តាមរយៈការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗបានឱ្យដឹងថា បើតាមសេចក្តីថ្លែងការពីរដ្ឋាភិបាលវៀតណាមថា ប្រធានបក្សកុម្មុនិស្តវៀតណាមលោក ង្វៀន ភូជុង បានស្នើឱ្យប្រទេសទាំងពីរបន្តពង្រីកកិច្ចសហប្រតិបត្តការសេដ្ឋកិច្ច រក្សាឱ្យបានូវខ្សែចង្វាក់ផ្គត់ផ្គង់ និងធ្វើឱ្យប្រាកដអំពីកិច្ចសហប្រតិបត្តការសន្តិសុខ និងការពារជាតិ។ ភាគីទាំងពីរក៏បានយល់ព្រមគ្នាទៅវិញទៅមកលើការអញ្ជើញសម្រាប់ដំណើរទស្សនកិច្ចកម្រិតខ្ពស់ណាមួយ ដែលត្រូវធ្វើឡើងដោយភ្នាក់ងារពាក់ព័ន្ធនៃប្រទេសទាំងពីរផងដែរ។
បុគ្គលដែលគេដឹងថា មានឥទ្ធិពលបំផុតក្នុងប្រទេសវៀតណាម គឺលោក ង្វៀន ភូជុង បានបានសង្កត់ធ្ងន់លើភាពចាំបាច់សម្រាប់ភាគីទាំងពីរ ក្នុងការបង្កើនទំនាក់ទំនង និងការផ្លាស់ប្តូររវាងទីភ្នាក់ងារនៃប្រទេសទាំងពីរគ្រប់កម្រិតក្នុងលក្ខណៈបត់បែន រួមទាំងការពង្រឹងទំនាក់ទំនងរវាងរដ្ឋាភិបាល សភា គណបក្ស និងប្រជាជន ដើម្បីពង្រឹងទំនាក់ទំនងនៃប្រទេសទាំងពីរឱ្យកាន់តែមាននិរន្តរភាព និងមានភាពស៊ីជម្រៅផងដែរ។
ដោយឡែក នៅក្នុងសេចក្តីថ្លែងការណ៍មួយ សេតវិមានអាមេរិកបាននិយាយថា លោកចូ បៃដិន បានបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ចំពោះប្រទេសវៀតណាមគឺរឹងមាំ វិបុលភាព ប្រកបដោយភាពធន់ និងឯករាជ្យ ដោយបន្ថែមថា ប្រទេសទាំងពីរនឹងធ្វើការរួមគ្នា ដើម្បីដោះស្រាយបញ្ហាប្រឈមក្នុងតំបន់ និងធានាឱ្យបាននូវតំបន់ឥណ្ឌូប៉ាស៊ីហ្វិកសេរី និងបើកចំហ។
ជាក់ស្តែង ការប្តេជ្ញារបស់រដ្ឋបាលលោក ចូ បៃដិន ក្នុងការបង្កើនទំនាក់ទំនងជាមួយប្រទេសនៅអាស៊ីអាគ្នេយ៍នេះកើតឡើង ចំពេលដែលមានការកើនឡើងនូវភាពតានតឹងជាមួយចិន ទាំងនៅច្រកសមុទ្រតៃវ៉ាន់ និងសមុទ្រចិនខាងត្បូង។ បើទោះបីជា ប្រទេសវៀតណាមកំពុងមានភាពល្អែមល្ហែមនៅក្នុងទំនាក់ទំនងជាមួយសហរដ្ឋអាមេរិកក៏ដោយ ប្រទេសកុម្មុយនិស្តមួយនេះ នៅតែបន្តរក្សាទំនាក់ទំនងល្អ និងមិនអាចខ្វះបានជាមួយនឹងប្រទេសចិនដែរ។
គួររំលឹកឡើងវិញបន្តិចថា អគ្គលេខាបក្សកម្មុយនិស្ដវៀតណាម លោក ង្វៀន ភូជុង បានបានធ្វើទស្សនកិច្ចទៅកាន់ប្រទេសចិនភា្លមៗ ក្រោយបញ្ចប់សម័យប្រជុំសមាជជាតិលើកទី ២០ នៃបក្សកុម្មុយនិស្តចិនកាលពីឆ្នាំមុន ហើយក្នុងនោះភាគីទាំងពីរបានសន្យាថា នឹងធ្វើឱ្យកាន់តែស៊ីជម្រៅថែមទៀតនូវភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រដ៏ទូលំទូលាយ។
មែនទែនទៅ វៀតណាម ដូចប្រទេសអាស៊ីអាគ្នេយ៍ភាគច្រើនដទៃទៀតដែរ គឺបានរក្សាជំហរអព្យាក្រឹតជុំវិញភាពតានតឹងរវាងសហរដ្ឋអាមេរិក និងចិនដែលកំពុងកើនឡើង ហើយនៅក្នុងជំនួបតាមរយៈទូរសព្ទជាមួយលោក បៃដិននោះ លោក ភូជុង បានសង្កត់ធ្ងន់លើគោលនយោបាយការបរទេសនៃឯករាជ្យភាព និង «ការពឹងផ្អែកលើខ្លួនឯង» ខណៈដែលលោក ចូ បៃដិន លើកឡើងពីការកំណត់ពាណិជ្ជកម្ម ថាមពលស្អាត និងការផ្លាស់ប្តូរថាមពល ដើម្បីប្រែក្លាយប្រទេសទាំងពីរជាតំបន់ប្រកបសក្តានុពល៕