តំបន់ហ្គាហ្សា

តើសំណើរបស់លោក ត្រាំ ចង់ជម្លៀសពលរដ្ឋប៉ាឡេស្ទីនចេញពីតំបន់ហ្គាហ្សា ដើម្បីគ្រប់គ្រងអាចបំពានច្បាប់អន្តរជាតិ អ្វីខ្លះ?


ថ្មីៗនេះមានការផ្ទុះឡើងការរិះគន់យ៉ាងខ្លាំងនៅជុំវិញពិភពលោក ចំពោះចំណាត់ការរបស់លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាម៉េរិក ពាក់ព័ន្ធនឹងការដាក់តំបន់ហ្គាហ្សា ក្នុងការគ្រប់គ្រងរបស់អាម៉េរិក ដោយស្នើឱ្យមានការតាំងលំនៅអចិន្ត្រៃយ៍របស់ពលរដ្ឋប៉ាឡេស្ទីន ទៅប្រទេសផ្សេងៗនៅក្បែរនោះ ដូចជាប្រទេសអេហ្ស៊ីប និងហ្ស៊កដានី ជាដើម។ តើសំណើរបស់លោក ត្រាំ ក្នុងការជម្លៀសពលរដ្ឋប៉ាឡេស្ទីនចេញពីហ្គាហ្សានេះ អាចបំពានច្បាប់អន្តរជាតិ អ្វីខ្លះ?
តំបន់ហ្គាហ្សា
ដោយ

នៅក្នុងសន្និសីទរួមគ្នាជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល កាលពីពេលថ្មីៗ លោក ដូណាល់ ត្រាំ បានបង្ហាញពីបំណងចង់ក្រសោមយកតំបន់ហ្គាហ្សា តាមរយៈការជម្លៀសពលរដ្ឋប៉ាឡេស្ទីន ចេញពីតំបន់នោះឱ្យទៅតាំងទីលំនៅជាអចិន្ត្រៃយ៍នៅប្រទេសអេហ្ស៊ីប និងហ្ស៊កដានី ក្រោមហេតុផលចង់អភិវឌ្ឍន៍តំបន់ ដែលរកការវាយប្រហារដោយសង្គ្រាមដ៏យូរជាងគេមួយនេះ។

ផែនការរបស់លោក ត្រាំ អាចដើរផ្ទុយពីខ្លឹមសារច្បាប់អន្តរជាតិ ជាធរមានមួយចំនួន។ បើតាមច្បាប់អន្តរជាតិ បានកំណត់ថា ការបង្ខំប្រជាជនឱ្យចាកចេញពីទឹកដីរបស់ពួកគេ និងកាន់កាប់ទឹកដីនោះត្រូវបានហាមឃាត់ដោយសន្ធិសញ្ញាដែលមានជាធរមានយូរមកហើយ។ តំបន់ហ្គាហ្សាត្រូវបានទទួលស្គាល់ដោយអង្គការសហប្រជាជាតិ និងតុលាការកំពូលរបស់អង្គការមួយនេះ គឺតុលាការយុត្តិធម៌ អន្តរជាតិ (ICJ) ថា ជាផ្នែកមួយនៃទឹកដីប៉ាឡេស្ទីន ក្រោមការកាន់កាប់របស់យោធាអ៊ីស្រាអែល។

ច្បាប់អន្តរជាតិ បានហាមឃាត់ការច្បាមយកទឹកដីដោយកម្លាំង ហើយទង្វើនេះត្រូវបានសន្មតក្នុងច្បាប់អន្តរជាតិថា ជាអំពើឈ្លានពាន ហើយធម្មនុញ្ញអង្គការសហប្រជាជាតិ បានចែងថា សមាជិកទាំងអស់ត្រូវធ្វើទំនាក់ទំនងអន្តរជាតិ ដោយចៀសវាងការគំរាមកំហែង ឬការប្រើប្រាស់កម្លាំងប្រឆាំងនឹងបូរណភាពទឹកដី ឬឯករាជ្យភាពនយោបាយនៃរដ្ឋណាមួយ។

ជំនួយការសាស្រ្តាចារ្យផ្នែកច្បាប់សិទ្ធិមនុស្សអន្តរជាតិ លោក ម៉ៃឃែល បេកឃឺ (Michael Becker) នៅមហាវិទ្យាល័យមួយក្នុងទីក្រុងឌុយប្លាំង ប្រទេសអៀរឡង់ បានចាត់ទុកសំណើរបស់លោក ត្រាំ ស្មើនឹងការបដិសេធចោលទាំងស្រុងនូវគោលការណ៍ស្នូលនៃច្បាប់អន្តរជាតិ ដែលបានដំណើរការតាំងពីការបញ្ចប់សង្គ្រាមលោកលើកទីពីរ និងការអនុម័តធម្មនុញ្ញអង្គការសហប្រជាជាតិ។

ចំណែកអ្នកជំនាញច្បាប់អន្តរជាតិ មួយទៀត គឺលោកស្រី ជេនីណា ឌីល (Janina Dill) បាននិយាយថា វាគ្មានកាលៈទេសៈណា ដែលអាចឱ្យរឹបអូសយកទឹកដីដោយកម្លាំងបានឡើយ បើទោះជាមានទឡ្ហីករណ៍ថា ការរឹបអូសនេះបានផ្តល់ផលប្រយោជន៍ដល់ប្រជាជននៅទីនោះ ឬកន្លែងផ្សេងទៀតក៏ដោយ។ សម្រាប់លោកស្រី ជេនីណា ការតាំងទីលំនៅថ្មីដោយបង្ខំឱ្យជនជាតិ ប៉ាឡេស្ទីន ចេញពីតំបន់ហ្គាហ្សានឹងបង្កើតជាឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ដោយការនិរទេស ឬការបណ្ដេញដោយបង្ខំ។

អគ្គលេខាធិការអង្គការប្រជាជាតិ លោក អង់តូញ៉ូ ហ្គូធឺរ៉េស ក៏បានប្រាប់លោក ត្រាំ ឱ្យបញ្ចៀសការបោសសម្អាតពលរដ្ឋប៉ាឡេស្ទីន ផងដែរ ហើយថា អង្គការសិទ្ធិមនុស្សដ៏កំពូលមួយនេះនៅតែរក្សាដំណោះស្រាយដោយការបង្កើតរដ្ឋពីរដដែល។

ចំណែកប្រទេសម៉ាឡេស៊ី និងឥណ្ឌូនេស៊ី ក៏បានរិះគន់ប្រឆាំងនឹងផែនការរបស់លោក ត្រាំ នេះដែរ ដោយប្រទេសទាំងពីរបានចាត់ទុកទង្វើនេះថា ជាការបោសសម្អាតជាតិសាសន៍ និងជាការបំពានច្បាប់អន្តរជាតិ៕

អត្ថបទ៖ សុខ មង្គល




អត្ថបទបន្ទាប់


តើអង្គការពាណិជ្ជកម្មពិភពលោកអាចដោះស្រាយវិវាទពាណិជ្ជកម្មរវាងចិន និងអាម៉េរិក បានដែរឬទេ?

អង្គការពាណិជ្ជកម្មពិភពលោក (WTO) ដែលមានមូលដ្ឋាននៅទីក្រុងហ្សឺណែវ ប្រទេសស្វីស បានអះអាងកាលពីថ្ងៃពុធ ថា ប្រទេសចិន បានចាប់ផ្តើមវិវាទជាផ្លូវការ…

Vietjet និង OpenAirlines ចាប់ដៃគូដើម្បីបង្កើនប្រសិទ្ធភាពប្រើប្រាស់ឥន្ធនៈក្នុងការហោះហើរ ដោយប្រើបច្ចេកវិទ្យា AI

(ភ្នំពេញ ថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ ២០២៥) - ក្រុមហ៊ុនអាកាសចរណ៍សម័យថ្មី Vietjet របស់វៀតណាមបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ