នៅក្នុងកិច្ចសម្ភាសជាមួយខេមបូណូមីស លោក រ័ត្ន សោភ័ណ ប្រធានសមាគមធនាគារនៅកម្ពុជា បានគូសបញ្ជាក់ថា ទោះបីវិស័យធនាគាររងផលប៉ះពាល់ពីវិបត្តិជាបន្តបន្ទាប់ក៏ដោយ តែលោកកត់សម្គាល់ឃើញថា វិស័យនេះនៅតែមានភាពរឹងមាំ។ ជាក់ស្ដែងនៅអំឡុង និងក្រោយវិបត្តិជំងឺកូវីដ-១៩ វិស័យធនាគារនៅតែបន្តមានកំណើន ទោះបីជាកំណើនមានការថមថយជាងមុនក៏ដោយ។ បើតាមអ្នកជំនាញហិរញ្ញវត្ថុរូបនេះ ផលប៉ះពាល់ពីវិបត្តិនានា បានធ្វើឱ្យប្រាក់ចំណេញរបស់វិស័យធនាគារកាលពីឆ្នាំ២០២៣ មានការធ្លាក់ចុះប្រមាណ៤០% បើធៀបនឹងឆ្នាំ២០២២ ខណៈឥណទានមិនដំណើរការ មានអាត្រាជាង៥% ដែលជាអាត្រាច្រើនជាងឆ្នាំ២០២២ ប៉ុន្តែស្ថិតនៅក្នុងកម្រិតអាចគ្រប់គ្រងបាន។
តើមានមូលហេតុអ្វីបានជាប្រាក់ចំណេញរបស់វិស័យធនាគារធ្លាក់ចុះបែបនេះ? ឆ្លើយតបនឹងសំណួរនេះ ប្រធានសមាគមធនាគារនៅកម្ពុជា បានគូសបញ្ជាក់ថា ការធ្លាក់ចុះប្រាក់ចំណេញក្នុងវិស័យធនាគារ គឺដោយសារអាត្រាការប្រាក់បញ្ញើមានការកើនឡើង បើធៀបនឹងកំណើនឥណទាន និងមួយចំណែកទៀត កើតឡើងដោយសារតែឥណទានមិនដំណើរការ។ តែយ៉ាងណា ប្រធានសមាគមរូបនេះ អះអាងថា ការថយចុះប្រាក់ចំណេញនេះ ពុំបានបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់វិស័យធនាគារនោះទេ ព្រោះលំហូរសាច់ប្រាក់ក្នុងវិស័យនេះនៅតែស្ថិតក្នុងកម្រិតខ្ពស់។
វិស័យធនាគារបានរួមចំណែកយ៉ាងសំខាន់ក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជា និងផ្ដល់លទ្ធភាពដល់ពលរដ្ឋដើម្បីមានទុនក្នុងការពង្រីកអាជីវកម្ម និងប្រើប្រាស់តាមតម្រូវការនានា។ តែយ៉ាងណាលោក រ័ត្ន សោភ័ណ លើកទឹកចិត្តដល់អ្នកប្រើប្រាស់ឥណទាន ត្រូវប្រើឱ្យចំគោលដៅ ដើម្បីបង្កើតបាននូវភាពវិជ្ជមាន បើមិនដូច្នេះទេនឹងប្រឈមបញ្ហាជាក់ជាមិនខាន។
បើតាមរបាយការណ៍ប្រចាំឆ្នាំ២០២៣របស់ធនាគារជាតិនៃកម្ពុជា ទំនុកចិត្តមកលើប្រព័ន្ធធនាគារកម្ពុជាបន្តមានភាពរឹងមាំ បើទោះបីជាឆ្នាំ២០២៣ ជាឆ្នាំនៃការបោះឆ្នោត ហើយប្រព័ន្ធធនាគារនៅក្នុងប្រទេសមួយចំនួនបានរងការប៉ះទង្គិចដោយការដួលរលំនៃគ្រឹះស្ថានធនាគារពាណិជ្ជក៏ដោយ។ ប៉ុន្តែការងើបឡើងទន់ខ្សោយនៃវិស័យមួយចំនួនបានបណ្តាលឱ្យកំណើនឥណទានថយចុះមកនៅអត្រាមួយខ្ទង់ជាលើកដំបូងក្នុងរយៈពេលជាង២ទសវត្សរ៍ចុងក្រោយនេះ។ ការថយចុះកំណើនឥណទាន គួបផ្សំនឹងការបញ្ចប់ការរៀបចំឥណទានឡើងវិញក្នុងអំឡុងវិបត្តិកូវីដ-១៩ បានបណ្តាលឱ្យអនុបាតឥណទានមិនដំណើរការកើនឡើង ដែលតម្រូវឱ្ គ្រឹះស្ថានធនាគារ និងហិរញវត្ថុបន្តបង្កើនការតាមដាន វាយតម្លៃ និងធ្វើស្ត្រេសតេស្តជាប់ជាប្រចាំលើហានិភ័យដែលអាចកើតឡើងជាយថាហេតុ៕
អត្ថបទ៖ បូ ដូឡា