វេទិកាសេដ្ឋកិច្ចសកលឆ្នាំ២០២៣

តើក្រុមសេដ្ឋវិទូមានពិភាក្សា និងបង្ហាញទស្សនទានសេដ្ឋកិច្ចអ្វីខ្លះ ក្នុងកិច្ចប្រជុំថ្ងៃទីពីរនៃវេទិកាសេដ្ឋកិច្ចសកលឆ្នាំ២០២៣?


កិច្ចប្រជុំប្រចាំឆ្នាំនៃវេទិកាសេដ្ឋកិច្ចពិភពលោក នៅទីក្រុងដាវ៉ូស ប្រទេសស្វីសដែលផ្តើមរៀបចំពីថ្ងៃទី១៦ដល់ទី២០ខែមករា បានប្រព្រឹត្តិទៅហើយ ដោយទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពិសេសចំណាប់អារម្មណ៍ ចំពោះការថ្លែងរបស់តំណាងសហភាពអឺរ៉ុប ចិន និងអ៊ុយក្រែន។ នេះបើតាមការចុះផ្សាយរបស់ភ្នាក់ងារព័ត៌មាន Reuter។
រឿងធំៗ៣ដែលចាប់អារម្មណ៍ខ្លាំងនៅថ្ងៃបើកវេទិកាសេដ្ឋកិច្ចពិភពលោក

ក្នុងនោះ សហភាពអឺរ៉ុប បានលើកឡើងអំពីវិធានការរបស់ខ្លួន ដើម្បីរក្សាក្រុមហ៊ុន មិនឱ្យចាកចេញទៅសហរដ្ឋអាមេរិក។ ចំណែកប្រទេសចិន បានបើកទ្វារស្វាគមន៍យ៉ាងកក់ក្តៅចំពោះអ្នកវិនិយោគបរទេស ក្នុងពេលដែលចិនកំពុងជួបការធ្លាក់ចុះសេដ្ឋកិច្ច។ ដោយឡែក តំណាងអ៊ុយក្រែនវិញដូចសព្វមួយដង បានប្រកាសអំពាវនាវឱ្យប្រទេសធំៗជួយឆាប់បញ្ចប់សង្គ្រាមដ៏អូសបន្លាយនៅប្រទេសរបស់ខ្លួន។

សម្រាប់ភាគីអឺរ៉ុប លោកស្រី អ៊ូសូឡា វ៉ុនឌឺលីយេន(Ursula von der Leyen)ដែលជាប្រធានគណៈកម្មាធិការអឺរ៉ុបបានថ្លែងក្នុងវេទិកា ដោយប្រឆាំងនឹងច្បាប់កាត់បន្ថយអតិផរណារបស់អាមេរិក (Inflation Reduction Act) ដែលច្បាប់នេះបើកផ្លូវឱ្យវ៉ាស៊ីនតោនផ្តល់កញ្ចប់ថវិកាឧបត្ថម្ភដ៏ច្រើនសន្ធឹកសន្ធាប់ សម្រាប់ក្រុមហ៊ុនវិនិយោគក្នុងឧស្សាហកម្មបៃតងនៅក្នុងស្រុក។ លោកស្រីបារម្ភថា ច្បាប់នេះនឹងទាក់ទាញក្រុមហ៊ុនធំៗចេញពីតំបន់អឺរ៉ុប ទៅកាន់អាមេរិក ដើម្បីធ្វើការវិនិយោគនៅទីនោះ។

ប្រមុខគណៈកម្មការអឺរ៉ុបរូបនេះ បានបញ្ជាក់ក្នុងកិច្ចប្រជុំវេទិកាសេដ្ឋកិច្ចពិភពលោកថា សហភាពអឺរ៉ុបនឹងផ្តល់ជំនួយរដ្ឋ ក៏ដូចជាមូលនិធិអធិបតេយ្យភាព អត្រាប្រាក់ខែកម្មករដែលមានកំរិតប្រកួតប្រជែង និងការលើកទឹកចិត្តជាច្រើនតាមដែលអាចធ្វើបាន ដើម្បីថែទាំរក្សាទុកក្រុមហ៊ុន មិនឱ្យចាកចេញទៅក្រៅតំបន់អឺរ៉ុបឡើយ។

បើតាមលោកស្រី Ursula von der Leyen បានឱ្យដឹងថា ដើម្បីឆ្លើយតបនឹងច្បាប់របស់អាមេរិកនេះ គឺសហភាពអឺរ៉ុបមានផែនការឧស្សាហកម្មកិច្ចព្រមព្រៀងបៃតង ក្នុងការធ្វើឱ្យអឺរ៉ុបក្លាយជាមជ្ឈមណ្ឌលមួយសម្រាប់បច្ចេកវិទ្យាស្អាត និងការច្នៃប្រឌិត។ គោលបំណងនេះ នឹងផ្តោតការវិនិយោគទៅលើគម្រោងយុទ្ធសាស្រ្ត រួមជាមួយនឹងខ្សែចង្វាក់ផ្គត់ផ្គង់ទាំងមូល។

ចំណែកប្រទេសចិន គឺកំពុងផ្តោតសំខាន់ទៅលើការបើកទ្វារប្រទេសឡើងវិញ ដើម្បីស្វាគមន៍ពិភពលោក ដោយក្នុងនោះ ឧបនាយករដ្ឋមន្រ្តីចិន លោក លីវ ហឺ(Liu He) បានបញ្ជាក់ច្បាស់ថា ប្រទេសចិន ចង់ឱ្យអ្នកវិនិយោគអន្តរជាតិដើរតួនាទីសំខាន់ក្នុងការជួយស្រោចស្រង់សេដ្ឋកិច្ចដែលកំពុងមានកំណើនយឺតរបស់ខ្លួន បន្ទាប់ពីបិទខ្ទប់ប្រមាណ ៣ឆ្នាំ ដោយសារជំងឺកូវីដ១៩។

គួរដឹងថា ការថ្លែងរបស់លោកលីវ ក្នុងកិច្ចប្រជុំនេះ គឺផ្តោតខ្លាំងទៅលើការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ និងរក្សាសន្តិភាពពិភពលោក ខណៈដែលចិនបានជួបនូវកំណើនសេដ្ឋកិច្ចទន់ខ្សោយបំផុតក្នុងឆ្នាំ២០២២កន្លងទៅថ្មីៗនេះ។ ទន្ទឹមនឹងនេះ វាក៏ជាសញ្ញាថ្មីមួយទៀត ក្នុងការបង្កើនការតភ្ជាប់ជាមួយបណ្តាប្រទេសដទៃក្នុងរយៈពេលចុងក្រោយនេះដែរ។ ក្នុងនោះទំនាក់ទំនងជាមួយអូស្ត្រាលី ត្រូវបានធ្វើឱ្យប្រសើរឡើងនាពេលថ្មីៗនេះ ដើម្បីបើកផ្លូវសម្រាប់ចិន ក្នុងការបន្តនាំចូលពីអូស្ត្រាលី បន្ទាប់ពីផ្អាកអស់ពេល៣ឆ្នាំ។

ដោយឡែក សម្រាប់បញ្ហាអ៊ុយក្រែនវិញ គឺមានការចូលរួមពីលោកស្រី អូលេណា ហ្សេលេនស្កា(Olena Zelenska) ភរិយាប្រធានាធិបតីហ្សេលេនស្គី និងជាស្រ្តីទីមួយរបស់អ៊ុយក្រែន។ លោកស្រីបានថ្លែងបញ្ជាក់ថា លោកស្រីនឹងផ្ញើសំបុត្រតាមលោក លីវ ហឺ ឧបនាយករដ្ឋមន្រ្តីចិនដើម្បីយកទៅប្រគល់ជូនប្រធានាធិបតី ស៊ី ជិនពីង ដោយបញ្ជាក់ពីសំណើរបស់ប្រធានាធិបតីអ៊ុយក្រែន ជួយជ្រោមជ្រែងសម្រាប់ការបញ្ចប់សង្គ្រាមឈ្លានពានរបស់រុស្ស៊ី។

ក្រៅពីប្រគល់ទៅឱ្យមេដឹកនាំចិន លោកស្រីអូលេណា ក៏នឹងមានសំបុត្រសម្រាប់ប្រគល់ជូនលោកស្រី Ursula von der Leyen និងប្រធានាធិបតីស្វីសដែលជាម្ចាស់ផ្ទះ គឺលោក អាឡេន បឺសេដ(Alain Berset) ផងដែរ។

គួរកត់សម្គាល់ថា លោកស្រី អូលេណា ហ្សេលេនស្កា មានបំណងប្រើប្រាស់ឥទ្ធិពលវេទិកាសេដ្ឋកិច្ចពិភពលោកនេះ ក្នុងការជំរុញឆ្ពោះទៅរកការបញ្ចប់សង្គ្រាមនៅប្រទេសខ្លួន ដោយលោកស្រីបានលើកឡើងថា កិច្ចសហប្រតិបត្តិការសាកល គឺត្រូវការដើម្បីការពារអាយុជីវិតមនុស្សនៅទូទាំងពិភពលោក។ ក្នុងនោះលោកស្រីបានលើកជាសំណួរថា តើពិភពលោកនេះអាចទប់ស្កាត់ការប្រែប្រួលអាកាសធាតុដោយរបៀបណាទៅ បើសិនមិនអាចបញ្ឈប់ការដុតកម្លោចបំផ្លាញទីក្រុងរបស់អ៊ុយក្រែន ពីសំណាក់កងកម្លាំងរបស់រុស្ស៊ីបានផងនោះ។

សូមជម្រាបថា ទាំងនេះនៅមិនទាន់ចប់ឡើយ ដោយអាចនៅមានព្រឹត្តិការណ៍សំខាន់ៗជាច្រើនទៀតអាចកើតឡើងក្នុងវេទិកាសេដ្ឋកិច្ចសកលនៅក្នុងឆ្នាំ២០២៣ ព្រោះនេះជាពេលមួយដ៏សំខាន់ដែលទាំងអ្នកសេដ្ឋកិច្ច នយោបាយ រដ្ឋ និងទាំងឯកជន ប្រមូលផ្តុំគ្នាក្នុងកម្មវិធីតែមួយ ហើយជជែកពិភាក្សាគ្នាទល់មុខ។ វេទិកាសេដ្ឋកិច្ចពិភពលោក នៅឆ្នាំ២០២៣នេះ ត្រូវបានប្រារព្ធធ្វើឡើងចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី២០ ខែមករា នៅទីក្រុងដាវូសប្រទេសស្វីសក្រោមមូលបទ «កិច្ចសហប្រតិបត្តិការនៅក្នុងពិភពលោកដែលបែកខ្ញែកគ្នា»៕

អត្ថបទ៖ នៅ សំភី




អត្ថបទបន្ទាប់


តើចរន្តភ្ញៀវទេសចរអន្តរជាតិឆ្នាំ២០២២ មានសម្ទុះងើបឡើងវិញកម្រិតណា?

ចំនួនភ្ញៀវទេសចរបានកើនឡើងទ្វេដងក្នុងឆ្នាំ២០២២ បើធៀបនឹងឆ្នាំ២០២១ ហើយសម្រាប់ឆ្នាំ២០២៣នេះវិញ ចំនួនភ្ញៀវទេសចរអាចនឹងឈានដល់កម្រិតខ្ពស់ដូចមុនព…

ចិនត្រៀមក្រាលកម្រាលព្រំក្រហមទទួលមន្ត្រីការទូតជាន់ខ្ពស់អាមរិកជាលើកដំបូងតាំងពីផ្ទុះសង្គ្រាមពាណិជ្ជកម្មឆ្នាំ២០១៨

រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក លោកអាន់តូនី ប្លីងខេន នឹងធ្វើដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃគឺរាប់ពីថ្ងៃទី៥ដល់ទី៦ខែកុម្ភៈឆ្នាំ២០២៣ ទៅជាន់ទឹ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ