញូវដេលី សម្រាប់កិច្ចប្រជុំកំពូលប្រចាំឆ្នាំរបស់ពួកគេ។ ក្នុងនាមជាប្រធាន និងជាម្ចាស់ផ្ទះ G20 នៅឆ្នាំនេះ នាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi បាននិងកំពុងប្រើប្រាស់ព្រឹត្តិការណ៍នេះ លើកកម្ពស់ជំហររបស់ឥណ្ឌានៅលើឆាកពិភពលោក និងជំរុញការចេញសេចក្តីថ្លែងការរួមក្នុងប្រវត្តិសាស្ត្រ ទោះបីជាមិនមានវត្តមានមេដឹកនាំចិនលោក ស៊ី ជិនពីង និងប្រធានាធិបតីរុស្ស៊ីលោក ពូទីន ក៏ដោយ។
តើគេអាចរំពឹងអ្វីពីកិច្ចប្រជុំ G20 នៅឥណ្ឌាសប្តាហ៍នេះ?
ដោយ

តើវាអាចធ្វើទៅរួចទេចំពេលដែល G20 ត្រូវបានគេមើលឃើញថាកំពុងបែកបាក់ ហើយគេអាចរំពឹងអ្វីបានខ្លះពីកិច្ចប្រជុំនេះ?


យោងតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ដែលរំលងមិនចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅឥណ្ឌូនេស៊ី បានទៅដល់ទីក្រុងញូដេលីហើយនៅសុក្រនេះ ខណៈមេដឹកនាំ១៩ប្រទេសផ្សេងទៀត ក៏ត្រូវបានគេរំពឹងថា នឹងទៅដល់ប្រទេសឥណ្ឌានៅថ្ងៃសុក្រនេះជាបន្តបន្ទាប់ដែរ។ ក្នុងនោះ លោកស៊ី ជិនពីង នឹងត្រូវបានទៅជំនួសមុខដោយនាយករដ្ឋមន្ត្រីចិនលោក Li Qiang ខណៈ លោក Sergei Lavrov រដ្ឋមន្ត្រីការបរទេសរុស្ស៊ីនឹងមានវត្តមានជំនួសលោក ពូទីន។


ឥណ្ឌាបាននិងកំពុងជំរុញយ៉ាងខ្លាំងសម្រាប់ការចេញសេចក្តីថ្លែងការណ៍រួមមួយ ទោះបីជាគ្មានសង្ឃឹមក៏ដោយពិសេសបញ្ហាអ៊ុយក្រែន។ យោងតាមប្រភពពីមន្ត្រីឥណ្ឌាដែលបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ឥណ្ឌាបានស្នើថា «សេចក្តីថ្លែងការណ៍របស់ G20 ដែលថ្កោលទោសសង្គ្រាមនៅអ៊ុយក្រែន ត្រូវសម្របសម្រួល និងឆ្លុះបញ្ជាំងពីជំហររបស់រុស្ស៊ី និងចិនដែរ ដើម្បីចៀសវាងការជាប់គាំងអំឡុងពេលប្រជុំ។

មន្ត្រីប្រតិភូមួយចំនួនថា នេះគឺជាប្រធានបទសំខាន់ទីមួយដែលត្រូវលើកយកមកពិភាក្សា ក្រោយបរាជ័យកាលពីកិច្ចប្រជុំនៅ Bali ឆ្នាំមុន។ បណ្តាប្រទេសលោកខាងលិចចង់បានការថ្កោលទោសពេញលេញ ជាលក្ខខណ្ឌសម្រាប់ការយល់ព្រមចេញសេចក្តីថ្លែងការណ៍រួម។ ប៉ុន្តែរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov ដែលនឹងចូលរួមជំនួសលោកប្រធានាធិបតី ពូទីន បាននិយាយថា លោកនឹងរារាំងសេចក្តីប្រកាសចុងក្រោយ ប្រសិនបើសេចក្តីថ្លែងការណ៍នោះមិនឆ្លុះបញ្ចាំងពីជំហររបស់រុស្ស៊ី។


ដូចនេះហើយ ឥណ្ឌាបានស្នើថា G20 ត្រូវថ្កោលទោសសង្គ្រាមបង្កឡើងដោយរុស្ស៊ី ប៉ុន្តែក៏ត្រូវឆ្លុះបញ្ចាំងពីជំហរ និងទស្សនរបស់ទីក្រុងម៉ូស្គូ និងទីក្រុងប៉េកាំងដែរ ដោយថាវេទិកានេះមិនមែនជាកន្លែងប្រជែងភូមិសាស្ត្រនយោបាយឡើយ។


ទោះយ៉ាងណា ឥណ្ឌានឹងនៅតែសង្ឃឹមថា បញ្ហាអ៊ុយក្រែនមិនធ្វើឱ្យរាំងស្ទះដល់កង្វល់របស់លោកខាងត្បូង ដែលជាប្រទេសកំពុងអភិវឌ្ឍន៍នោះទេ។ G20 ដែលតំណាងឱ្យ ៨៥% នៃទិន្នផលសេដ្ឋកិច្ចពិភពលោក ៧៥% នៃពាណិជ្ជកម្មពិភពលោក និងពីរភាគបីនៃចំនួនប្រជាជនសាកល ហើយប្រទេសឥណ្ឌាបាននិយាយម្តងហើយម្តងទៀតថា G20 មានទំនួលខុសត្រូវចំពោះប្រទេសដែលមិនមានវត្តមាននៅក្នុង G20 ដូចជាប្រទេសនៅអាហ្រ្វិកដែលកំពុងជួបបញ្ហាស្បៀង បំណុល តម្លៃប្រេងកើនឡើងជាដើម។


បន្ថែមពីនេះ ប្រទេសឥណ្ឌាក៏ចង់ពិភាក្សាលើបទប្បញ្ញត្តិជាសកលលើរូបិយប័ណ្ណឌីជីថល ឬ Crypto ដែរ។ ការផ្លាស់ប្តូរស្ថាប័នដូចជាធនាគារពិភពលោក និង IMF ព្រមទាំងបញ្ហាបម្រែបម្រួលអាកាសធាតុក៏សុទ្ធសឹងតែជាប្រធានបទ ដែលនឹងត្រូវលើកយកមកពិភាក្សាផងដែរ។ ទោះជាយ៉ាងណា សន្តិសុខស្បៀង និងថាមពលក៏កំពុងរង់ចាំការពិភាក្សាផងដែរ ហើយគេរំពឹងថា ការយល់ស្របមួយចំនួនអាចឈានដល់លើបញ្ហានេះ បើទោះបីជាមួយផ្នែកធំអាស្រ័យលើទីក្រុងម៉ូស្គូដែលយល់ព្រមចាប់ផ្តើមកិច្ចព្រមព្រៀងសមុទ្រខ្មៅឡើងវិញក៏ដោយ។


ប៉ុន្តែអ្នកវិភាគនិយាយថា ការទម្លុះកិច្ចព្រមព្រៀងនេះនៅក្នុងក្របខ័ណ្ឌ G20 ទំនងជាមិនអាចទៅរួមទេ។ កិច្ចព្រមព្រៀងស្តីពីកសិកម្ម ការត្រៀមលក្ខណៈសម្រាប់ជំងឺរាតត្បាត ការថែទាំសុខភាព និងខ្សែសង្វាក់ផ្គត់ផ្គង់សកលទំនងជានឹងត្រូវលើកយកមកពិជជែកដែរ ប៉ុន្តែគេមិនច្បាស់ថាតើប្រធានបទទាំងនេះនឹងក្លាយជាផ្នែកមួយនៃសេចក្តីប្រកាសរួមដែរឬទេ។ នាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi បានព្យាយាមប្រើប្រាស់វេទិកា G20 នេះ ដើម្បីបង្ហាញពិភពលោកថា ឥណ្ឌាបានក្លាយជាមហាអំណាចលេចធ្លោមួយ ដែលមានសមត្ថភាពក្នុងការបង្កើតឯកភាពគ្នាលើបញ្ហាសកលធំៗ ទោះបីជាលទ្ធផលជាក់ស្តែងយ៉ាងណាមិនទាន់មាននៅឡើយក្តី៕




អត្ថបទបន្ទាប់


កម្ពុជានាំចេញទំនិញទៅអាមេរិកមានទំហំជាង៦ពាន់លានដុល្លារ ខណៈនាំចេញទៅចិនមានតែជិត១ពាន់លានដុល្លារ នៅ៨ខែឆ្នាំនេះ

ស្ថានភាពនៃការនាំចេញទំនិញកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិហាក់បង្ហាញសញ្ញាណវិជ្ជមានឡើងវិញនៅ៨ខែឆ្នាំ២០២៣នេះ ជាមួយនឹងទំហំទឹកប្រាក់នាំចេញជាង១៥…

ភាគហ៊ុនរបស់ក្រុមហ៊ុនយក្ស Apple ក្រឡាប់ចាក់ ក្រោយចិនចាត់វិធានការ ហាមឃាត់មន្ត្រីរដ្ឋាភិបាលប្រើទូរសព្ទ iPhone

នៅប៉ុន្មានថ្ងៃនេះ ស្ថានភាពទីផ្សារភាគហ៊ុនរបស់ក្រុមហ៊ុនយក្សរបស់អាមេរិក Apple ហាក់មិនទាន់នឹងននៅឡើយទេ បន្ទាប់ពីក្រឡាប់ចាក់ និងខាតបង់អស់២…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ