ធនាគារអេស៊ីលីដាបាន និងកំពុងខិតខំអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធចម្រុះ ពិសេសប្រព័ន្ធឌីជីថលឲ្យកាន់តែទូលំទូលាយ ដើម្បីផ្តល់ជម្រើសកាន់តែសម្បូរបែបជូនអតិថិជន និងអភិវឌ្ឍន៍ការធ្វើស្វ័យប្រតិបត្តិការឲ្យកាន់តែរីកចម្រើន។
លោកស្រី ម៉ារ អមរ៉ា អនុប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដាបានបង្ហាញពីមូលហេតុចំនួនដែលធ្វើឲ្យធនាគារអេស៊ីលីដានៅតែអាចរក្សាប្រតិបត្តិការយ៉ាងរឹងមាំជាមួយកំណើនប្រាក់ចំណេញជិត១៨%នៅឆ្នាំ២០២១។ លោកស្រីអះអាងថា កំណើនប្រាក់ចំណេញរបស់អេស៊ីលីដាកើតឡើងក្រោយសំពៀធឥណទានមានការកើនឡើង បន្ទាប់ពីមានកំណើនតម្រូវការផលិតផលឥណទានក្នុងវិស័យ SME គួបផ្សំប្រាក់បញ្ញើ-សន្សំមានការកើនឡើង រួមជាមួយផលិត និងសេវាកម្មផ្សេងទៀត។
លោកស្រីបានបន្ថែមថា កត្តាទាំងពីរនេះត្រូវបានផ្សាភ្ជាប់ជាមួយនឹងការអភិវឌ្ឍឥតឈប់ឈរនៃប្រព័ន្ធឌីជីថលរបស់ធនាគារ ដែលផ្តល់ជូនអតិថិជននូវផលិតផល និងសេវាកម្មហិរញ្ញវត្ថុប្រកបដោយភាពច្នៃប្រឌិត និងទាន់សម័យ។ បន្ថែមលើនេះ អេស៊ីលីដា បាននិងកំពុងតែអភិវឌ្ឍនូវហេដ្ឋារចនាសម្ព័ន្ធចម្រុះ ឲ្យកាន់តែទូលំទូលាយ ដើម្បីផ្តល់ជម្រើសកាន់តែសម្បូរបែបជូនអតិថិជន ជាពិសេសដើម្បីផ្លាស់ប្ដូរបន្តិចម្ដងៗទៅជាមជ្ឈមណ្ឌលដែលអាចធ្វើស្វ័យប្រតិបត្តិការដែលមានទីតាំងធនាគារស្វ័យប្រវត្តិចំនួន៧៣ ម៉ាស៊ីនអេធីអឹម ៩០១គ្រឿង ម៉ាស៊ីនដាក់ប្រាក់បញ្ញើមានកាលកំណត់ចំនួន២៦គ្រឿង ម៉ាស៊ីនបើកគណនី និងបោះពុម្ពបណ្ណអេធីអឹមចំនួន២៥គ្រឿង និងម៉ាស៊ីនឆូតកាតចំនួនជាង៤ពាន់៤រយគ្រឿង។
ធនាគារ អេស៊ីលីដា បានបោះពុម្ពបណ្ណ អេធីអឹមអេស៊ីលីដា ចំនួនប្រមាណ ១លាន៦សែនបណ្ណជូនដល់អតិថិជន ស្របពេលដែល អេស៊ីលីដាម៉ូបាល បានទទួលមានអ្នកចុះឈ្មោះប្រើប្រាស់ច្រើនជិត២លាន៣សែននាក់ គិតត្រឹមដំណាច់ខែធ្នូ ឆ្នាំ២០២១នេះ ដែលអាចជួយឲ្យចរាចរសាច់ប្រាក់បានឆាប់រហ័សនៅក្នុងសេដ្ឋកិច្ច។
គួរបញ្ជាក់ថា គិតត្រឹមដំណាច់ឆ្នាំ២០២១ សមតុល្យឥណទានរបស់ធនាគារអេស៊ីលីដាមានការកើនឡើងជាង ២០% ស្មើនឹងជាង៩២០លានដុល្លារ ចំណែកឯសមតុល្យប្រាក់បញ្ញើវិញមានការកើនឡើងជិត២៤% ស្មើនឹងជាង១ពាន់១រយលានដុល្លារ៕