ល្បែងស៊ីសងខុសច្បាប់

តើមានកត្តាអ្វីខ្លះធ្វើឱ្យអាជ្ញាធរមិនអាចបោសសម្អាតល្បែងស៊ីសងខុសច្បាប់ឱ្យអស់ពីប្រទេសកម្ពុជា?


ការបើកល្បែងស៊ីសងខុសច្បាប់ទាំងបែបប្រពៃណី និងល្បែងអនឡាញ ត្រូវបានសង្កេតឃើញកើតមានឡើងវិញជាហូរហែក្រោយស្ងប់ស្ងាត់បានមួយរយៈក្រោមការបង្រ្កាបរបស់អាជ្ញាធរ។ ការកម្រើកឡើងវិញនូវល្បែងស៊ីសងខុសច្បាប់នេះ កំពុងបង្កជាក្ដីបារម្ភដល់ជីវភាពរបស់ពលរដ្ឋ និងសង្គមជាតិ ដ្បិតមានពលរដ្ឋមួយចំនួននៅបន្តលួចលេង និងមានអ្នករងគ្រោះជាបន្តបន្ទាប់ដោយសារបញ្ហានេះផងដែរ។
ល្បែងស៊ីសងខុសច្បាប់
ដោយ

ជាមួយគ្នានេះក្រុមអ្នកជំនាញស្នើឱ្យរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសអាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការឱ្យបានម៉ឺងម៉ាត់បន្ថែមទៀតចំពោះអ្នកបើកល្បែងស៊ីសងខុសច្បាប់ ក៏ដូចជាអ្នកពាក់ព័ន្ធ ព្រោះពួកគេសង្កេតឃើញថា ការអនុវត្តវិធានការដាក់ចេញវិធានការកន្លងមកហាក់នៅមានភាពខ្វះចន្លោះ និងពុំទាន់មានប្រសិទ្ធភាពខ្លាំងនៅឡើយទេ។

លោកបណ្ឌិត ឈត ប៊ុនថង អ្នកស្រាវជ្រាវ និងជាអ្នកជំនាញទស្សនវិជ្ជា នៃរាជបណ្ឌិត្យសភាកម្ពុជាសង្កេតឃើញថា ល្បែងស៊ីសងទាំងបែបប្រពៃណី និងអនឡាញ នៅតែកើតមានដដែល ដែលកំពុងប្រាសចាកនឹងសីលធម៌សង្គម និងកំពុងធ្វើឱ្យមានអ្នករងគ្រោះជាបន្តបន្ទាប់នៅក្នុងសហគមន៍។ អ្នកជំនាញរូបនេះបានសង្កត់ធ្ងន់ថា មានតែរដ្ឋាភិបាលប៉ុណ្ណោះ ដែលមានសិទ្ធិដាក់បញ្ជាឱ្យថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ទប់ស្កាត់ និងបង្រ្កាបល្បែងស៊ីសង ដែលបង្ក្រាបមិនចេះអស់នេះ។

ទន្ទឹមនឹងការដាក់ចេញវិធានការរបស់រាជរដ្ឋាភិបាល អ្នកជំនាញរូបនេះយល់ឃើញថា ការបោសសម្អាតល្បែងស៊ីសងខុសច្បាប់នេះ ទាមទារឱ្យពលរដ្ឋចូលរួម និងមានការភ្ញាក់រលឹកពីផលប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសារ និងសហគមន៍។ ទន្ទឹមគ្នានេះ លោកបណ្ឌិត ឈត ប៊ុនថង ស្នើឱ្យរាជរដ្ឋាភិបាលពិនិត្យឡើងវិញចំពោះវិធានការ ដែលបានដាក់ចេញកន្លងមក បើពុំដូច្នោះទេ វានឹងធ្វើឱ្យមានអ្នករងគ្រោះកាន់តែច្រើន។

​លោក សេក សុជាតិ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវកត់សម្គាល់ឃើញថា មានឧបសគ្គមួយចំនួនដែលធ្វើឱ្យរាជរដ្ឋាភិបាល ពិបាកសម្រេចគោលដៅក្នុងការលុបបំបាត់ល្បែងស៊ីសងខុសច្បាប់។ ឧបសគ្គដែលអ្នកជំនាញរូបនេះមើលឃើញនោះ គឺអំពើសូកប៉ាន់ដែលពុករលួយជាប្រព័ន្ធ និងការចាត់វិធានការច្បាប់នៅមានភាពខ្វះចន្លោះ ព្រមទាំងសមត្ថភាពរបស់មន្រ្តីមួយចំនួននៅមានកម្រិតនៅឡើយ ដែលកត្តាទាំងនេះជាហេតុធ្វើឱ្យពិបាកក្នុងការឈានទៅសម្រេចគោលដៅរបស់រដ្ឋាភិបាល។ តែយ៉ាងណាអ្នកជំនាញរូបនេះជឿជាក់ថា រដ្ឋាភិបាលនឹងអាចឈានទៅសម្រេចគោលដៅក្នុងការលុបបំបាត់ល្បែងស៊ីសងខុសច្បាប់ ប្រសិនបើពង្រឹងការអនុវត្តច្បាប់ និងលុបបំបាត់អំពើពុករលួយជាប្រព័ន្ធ ព្រមទាំងស្រាវជ្រាវចាត់វិធានការឱ្យបានម៉ត់ចត់លើមន្រ្តី ដែលនៅពីក្រោយល្បែងស៊ីសងខុសច្បាប់ និងលើកទឹកចិត្តដល់មន្រ្តីមានសមត្ថកិច្ចដែលអនុវត្តច្បាប់ ដោយឈរលើគោលការណ៍យុត្តិធម៌ជាមូលដ្ឋាន។

​ជាមួយគ្នានេះលោក ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ថា សមត្ថកិច្ចនៃក្រសួងមហាផ្ទៃ តែងតែបង្រ្កាបលើអ្នកប្រព្រឹត្តល្បែងស៊ីសងខុសច្បាប់ ទាំងបែបប្រពៃណីនៅតាមមូលដ្ឋាន និងល្បែងបច្ចេកវិទ្យាជាបន្តបន្ទាប់។ តែយ៉ាងណាអ្នកនាំពាក្យរងរូបនេះទទួលស្គាល់ថា ទោះបីសមត្ថកិច្ចខិតខំបង្រ្កាបយ៉ាងណាក៏ដោយ ក៏ការលួចលាក់លេងល្បែងភ្នាល់ខុសច្បាប់នៅតែបន្តកើតមាន។ ជាក់ស្ដែងករណីល្បែងបច្ចេកវិទ្យាត្រូវបានសមត្ថកិច្ចបង្រ្កាបបានជាបន្តបន្ទាប់ ប៉ុន្តែល្បែងប្រភេទនេះមានការលំបាកក្នុងការឈានដល់ការបង្រ្កាប ព្រោះករណីខ្លះមិនមែនបើកលេង ឬមានទីតាំងក្នុងប្រទេសកម្ពុជានោះទេ។

​គួររំលឹកថា កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាឱ្យអភិបាលរាជធានី-ខេត្ត បង្ក្រាបទីតាំងល្បែងផ្សងសំណាងនៅដែនសមត្ថកិច្ចរបស់ខ្លួន ហើយក្នុងករណីមានទីតាំងល្បែងបើកថ្មីៗបន្ថែមទៀត ត្រូវចាត់វិធានការបិទជាបន្ទាន់ ឬឈានដល់ការដកអាជ្ញាបណ្ណក្នុងខេត្ត ឬនៅទូទាំងប្រទេសតែម្ដង៕

អត្ថបទ៖ បូ ដូឡា,រូបភាព ឯកសារ




អត្ថបទបន្ទាប់


ធនាគារ អេស៊ីលីដា ទទួលបានវិញ្ញាបនបត្រសុវត្ថិភាពប្រព័ន្ធព័ត៌មានវិទ្យា និងការរក្សាឯកជនភាពទិន្នន័យ ស្តង់ដារអន្តរជាតិ ISO/IEC 27001:2022 និង ISO/IEC 27701:2019

ធនាគារ អេស៊ីលីដា ភីអិលស៊ី ថ្មីៗនេះ បានប្រកាសអំពីការអនុវត្តដោយជោគជ័យ និងទទួលបានវិញ្ញាបនបត្រសុវត្ថិភាពប្រព័ន្ធព័ត៌មានវិទ្យា និង ការរក្សា…

អាកាសយានដ្ឋានអន្តរជាតិ តេជោ តម្លៃ១ពាន់៥រយលានដុល្លារ សម្រេចការសាងសង់បានជាង៩០%ហើយ

មន្ត្រីជាន់ខ្ពស់នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានឱ្យដឹងថា គិតត្រឹមដើមខែវិច្ឆិកា ឆ្នាំ២០២៤ ការសាងសង់អាកាសយានដ្ឋានអន្តរជាតិ តេជោ ដែ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ