ក្រសួងសន្តិសុខ

អាម៉េរិកនឹងតម្រូវឱ្យនិស្សិតបរទេសបង់ថវិកា៧ម៉ឺនដុល្លារ បើចង់ធ្វើការងារនៅលើទឹកដីខ្លួន


ក្រសួងសន្តិសុខមាតុភូមិសហរដ្ឋអាម៉េរិកទើបតែបានទម្លាក់សំណើច្បាប់ថ្មីមួយដ៏គួរឱ្យភ្ញាក់ផ្អើល ដោយតម្រូវឱ្យនិស្សិតបរទេសត្រូវបង់ប្រាក់យ៉ាងតិច៧ម៉ឺនដុល្លារជាថ្លៃសេវាហ្វឹកហ្វឺនការងារ ប្រសិនបើពួកគេចង់ទទួលបានលិខិតអនុញ្ញាតធ្វើការដោយស្របច្បាប់នៅក្នុងសហរដ្ឋអាម៉េរិក។ នេះគឺជាផ្នែកមួយ នៃវិធានការរឹតបន្តឹងទិដ្ឋាការយ៉ាងក្តៅគគុកចុងក្រោយបង្អស់របស់រដ្ឋបាលលោក ដូណាល់ ត្រាំ ដែលកំពុងចោទជាសញ្ញាសួរយ៉ាងខ្លាំងចំពោះអនាគតរបស់និស្សិតអន្តរជាតិ។ តើសំណើច្បាប់ថ្មីនេះមានខ្លឹមសារលម្អិតយ៉ាងណា ហើយនឹងប៉ះពាល់ដល់ទីផ្សារពលកម្មជំនាញកម្រិតណា?
និស្សិតបរទេស
ដោយ

សារព័ត៌មាន Nikkei Asia បានរាយការណ៍នៅថ្ងៃទី៨ ខែតុលា ថា សំណើថ្មីរបស់ក្រសួងសន្តិសុខមាតុភូមិអាម៉េរិក នឹងតម្រូវឱ្យនិស្សិតអន្តរជាតិកាន់ទិដ្ឋាការប្រភេទ F-1 ត្រូវបង់ប្រាក់រហូតដល់៧ម៉ឺនដុល្លារ ជាថ្នូរនឹងការទទួលបានការទទួលស្គាល់ផ្លូវការសម្រាប់ការចុះហ្វឹកហាត់អនុវត្តការងារជាក់ស្តែង ព្រមទាំងអាចត្រូវបង់បន្ថែម៣ម៉ឺនដុល្លារទៀត សម្រាប់ការបន្តរយៈពេលហ្វឹកហាត់បន្ថែម។ អាជ្ញាធរអាម៉េរិកបានអះអាងថា វិធានការដ៏តឹងរ៉ឹងនេះធ្វើឡើងក្នុងគោលបំណងលុបបំបាត់អំពើពុករលួយ ការក្លែងបន្លំ និងការពង្រឹងភាពស្មោះត្រង់ នៃប្រព័ន្ធអន្តោប្រវេសន៍ ដើម្បីការពារឱកាសការងារជូនប្រជាជនអាម៉េរិកផ្ទាល់។
បច្ចុប្បន្ន កម្មវិធីហ្វឹកហ្វឺនការងារ គឺជាស្ពានចម្លងដ៏សំខាន់ដែលអនុញ្ញាតឱ្យនិស្សិតបរទេស ជាពិសេសផ្នែក STEM ឬវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យាអាចធ្វើការងារបាន២០ម៉ោងក្នុងមួយសប្តាហ៍អំឡុងពេលសិក្សា និងបន្តធ្វើការបានមួយរយៈពេលក្រោយបញ្ចប់ការសិក្សា ដោយតម្រូវឱ្យបង់ថ្លៃសេវាត្រឹមតែប្រមាណ៥០០ដុល្លារប៉ុណ្ណោះ។ លើសពីនេះ កម្មវិធីនេះ ក៏ជាផ្លូវកាត់ឈានទៅរកការទទួលបានទិដ្ឋាការការងារជំនាញ H-1B ផងដែរ។
អស់ជាច្រើនទសវត្សរ៍មកហើយ ទិដ្ឋាការ H-1B បានទាក់ទាញវិស្វករ និងអ្នកវិទ្យាសាស្ត្រវ័យក្មេងឆ្នើមៗជុំវិញពិភពលោក ជាពិសេសមកពីប្រទេសឥណ្ឌា និងចិនឱ្យប្រែក្លាយការសិក្សានៅសាកលវិទ្យាល័យកំពូលៗរបស់អាម៉េរិកទៅជាការងារដែលមានប្រាក់បៀវត្សរ៍ខ្ពស់ និងឈានទៅទទួលបានសិទ្ធិស្នាក់នៅអចិន្ត្រៃយ៍។ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់អាម៉េរិកជាច្រើនសុទ្ធតែបានពឹងផ្អែកខ្លាំងលើកម្លាំងពលកម្មខួរក្បាលបរទេសទាំងនេះ។
យ៉ាងណាមិញសំណើច្បាប់ថ្មីនេះនឹងត្រូវទុកពេល៣០ថ្ងៃសម្រាប់ការប្រមូលមតិយោបល់ពីសាធារណជន មុនពេលប្រកាសជាផ្លូវការ ហើយក្រសួងសន្តិសុខមាតុភូមិសហរដ្ឋអាម៉េរិកនឹងផ្តល់ពេលវេលា៦០ថ្ងៃបន្ថែមទៀតបន្ទាប់ពីការប្រកាស ដើម្បីឱ្យគ្រឹះស្ថានសិក្សា និស្សិត និងក្រុមហ៊ុននិយោជករៀបចំខ្លួនមុនពេលច្បាប់នេះចូលជាធរមានពេញលេញ៕

អត្ថបទៈ សួន ឡង់ទី. រូបភាពៈ ឯកសារបរទេស




អត្ថបទបន្ទាប់


តើមានកត្តាអ្វីជំរុញឱ្យអាម៉េរិកបន្ទន់ឥរិយាបថងាកមកចរចាដោយផ្ទាល់ជាមួយមេដឹកនាំយោធាមីយ៉ាន់ម៉ា?

ក្រោយពីដាក់មេដឹកនាំយោធាមីយ៉ាន់ម៉ាឱ្យនៅឯកោអស់រយៈពេលជាច្រើនឆ្នាំ ទីបំផុតទីក្រុងវ៉ាស៊ីន​តោនបានចាប់ផ្តើមអង្គុយចរចាដោយផ្ទាល់ជាមួយពួកគេហើយ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ