តើមេដឹកនាំនៃប្រទេសទាំងពីរបានឯកភាពគ្នាលើបញ្ហាអ្វីខ្លះ នៅក្នុងជំនួបកំពូល២ថ្ងៃមកនេះ?
ក្រោយពីបានពិភាក្សាជាមួយគ្នាយ៉ាងទូលំទូលាយនៃដំណើរទស្សនកិច្ចពីរថ្ងៃនៅទីក្រុងម៉ូស្គូ លោក ស៊ី ជីនពីង និងលោក ពូទីន បានធ្វើសន្និសីទព័ត៌មានរួមគ្នាមួយ ដើម្បីបង្ហាញសេចក្ដីថ្លែងការណ៍រួមគ្នាដែលសង្កត់ធ្ងន់លើតម្រូវការចាំបាច់ ក្នុងការដោះស្រាយបញ្ហានៅអ៊ុយក្រែនតាមរយៈការសន្ទនាគ្នា និងកិច្ចចរចាសន្តិភាព។
លោក ស៊ី បាននិយាយថា កាលពីខែមុន ចិនបានចេញឯកសារមួយមានចំណងជើងថា «ជំហររបស់ចិនលើដំណោះស្រាយនយោបាយនៃវិបត្តិអ៊ុយក្រែន»។ ក្នុងឯកសារនេះ លោកប្រធានាធិបតីចិន បានសង្កត់ធ្ងន់ថា ពាក់ព័ន្ធនឹងវិបត្តិនៅអ៊ុយក្រែននេះ ចិនបានគោរពតាមគោលបំណងនិងគោលការណ៍របស់ធម្មនុញ្ញសហប្រជាជាតិ ដើរតាមគោលជំហរអព្យាក្រឹតនិងមិនលម្អៀង ជំរុញយ៉ាងសកម្មឱ្យមានការចរចាសន្តិភាពដើម្បីដោះស្រាយបញ្ហានីមួយៗ និងប្រកាន់ជំហររឹងមាំសម្រាប់សន្តិភាពនិងការសន្ទនាដោយផ្អែកតាមភាពត្រឹមត្រូវនៃប្រវត្តិសាស្ត្រ។
សេចក្តីថ្លែងការណ៍រួមនេះក៏បានចោទប្រកាន់បស្ចិមលោកដែរថា ទីក្រុងវ៉ាស៊ីនតោនកំពុងធ្វើឱ្យខូចសណ្ដាប់ធ្នាប់ពិភពលោក ហើយអង្គការណាតូកំពុងរាលដាលដល់តំបន់អាស៊ីប៉ាស៊ីហ្វិកហើយនាពេលនេះ។ បស្ចឹមលោកបានព្យាយាមធ្វើឱ្យរុស្ស៊ីនៅឯកោ ដោយសារតែការឈ្លានពានរបស់ក្រុងមូស្គូទៅលើអ៊ុយក្រែន ខណៈដែលលោក ពូទីន ប្រឈមមុខនឹងដីកាចាប់ខ្លួនពីតុលាការឧក្រិដ្ឋកម្មអន្តរជាតិ និងការដាក់ទណ្ឌកម្មជាសកលប្រឆាំងនឹងរដ្ឋាភិបាល និងសេដ្ឋកិច្ចរបស់លោកផងដែរ។
លោក ពូទីន បានកោតសរសើរលោក ស៊ី សម្រាប់ផែនការសន្តិភាពនៅអ៊ុយក្រែន ដែលលោក ស៊ី បានស្នើឡើងកាលពីខែមុននេះ ហើយលោក ពូទីន បានស្តីបន្ទោសទីក្រុងកៀវ និងបស្ចឹមលោកចំពោះការបដិសេធ ឬក៏ច្រានចោលសំណើទាំង១២ចំណុចរបស់ចិននេះ។
សារព័ត៌មានរ៉យទ័រ ដែលបានស្រង់សម្ដីដើមលោក ស៊ី ជីនពីង ដែលបានប្រាប់ទៅកាន់លោកពូទីន នៅពេលលោកត្រៀមធ្វើដំណើរចាកចេញពីទីក្រុងម៉ូស្គូយ៉ាងដូច្នេះថា «ឥឡូវនេះ មានការផ្លាស់ប្ដូរដែលមិនធ្លាប់មាននៅក្នុងរយៈពេល១០០ឆ្នាំមកនេះ។ នៅពេលណា យើង (ចិន និងរុស្ស៊ី) នៅរួមជាមួយគ្នា យើងនឹងគ្រប់គ្រងលើការផ្លាស់ប្ដូរនេះបាន»។ រីឯ លោកពូទីនវិញ ក៏បាននិយាយឆ្លើតប ឯកភាព ចំពោះអ្វីដែលោកស៊ី លើកឡើងផងដែរ។ លោក ស៊ី និងលោក ពូទីន ដែលបានហៅគ្នាទៅវិញទៅមកថា ជាមិត្តសម្លាញ់មិនដាច់ពីមាត់នោះ ក៏បានសន្យាលើការជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងបានពណ៌នាទំនាក់ទំនងរបស់ប្រទេសទាំងពីរថា ជាទំនាក់ទំនងដ៏ល្អបំផុតមិនធ្លាប់មានផងដែរ។
ទោះយ៉ាងណា អ្នកនាំពាក្យសេតវិមានលោក ចន ឃឺប៊ី បាននិយាយពីថ្ងៃអង្គារទី២១មីនា ថា តួនាទីរបស់ចិនពាក់ព័ន្ធនឹងវិបត្តិនៅអ៊ុយក្រែននេះ គឺមិនអព្យាក្រឹតទាល់តែសោះ ដោយអ្នកនាំពាក្យរូបនេះបានលើកឡើងថា ប្រសិនបើចិនពិតជាចង់ដើរតួនាទីក្នុងការស្ថាបនានៅអ៊ុយក្រែនមែននោះ ចិនគួរតែជំរុញឱ្យរុស្ស៊ីដកទ័ពចេញពីអ៊ុយក្រែន ដើម្បីបញ្ចប់ការឈ្លានពាននៅពេលនេះ។ លោក ឃឺប៊ី ក៏បានបញ្ជាក់ដែរថា អាមេរិកនឹងរក្សាទំនាក់ទំនងបើកចំហជាមួយចិន ទោះជាលោក ស៊ី បានទៅទស្សនកិច្ចនៅរុស្ស៊ីក៏ដោយ ហើយថារដ្ឋាភិបាលអាមេរិកនឹងនៅតែបន្តកិច្ចពិភាក្សាជាមួយលោក ស៊ី នៅពេលសមស្របណាមួយ។
នៅអំឡុងពេលលោកស៊ី និងលោកពូទីនជួបពិភាក្សាគ្នា មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) កាលពីថ្ងៃទី ២១មីនា ក៏បានប្រកាសសម្រេចកិច្ចព្រមព្រៀងបឋមជាមួយទីក្រុងកៀវ សម្រាប់ការផ្ដល់កញ្ចប់ប្រាក់កម្ចីរយៈពេល ៤ ឆ្នាំក្នុងទឹកប្រាក់ជាង ១៥ពាន់លានដុល្លារ។
ចំនួនប្រាក់នេះនឹងជួយស្ដារអ៊ុយក្រែនពីការខូចខាតយ៉ាងធ្ងន់ធ្ងរ នៃហេដ្ឋារចនាសម្ព័ន្ធ និងសេដ្ឋកិច្ចក្នុងអំឡុងពេលការឈ្លានពានរបស់រុស្ស៊ីអស់រយៈពេលមួយឆ្នាំមកនេះ។ មូលនិធិ IMF បាននិយាយថា ខ្លួនរំពឹងថាសេដ្ឋកិច្ចរបស់អ៊ុយក្រែននឹងបង្ហាញពីកំណើននៅឆ្នាំ២០២៣ពី -៣% ទៅ ១%វិញ។
ដោយឡែកពីនេះ សហរដ្ឋអាមេរិកមានបំណងពន្លឿនការបញ្ជូនរថក្រោះចម្បាំងស៊េរី Abrams ចំនួន ៣១ គ្រឿងទៅឱ្យអ៊ុយក្រែននៅរដូវស្លឹកឈើជ្រុះខាងមុខនេះផងដែរ។ នេះបើតាមអ្នកនាំពាក្យមន្ទីរបញ្ចកោណគឺឧត្តមសេនីយ៍ទោលោក ផេទ្រីក រ៉ាយឌឺ (Patrick Ryder)៕
អត្ថបទ ៖ សុខ ជា