សកម្មភាពបង្កហេតុរបស់ថៃ

តើមានកត្តាអ្វីខ្លះបានជារដ្ឋាភិបាលមិនឆ្លើយតបភ្លាមៗចំពោះសកម្មភាពបង្កហេតុរបស់ថៃ មកលើកម្ពុជា?


កងទ័ពឈ្លានពានថៃ នៅតែធ្វើសកម្មភាពបង្កហេតុតាមរយៈការរាយបន្លាលួសព័ទ្ធផ្ទះពលរដ្ឋខ្មែរ និងបំពានចូលក្នុងទឹកដីកម្ពុជា បើទោះបីភាគីទាំងពីរកំពុងអនុវត្តបទឈប់បាញ់ក៏ដោយ។ ការធ្វើសកម្មភាពយ៉ាងគឃ្លើនរបស់កងទ័ពថៃ មកលើកម្ពុជា ម្តងហើយម្តងទៀតនេះ បានបង្ហាញឱ្យឃើញថា កងទ័ពថៃ បានបំពានបទបាញ់ និងបានបង្ហាញចេតនាចង់បង្ករឿង និងឈ្លានពានមកលើបូរណភាពទឹកដីរបស់កម្ពុជា។
សកម្មភាពបង្កហេតុរបស់ថៃ
ដោយ

យ៉ាងណាមិញ កងកម្លាំងកម្ពុជា មិនបានធ្វើសកម្មភាពតបតណាមួយភ្លាមៗចំពោះទង្វើដ៏យង់ឃ្នងរបស់កងទ័ពថៃ នោះទេ ដែលធ្វើឱ្យមានការចោទជាសំណួរថា តើមានកត្តាអ្វីបានជារាជរដ្ឋាភិបាលកម្ពុជា មិនចាត់វិធានការភ្លាមៗចំពោះទង្វើរាយបន្លាលួសព័ទ្ធផ្ទះប្រជាពលរដ្ឋខ្មែរពីសំណាក់កងទ័ពថៃ?

លោកបណ្ឌិត ជ័យ តិច អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច កត់សម្គាល់ឃើញថា ក្រោយពីមានបទឈប់បាញ់រួចមកភាគីថៃ នៅតែបំពាន និងបង្កបញ្ហាជាបន្តបន្ទាប់មកលើបូរណភាពជាតិរបស់កម្ពុជា និងបានបំភាន់ភ្នែកអន្តរជាតិ ខណៈរដ្ឋាភិបាលកម្ពុជា នៅរក្សាការអត់ធ្មត់ ឬរុញទូកបណ្ដោយទឹក។ ការណ៍នេះ ត្រូវបានអ្នកជំនាញរូបនេះ យល់ថា អាចជាយុទ្ធសាស្រ្តរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្តនូវបទឈប់បាញ់ ប៉ុន្តែរដ្ឋាភិបាល ក៏កំពុងពង្រឹងនូវការត្រួតពិនិត្យរបស់អន្តរជាតិ និងស្វែងរកការពិតពីសកម្មភាពរបស់ភាគីថៃ ដែលបំពានមកលើកម្ពុជា ដើម្បីបង្ហាញទៅកាន់ពិភពលោកផងដែរ។ បើតាមអ្នកជំនាញរូបនេះ ការដោះស្រាយបញ្ហាជម្លោះជាមួយភាគីថៃ អាចធ្វើទៅបានលុះណាតែប្រទេសថៃ មានរដ្ឋាភិបាលថ្មី ដែលមិនមែនជាការដឹកនាំរបស់គណបក្សភឿថៃ និងក្រុមគ្រួសាររបស់លោក ថាក់ស៊ីន។ អ្នកជំនាញរូបនេះសង្កត់ធ្ងន់ថា បញ្ហាជម្លោះព្រំដែនជាមួយថៃនេះ រដ្ឋាភិបាលកម្ពុជានឹងគិតគូរលើដំណោះស្រាយយូរអង្វែងសម្រាប់អ្នកជំនាន់ក្រោយ។

ជាមួយគ្នានេះ លោក សេក សុជាតិ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ យល់ឃើញថា នៅក្នុងស្ថានភាពនេះរាជរដ្ឋាភិបាលកម្ពុជា គួរធ្វើកំណត់ទូតទៅអាស៊ាន អង្គការសហប្រជាជាតិ និងបណ្ដាប្រទេសជាហត្ថលេខី នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ២៣ តុលា ឆ្នាំ១៩៩១ ដើម្បីពិនិត្យឡើងវិញ និងទប់ស្កាត់ការរំលោភបំពានរបស់ថៃ មកលើដែនអធិបតេយ្យភាពរបស់កម្ពុជា។ បន្ថែមលើនេះ កម្ពុជា ក៏ត្រូវភ្ជាប់នូវអនុសញ្ញា ឆ្នាំ១៩០៤ និងសន្ធិសញ្ញា ឆ្នាំ១៩០៧ បង្ហាញទៅបណ្ដាប្រទេសជាមិត្តឱ្យបានដឹងពីការរំលោភបំពានរបស់ថៃ មកលើកម្ពុជា ដែលនឹងជួយឱ្យកម្ពុជា ទទួលផលវិជ្ជមាននៅលើឆាកអន្តរជាតិ។

ដោយឡែកឯកឧត្តម នង សាកល អ្នកនាំពាក្យរងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានគូសបញ្ជាក់ថា អគ្គលេខាធិការដ្ឋានគណៈកម្មការព្រំដែនរួម (JBC) របស់កម្ពុជា បានដាក់ពាក្យជំទាស់ជាផ្លូវការចំពោះសកម្មភាពរបស់កងកម្លាំងថៃ ដែលបានដាក់ពង្រាយរបងលួសបន្លា បំពាក់សំណាញ់ខ្មៅ និងដាក់កង់ឡានតាមបណ្ដោយព្រំដែនក្នុងទឹកដីកម្ពុជា និងបានចាត់ទុកសកម្មភាពបង្កហេតុនេះថា បានធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ការកសាងទំនុកចិត្តរវាងគ្នា។ ជាមួយគ្នានេះ JBC របស់កម្ពុជា បានស្នើឱ្យកងទ័ពថៃ រុះរើលួសបន្លា ដកកង់ឡាន និងសំណាញ់ចេញពីតំបន់ដែលថៃ បានរំលោភលើដែនអធិបតេយ្យរបស់កម្ពុជា និងបានអំពានាវនាវដល់ភាគីថៃ ឱ្យគោរពកិច្ចព្រមព្រៀងទ្វេភាគី និងកាតព្វកិច្ចទាំងអស់របស់អន្តរជាតិ ឱ្យបានពេញលេញ។

បើតាមការគូសបញ្ជាក់របស់អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា គិតត្រឹមថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥នេះ សភាពការណ៍ជួរមុខនៅខេត្តព្រះវិហារ ឧត្តរមានជ័យ និងខេត្តបន្ទាយមានជ័យ បន្តមានសភាពស្ងប់ស្ងាត់ ខណៈកងកម្លាំងរបស់កម្ពុជា ស្ថិតក្នុងសភាពប្រុងប្រយ័ត្នខ្ពស់បំផុតដើម្បីការពារអធិបតេយ្យ និងបូរណភាពទឹកដី៕

អត្ថបទ៖ បូ ដូឡា​




អត្ថបទបន្ទាប់


កសិករធ្វើស្រែនៅខេត្តបាត់ដំបងមួយចំនួន កំពុងរអ៊ូរទាំពីការធ្លាក់ចុះតម្លៃស្រូវស្រងែ

កសិករធ្វើស្រែនៅខេត្តបាត់ដំបងមួយចំនួនកំពុងរអ៊ូរទាំពីការធ្លាក់ចុះតម្លៃស្រូវស្រងែនៅមួយរយៈចុងក្រោយនេះ។ បើតាមការអះអាងរបស់ក្រុមកសិករ ស្រូវស្រ…

តើកងទ័ពថៃ មានចេតនាអ្វីឱ្យពិតប្រាកដបានជាព្យាយាមប្រឌិតរឿងពាក់ព័ន្ធបញ្ហាមីន មកចោទកម្ពុជា ជាបន្តបន្ទាប់?

កងទ័ពឈ្លានពានថៃ កំពុងព្យាយាមបង្កើតព័ត៌មានក្លែងក្លាយ និងប្រឌិតរឿងខុសពីការពិតពាក់ព័ន្ធបញ្ហាមីន ដើម្បីធ្វើជាលេសចង់ឈ្លានពានមកលើកម្ពុជា សាជាថ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ