ការវិនិយោគព្រលានយន្តហោះនៅកម្ពុជា

តើការវិនិយោគព្រលានយន្តហោះនៅកម្ពុជាដោយក្រុមហ៊ុនបារាំង និងចិន ខុសគ្នាដូចម្ដេច?


បច្ចុប្បន្ន កម្ពុជាកំពុងមានព្រលានយន្ដហោះធំៗចំនួន៣ ដែលកំពុងដំណើរការ រួមមាន នៅរាជធានីភ្នំពេញ សៀមរាប និងក្រុងព្រះសីហនុ ដែលស្ថិតនៅក្រោមការគ្រប់គ្រងប្រតិបត្តិការដោយក្រុមហ៊ុន Cambodia Airport ដែលមានក្រុមហ៊ុនបារាំង Vinci ជាក្រុមហ៊ុនមេ។ ក្រៅតែពី ការវិនិយោគដោយក្រុមហ៊ុនបារាំង ព្រលានយន្ដហោះកម្ពុជាថ្មីៗដែលកំពុងសាងសង់មួយចំនួនទៀត ក៏មានការវិនិយោគដោយក្រុមហ៊ុនចិនផងដែរ ដូចជាអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរថ្មីជាដើម។
សម្តេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យវឌ្ឍនភាពនៃការសាងសង់ អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២២ រូបភាព៖ SPM page

ថ្លែង​ក្នុង​ឱកាស​អញ្ជើញ​ពិនិត្យ​វឌ្ឍនភាព​នៃ​ការ​សាងសង់​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​-​អង្គរ នៅ​ថ្ងៃ​ទី​៣ ខែមេសា សម្តេច​តេ​ជោ ហ៊ុន សែន បាន​ចោទ​ជា​សំនួរ​យ៉ាង​ដូច្នេះ​ថា តើ​មាន​ភាព​ខុស​គ្នា​យ៉ាងណា រវាង​ព្រ​លាន​យន្តហោះ​ទាំង​៣ រួម​មាន​៖ ព្រ​លាន​យន្តហោះ​ភ្នំពេញ​,​ព្រ​លាន​យន្តហោះ​ព្រះ​សីហ​នុ និង​ព្រ​លាន​យន្តហោះ​សៀមរាប ដែល​កំពុង​មានការ​ចូលរួម​វិនិយោគ​ពី​ក្រុមហ៊ុន​បារាំង ជាមួយនឹង​គម្រោង​សាងសង់​ព្រ​លាន​យន្តហោះ​សៀមរាប​ថ្មី ដែល​ចូលរួម​វិនិយោគ​ដោយ​ក្រុមហ៊ុន​ចិន?

បើ​តាម​សម្ដេច ហ៊ុន សែន ការ​សាងសង់​ព្រ​លាន​យន្តហោះ​សៀមរាប​-​អង្គរ​ថ្មី​នេះ គឺជា​ការ​វិនិយោគ​ដោយ​ក្រុមហ៊ុន​ចិន ដោយ​មាន​តម្លៃ​វិនិយោគ​ប្រមាណ​ជិត​១​ពាន់​លាន​ដុល្លារ​។ ហើយ​វា ទម្រង់​នៃ​ការ​វិនិយោគ​នេះ គឺ Build Operate Transfer (BOT) មាន​ន័យ​ថា សាងសង់ គ្រប់គ្រង ហើយ​ផ្ទេរ​មក​ឲ្យ​រាជរដ្ឋាភិបាល​គ្រប់គ្រង​វិញ ពោល​គឺ​វា​ដូច​គ្នា នឹង​ទ​ម្រ់​នៃ​ការ​វិនិយោគ​របស់​បារាំង​លើ​ព្រ​លាន​យន្តហោះ​ទាំង​៣ ដែល​កំពុង​ដំណើរការ​បច្ចុប្បន្ន​នេះ​ដែរ​។

ក៏​ប៉ុន្ដែ សម្តេច​តេ​ជោ បាន​គូសបញ្ជាក់​ថា ការ​វិនិយោគ​ដោយ​ក្រុមហ៊ុន​ចិន គឺ​កម្ពុជា​មាន​តែ​ដី​ប៉ុណ្ណោះ ចំពោះ​ថវិកា គឺ​វិនិយោគ​ទាំងស្រុង​ដោយ​ក្រុមហ៊ុន​ចិន​។ សម្តេច​បន្ត​ទៀត​ថា ព្រ​លាន​យន្តហោះ​អន្តរជាតិ​សៀមរាប​-​អង្គរ​ថ្មី​នេះ ក្រុមហ៊ុន​ចិន​នឹង​ត្រូវ​គ្រប់គ្រង រយៈពេល​៥៥​ឆ្នាំ ផុត​ពី​៥៥​ឆ្នាំ ព្រ​លាន​យន្តហោះ​ថ្មី​នេះ ត្រូវ​ប្រគល់​ឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា​គ្រប់គ្រង​ដាច់​វិញ​តែ​ម្តង​។ ដោយឡែក សម្រាប់​ការ​វិនិយោគ​លើ​ព្រ​លាន​យន្ដហោះ​ដែល​កំពុង​ដំណើរការ​បច្ចុប្បន្ន​នេះ ដោយ​ក្រុមហ៊ុន​បារាំង​វិញ គឺ​កម្ពុជា​មាន​ព្រ​លាន​យន្តហោះ​កំពុង​ដំណើរការ​រួច​ហើយ ពោល​គឺ​កម្ពុជា​មាន​ចំណែក​ទុន​ធំ​រួច​ហើយ ប៉ុន្តែ យើង​នៅ​ខ្វះខាត​ទុន​វិនិយោគ​បន្ថែម ដូច្នេះ រាជរដ្ឋាភិបាល​ក៏​បាន​ហៅ​ក្រុមហ៊ុន​បារាំង ឲ្យ​ចូលរួម​ក្នុង​ការ​វិនិយោគ ពង្រឹងសមត្ថភាព ហើយ​កសាង​នូវ​មូលដ្ឋាន​នៃ​ព្រ​លាន​យន្ដហោះ​ទាំងនេះ ដើម្បី​បម្រើ​ឲ្យ​ការ​អភិវឌ្ឍន៍​ប្រទេស​របស់​កម្ពុជា​។

យ៉ាងណា​ក៏​ដោយ​ចុះ សម្តេច​តេ​ជោ ហ៊ុន សែន ក៏​បាន​គូសបញ្ជាក់​ទៀត​ថា ក្នុង​កិច្ចព្រមព្រៀង​រវាង​រាជរដ្ឋាភិបាល​កម្ពុជា​ជាមួយ​ក្រុមហ៊ុន​បារាំង កាលណា​ដែល​បារាំង​ដេញថ្លៃ​បាន បារាំង​មាន​សិទ្ធិ​តាម​គ្រប់គ្រង​ព្រ​លាន​យន្តហោះ​ទាំង​នៅ​រាជធានី​ភ្នំពេញ ខេត្ត​ព្រះ​សីហ​នុ និង​ខេត្តសៀមរាប​។ ដូច្នេះ កម្ពុជា​ត្រូវ​តែ​មាន​សំណង​សមរម្យ​មួយ ទៅ​ឲ្យ​ក្រុមហ៊ុន​បារាំង នៅ​ក្រោយ​ចប់​កុងត្រា​ជាមួយ​គ្នា​។ សម្តេច​តេ​ជោ សង្ឃឹម​ដែរ​ថា បារាំង នឹង​មិន​ទាមទារ​ថ្លៃ​សំណង​ហួសហេតុ​នោះ​ទេ បន្ទាប់​ពី​ផុត​ពី​ការ​ទទួលផល​ពី​ព្រ​លាន​យន្តហោះ ដ៏​តូច​នៅ​ក្នុង​ខេត្តសៀមរាប​ដែល​កំពុង​ដំណើរការ​នេះ​។

សូម​បញ្ជាក់​ថា ក្រោម​ការ​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន​បារាំង Vinci ដែល​ជា​ក្រុមហ៊ុនមេ​របស់​ក្រុមហ៊ុន​អាកាសយានដ្ឋាន​កម្ពុជា (Cambodia Airport) ក្រុមហ៊ុន​នេះ បាន​ទទួល​ការ​សិទ្ធ​ក្នុង​ការ​អភិវឌ្ឍន៍ និង​គ្រប់គ្រង​ព្រ​លាន​យន្ដហោះ​នៅ​ក្នុង​ទីតាំង​ចំនួន​៣​នៅ​កម្ពុជា ដូច​ជា​នៅ​រាជធានី​ភ្នំពេញ សៀមរាប និង​ខេត្ត​ព្រះ​សីហ​នុ តាំងពី​ឆ្នាំ​១៩៩៥​មក​ម្ល៉េះ ដោយ​មាន​កុងត្រា​រយៈពេល​៤៥​ឆ្នាំ ពោល​គឺ​នៅ​ឆ្នាំ​២០៤០ ទើប​ចប់​កុងត្រា ហើយ​ក្រុមហ៊ុន​បារាំង​នឹង​ផ្ទេរ​ការ​គ្រប់គ្រង​ព្រ​លាន​យន្ដហោះ​នេះ​មក​ឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា​វិញ​។ នេះ​បើ​តាម​ព័ត៌មាន​ដែល​បង្ហាញ​នៅ​ក្នុង​គេហទំព័រ​ក្រុមហ៊ុន បារាំង Vinci​។

ដោយឡែក សម្ដេច ហ៊ុន សែន បាន​បញ្ជាក់​ទៀត​ថា ទាក់ទង​នឹង​គម្រោង​វិនិយោគ​ព្រ​លាន​យន្តហោះ​អន្តរជាតិ​សៀមរាប​-​អង្គរ​ថ្មី​នេះ ដែល​វិនិយោគ​ដោយ​ក្រុមហ៊ុន​ចិន​វិញ មាន​កុងត្រា​គ្រប់គ្រង រយៈពេល​៥៥​ឆ្នាំ ហើយ​ផុត​ពី​៥៥​ឆ្នាំ ព្រ​លាន​យន្តហោះ​ថ្មី​នេះ ត្រូវ​ប្រគល់​ឲ្យ​កម្ពុជា គ្រប់គ្រង​ដាច់​វិញ​តែ​ម្តង​។ សូម​បញ្ជាក់​ថា ព្រ​លាន​យន្តហោះ​អន្តរជាតិ​សៀមរាប​-​អង្គរ​ថ្មី សាងសង់​ដោយ​ក្រុមហ៊ុន​ចិន YUNAN DEVELOPMENT GROUP គ្រោង​វិនិយោគ​នូវ​ទឹកប្រាក់​ជិត​១​ពាន់​លាន​ដុល្លារ នៅ​ស្ថិត​នៅ​ក្នុង​ឃុំ​ពពេល និង​ឃុំ​តា​យ៉ែ​ក ស្រុក​សូទ្រនិគម ខេត្តសៀមរាប លើ​ផ្ទៃដី​៧០០​ហិ​កតា​៕

None



អត្ថបទបន្ទាប់


ថៃរកឃើញមេរោគកូវីដ១៩បំប្លែងខ្លួនថ្មីអូមីក្រុង XE លើកដំបូង

ប្រទេសថៃកាលពីថ្ងៃសៅរ៍បានរាយការណ៍ពីករណីឆ្លងលើកដំបូងនៃមេរោគកូវីដ១៩បំប្លែងខ្លួនថ្មីមួយប្រភេទទៀត គឺ Omicron XE ដែលជាការរួមបញ្ចូលគ្នានៃមេរ…

ស្រីលង្ការាំងខ្ទប់បណ្ដាញសង្គមមិនឲ្យពលរដ្ឋប្រើ ក្រោយដាក់បម្រាមគោចរទូទាំងប្រទេស ដើម្បីទប់ទល់នឹងបាតុកម្ម

នៅថ្ងៃអាទិត្យម្សិលមិញនេះ ប្រទេសស្រីលង្កាទើបតែបានសម្រេចបិទខ្ទប់បណ្ដាញសង្គម លែងឲ្យពលរដ្ឋចូលប្រើប្រាស់ បន្ទាប់ពីរដ្ឋាភិបាលទើបតែបានដាក់បម្រាមគោចរ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ