តម្លៃមាសហាក់នៅទ្រឹងក្នុងតម្លៃ២,៦៧៧ដុល្លារក្នុងមួយអោននៅប៉ុន្មានថ្ងៃមុនក្នុងសប្ដាហ៍នេះ ប៉ុន្តែតម្លៃមាសបានកើនឡើង០.៧% ដោយឡើងដល់២,៦៨៨ដុល្លារក្នុង១អោននៅថ្ងៃសុក្រ សប្ដាហ៍នេះ និងបានកើនឡើងជាង៤,៥%សម្រាប់រយៈពេលមួយសប្ដាហ៍នេះ។ នេះគឺជាការឡើងថ្លៃមាសប្រចាំសប្ដាហ៍ដ៏ខ្ពស់បំផុត បើគិតចាប់តាំងពីខែតុលា ឆ្នាំ២០២៣ មក។
ការកើនឡើងតម្លៃមាសនេះ គឺដោយសារក្រុមអ្នកវិនិយោគកំពុងបារម្ភអំពីជម្រកសុវត្ថិភាពសម្រាប់ទ្រព្យសម្បត្តិរបស់ពួកគេកាន់តែខ្លាំងនៅពេលប្រទេសរុស្ស៊ីបានបើកការវាយប្រហារទៅលើអ៊ុយក្រែនកាលពីថ្ងៃព្រហស្បតិ៍ ដោយប្រើមីស៊ីលផ្លោងឆ្លងទ្វីបរយៈចម្ងាយមធ្យម និងបានគំរាមប្រើនុយក្លេអ៊ែរ ដែលអាចបង្កឱ្យផ្ទុះឡើងនូវសង្គ្រាមលោកផងដែរ។
ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បាននិយាយថា ការវាយប្រហារមីស៊ីលផ្លោងឆ្លងទ្វីបនេះ គឺជាឆ្លើយតបចំពោះសហរដ្ឋអាម៉េរិក និងចក្រភពអង់គ្លេសដែលបានអនុញ្ញាតឱ្យទីក្រុងកៀវ អាចប្រើអាវុធរបស់ពួកគេដើម្បីវាយប្រហារចូលទៅក្នុងទឹកដីរបស់រុស្ស៊ី ហើយ ក៏ជាការព្រមានដល់បស្ចិមលោកថា ទីក្រុងម៉ូស្គូអាចវាយប្រហារប្រទេសណាដែលត្រៀមវាយប្រហារដោយនុយក្លេអ៊ែរទៅលើប្រទេសរុស្ស៊ីផងដែរ។
អ្នកវិភាគនៅធនាគារ ANZ បាននិយាយថា ប្រភេទអាវុធដែលរុស្ស៊ីទើបបានបាញ់ទៅលើអ៊ុយក្រែនជាធម្មតាមានបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ ហើយថា ការវាយប្រហារនេះបានធ្វើឱ្យតម្លៃប្រេងឡើងថ្លៃ ហើយការវាយប្រហារគ្នាទៅវិញទៅមកនេះបង្ហាញថា សង្រ្គាមនេះបានឈានចូលដំណាក់កាលថ្មីមួយដែលបង្កើនការព្រួយបារម្ភជុំវិញការរំខានដល់ការផ្គត់ផ្គង់ជាសកល។ តម្លៃប្រេងឆៅនៅលើទីផ្សារអង់គ្លេស Brent បានកើនឡើងជិត៤,៥% នៅសប្តាហ៍នេះ និងបានឡើងដល់កម្រិតខ្ពស់រយៈពេលពីរសប្តាហ៍ គឺឡើងដល់៧៤.៤៤ដុល្លារក្នុងមួយធុងបារ៉ែល។
ស្របពេលនេះដែរតម្លៃប្រាក់អឺរ៉ូបានធ្លាក់ចុះ០,០៥%មកនៅត្រឹម១អឺរ៉ូប្ដូរបាន១,០៤ដុល្លារដែលជាការធ្លាក់ចុះរយៈពេល៧សប្ដាហ៍ជាប់ៗគ្នា។ ការធ្លាក់ចុះនេះ គឺដោយសារតែតំបន់អឺរ៉ុបកំពុងប្រឈមមុខនឹងបញ្ហាមួយចំនួនដូចជាពន្ធគយរបស់សហរដ្ឋអាម៉េរិក កំណើនយឺត ការដួលរលំនៃរដ្ឋាភិបាលអាល្លឺម៉ង់ និងភាពតានតឹងក្នុងរដ្ឋាភិបាលបារាំងជុំវិញថវិកាឆ្នាំ២០២៥។
ទោះយ៉ាងណា ប្រាក់ដុល្លារបានកើនឡើងបន្តិចនៅថ្ងៃនេះ។ បើតាមសន្ទស្សន៍ប្រាក់ដុល្លារបានបង្ហាញថា ប្រាក់ដុល្លារអាម៉េរិកបានកើនឡើងរហូតដល់០.០៨% ក្រោយពីបានឡើងដល់កម្រិតខ្ពស់បំផុតតាំងពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣។ កត្តាដែលជំរុញឱ្យប្រាក់ដុល្លារឡើងថ្លៃនេះត្រូវបានមើលឃើញថា ក្រុមវិនិយោគបានវាយតម្លៃអំពីចក្ខុវិស័យសម្រាប់ផ្លូវឆ្ពោះទៅរកការកាត់បន្ថយអត្រាការប្រាក់របស់ធនាគារកណ្ដាលរបស់អាម៉េរិកបន្ថែមទៀតនាពេលខាងមុខ៕
អត្ថបទ៖ សុខ មង្គល