ដំណោះស្រាយវិបត្តិនៅភូមា

តើក្រុមប្រឹក្សាសន្ដិសុខ UNផ្តល់ដំណោះស្រាយលើកដំបូងអ្វីខ្លះចំពោះវិបត្តិនៅភូមា?


អស់ពេលជិតពីរឆ្នាំមកហើយដែលវិបត្តិនៅមីយ៉ាន់ម៉ាមិនទាន់អាចរកច្រកចេញបាន ខណៈបញ្ហាចាក់ស្រេះដោះមិនចេញនេះ ក៏កំពុងបង្ហាញសញ្ញាអំពីការដើរថយក្រោយដែរ។ ទោះយ៉ាងណាទាំងសហគមន៍អន្តរជាតិ និងក្នុងតំបន់នៅតែបន្តជួយជ្រោមជ្រែងរកដំណោះស្រាយក្នុងវិបត្តិអូសបន្លាយមួយនេះ។
UNផ្តល់ដំណោះស្រាយលើកដំបូងអ្វីខ្លះចំពោះវិបត្តិនៅភូមា?

ជាក់ស្តែង កាលពីថ្ងៃពុធ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទាមទារឱ្យបញ្ចប់អំពើហិង្សានៅមីយ៉ាន់ម៉ា ដែលជាដំណោះស្រាយលើកដំបូងបំផុតមិនធ្លាប់មាន ក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ។ ដោយឡែក ភាគីកម្ពុជាដែលជាប្រេសិតពិសេសប្រធានអាស៊ានស្តីពីមីយ៉ាន់ម៉ាវិញ ក៏បានចូលរួមកិច្ចពិគ្រោះយោបល់ក្រៅផ្លូវការដែលរៀបចំដោយប្រទេសថៃ នៅថ្ងៃទី២២ខែធ្នូផងដែរ។

កាលពីថ្ងៃពុធទី២១ធ្នូ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានអនុម័តដំណោះស្រាយមួយចំនួនលើវិបត្តិនៅមីយ៉ាន់ម៉ា ដែលនេះគឺជាដំណោះស្រាយដំបូងហើយក្នុងរយៈពេល ៧៤ឆ្នាំចុងក្រោយ នេះដែលក្រុមប្រឹក្សាសន្ដិសុខ UN បានអនុម័តឡើង។ ដំណោះស្រាយនេះ គឺទាមទារមីយ៉ាន់ម៉ាឱ្យបញ្ចប់អំពើហិង្សា និងជំរុញឱ្យរបបយោធា ដោះលែងអ្នកទោសនយោបាយទាំងអស់ រួមទាំងមេដឹកនាំដែលត្រូវបានបណ្តេញចេញពីអំណាច គឺលោកស្រី អ៊ុង សានស៊ូជី។

លោកស្រី បាបារ៉ា វ៉ូតវ៉ត(Barbara Woodward) ឯកអគ្គរដ្ឋទូតរបស់ចក្រភពអង់គ្លេស បានថ្លែងបន្ទាប់ពីការបោះឆ្នោតលើសេចក្តីសម្រេចដែលបានព្រាងឡើងដោយអង់គ្លេសយ៉ាងដូច្នេះថា «ថ្ងៃនេះពួកយើងសូមផ្ញើរសារទៅកាន់មេដឹកនាំយោធាមីយ៉ាន់ម៉ាថា ដំណោះស្រាយដែលបានដាក់ចេញត្រូវតែអនុវត្តឱ្យបានពេញលេញដោយគ្មានភាពស្ទាក់ស្ទើរ។ យើងក៏សូមផ្ញើរសារច្បាស់ៗទៅកាន់ប្រជាជនភូមាដែរថា ពួកយើងនៅទីនេះកំពុងធ្វើការងារឆ្លើយតបនឹងសិទ្ធិ ក្តីប្រាថ្នា និងប្រយោជន៍របស់ប្រជាជនទូទាំងមីយ៉ាន់ម៉ា»។

គួរជម្រាបថា ក្នុងចំណោមសម្លេងពីសមាជិកទាំងអចិន្ត្រៃយ៍និងមិនអចិន្ត្រៃយ៍របស់ក្រុមប្រឹក្សាសន្តិសុខចំនួន១៥ ប្រទេសរុស្ស៊ី ចិន និងឥណ្ឌា បានបោះឆ្នោតអនុប្បវាទ ខណៈ១២ផ្សេងទៀតបោះឆ្នោតគាំទ្រ។

ជុំវិញបញ្ហានៅមីយ៉ាន់ម៉ានេះដែរ ភាគីកម្ពុជា ឯកឧត្តមប្រាក់ សុខុន ក្នុងនាមជាប្រេសិតពិសេសប្រធានអាស៊ានស្តីពីមីយ៉ាន់ម៉ា បានទៅចូលរួមក្នុងកិច្ចពិគ្រោះយោបល់ក្រៅផ្លូវការ តបតាមការអញ្ជើញនិងរៀបចំឡើងដោយប្រទេសថៃ នៅថ្ងៃទី២២ខែធ្នូ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា ចេញផ្សាយនៅព្រឹកថ្ងៃទី២២ខែធ្នូ។

សេចក្តីប្រកាសព័ត៌មានដដែលឱ្យដឹងថា កិច្ចប្រជុំក្រៅផ្លូវការនេះរំពឹងថាមានការពិភាក្សាដោយត្រង់ទៅត្រង់មកលើមធ្យោបាយពន្លឿនវឌ្ឍនភាពការអនុវត្តដំណោះស្រាយជាឯកច្ឆន្ទទាំង៥ចំណុចដែលអាស៊ានធ្លាប់បានដាក់ចេញសម្រាប់មីយ៉ាន់ម៉ា។

លោក ឯម សុវណ្ណារ៉ា សាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រនយោបាយ និងជាអ្នកតាមដានបញ្ហានៅមីយ៉ាន់ម៉ា មើលឃើញថា ការផ្តើមរៀបចំរបស់ថៃអាចជាការល្អ។ ល្អសម្រាប់វិបត្តិដែលបន្តអូសបន្លាយ ប៉ុន្តែវាត្រូវទាមទារឱ្យមានការយល់ស្របពីភាគីសមាជិកអាស៊ានទាំងអស់ផងដែរ សម្រាប់កិច្ចប្រជុំក្រៅផ្លូវការមួយនេះ ទើបដំណោះស្រាយអាចយកជាការបាន ស្របពេលដែលវិបត្តិដ៏ស្មុគស្មាញមួយនេះ ហាក់មិនបានបង្ហាញពីវឌ្ឍនភាពឡើយ អំឡុងពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ាន។

ទោះយ៉ាងណា សម្រាប់ទស្សនៈលោក ឯម សុវណ្ណារ៉ា ប្រទេសថៃក៏មិនមានឥទ្ធិពលប៉ុន្មានដែរ ទៅលើការដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា ដោយហេតុថា រដ្ឋាភិបាលថៃបច្ចុប្បន្នក៏មិនខុសគ្នាប៉ុន្មានដែរពីរបបសឹកភូមា ដែលសុទ្ធតែផ្ដើមចេញដំបូងពីរដ្ឋប្រហារយោធា។ ផ្ទុយមកវិញ លោកមានជំនឿចិត្តលើឥណ្ឌូនេស៊ី ដែលនឹងធ្វើជាប្រធានអាស៊ាននៅឆ្នាំក្រោយនេះ ដោយហេតុថាឥណ្ឌូនេស៊ី ធ្លាប់ទទួលបានជោគជ័យលើការដោះស្រាយវិបត្តិក្នុងតំបន់ជាច្រើន។

សូមជម្រាបថា ដោយទទួលភារកិច្ចបន្ទាប់ពីកម្ពុជា ប្រទេសឥណ្ឌូនេស៊ីនឹងធ្វើជាប្រធានប្តូរវេនអាស៊ាននៅឆ្នាំ២០២៣ ហើយនិងបន្តមានតួនាទីសំខាន់ក្នុងការបន្តដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ាផងដែរ៕




អត្ថបទបន្ទាប់


វៀតណាមមានយុទ្ធសាស្ត្រអ្វីខ្លះ ដើម្បីរក្សាស្ថិរភាពលុយដុង និងទប់ទល់អតិផរណា?

បើទោះបីជាស្ថានភាពពិភពលោក កំពុងពើបប្រទះនឹងបញ្ហាអតិផរណា និងការដំឡើងអត្រាការប្រាក់របស់ធនាគារកណ្តាលអាមេរិកក៏ដោយ ប៉ុន្តែប្រទេសវៀតណាម បានដ…

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ទទួលបានពានរង្វាន់ឆ្នើម “គ្រប់សេវាហិរញ្ញវត្ថុផ្ដល់ជូននៅកន្លែងតែមួយ” ពីទស្សនាវដ្ដីសេដ្ឋកិច្ចពិភពលោក

អបអរសាទរគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ បានទទួលពានរង្វាន់ឆ្នើម “គ្រប់សេវាហិរញ្ញវត្ថុផ្ដល់ជូននៅកន្លែងតែមួយ” ពីស្ថាប័ន World Business…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ