រដ្ឋបាលលោក ដូណាល់ ត្រាំ បានចាប់ផ្តើមកិច្ចចរចាដោយផ្ទាល់ជាមួយរដ្ឋាភិបាល ដែលគាំទ្រដោយយោធាមីយ៉ាន់ម៉ា ដែលជាការទាក់ទងកម្រិតខ្ពស់បំផុតរបស់អាម៉េរិក ជាមួយមេដឹកនាំយោធាប្រទេសនេះចាប់តាំងពីរដ្ឋប្រហារឆ្នាំ២០២១ មក។ លោក ម៉ៃឃើល វេន (Michael Vance) ឧបការីនៃរដ្ឋមន្ត្រីការបរទេសអាម៉េរិកទទួលបន្ទុកកិច្ចការស៊ើបការណ៍សម្ងាត់ និងស្រាវជ្រាវបានដើរតួនាទីសំខាន់ក្នុងការទាក់ទងជាមួយមេដឹកនាំមីយ៉ាន់ម៉ាលើកនេះ។ លោកបានជួបមេដឹកនាំយោធាមីយ៉ាន់ម៉ាលោក មីន អ៊ុង ឡាំង នៅរដ្ឋធានីណៃពិដោ កាលពីថ្ងៃទី១៥ និង១៦ ខែកញ្ញា។
ដំបូងកិច្ចចរចាផ្តោតលើការដោះលែងអ្នកជំនួញអាម៉េរិកលោក អាដាម កាស្ទីឡូ (Adam Castillo) ដែលត្រូវបានឃុំខ្លួននៅមីយ៉ាន់ម៉ា។ ប៉ុន្តែវាបានបើកផ្លូវទៅរកកិច្ចសហប្រតិបត្តិការកាន់តែទូលំទូលាយ។ អាម៉េរិកកំពុងស្វែងរកកិច្ចសហការពីមីយ៉ាន់ម៉ា ដើម្បីបង្ក្រាបមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឬ Online Scam ដែលបានបោកប្រាស់ពលរដ្ឋអាម៉េរិក និងបង្កការខាតបង់រាប់ពាន់លានដុល្លារ។ ជាមួយគ្នានេះ មន្ត្រីអាម៉េរិក ក៏បានពិភាក្សាអំពីលទ្ធភាពទទួលបានធនធានរ៉ែកម្រដ៏មានតម្លៃរបស់មីយ៉ាន់ម៉ា ដែលមានសារៈសំខាន់សម្រាប់ការផលិតរថយន្តអគ្គិសនី ទួរប៊ីនខ្យល់ និងបច្ចេកវិទ្យាទំនើបផងដែរ។
ទោះជាយ៉ាងណាលោក មីន អ៊ុង ឡាំង នៅតែស្ថិតក្រោមទណ្ឌកម្មរបស់អាម៉េរិក ខណៈទីក្រុងវ៉ាស៊ីនតោន នៅតែទាមទារឱ្យរបបយោធាមីយ៉ាន់ម៉ាបញ្ចប់អំពើហិង្សា និងដោះលែងអ្នកទោសនយោបាយ៕
ដោយ: តែម សុខុម