របាយការណ៍ស្ទង់មតិមួយដែលធ្វើឡើងដោយសារព័ត៌មានរ៉យទ័រ កាលពីចុងខែធ្នូ បានបង្ហាញថា ដោយសារតម្រូវការចុះខ្សោយរបស់ប្រទេសចិន នោះកំណើនតម្រូវការប្រេងឥន្ធនៈសកលនៅឆ្នាំនេះនឹងមិនមានការប្រែប្រួលនោះទេ ដូច្នេះតម្លៃក៏នឹងមិនមានការប្រែប្រួលខ្លាំងនោះដែរ។ តាមការស្ទាបស្ទង់ដែលគេបានធ្វើជាមួយនឹងអ្នកសេដ្ឋកិច្ចធំៗចំនួន៣១រូប បានបង្ហាញថា មធ្យមភាគនៃតម្លៃប្រេងឆៅនៅលើទីផ្សារអន្តរជាតិ អាចមានតម្លៃជាមធ្យមត្រឹមតែ៧៤,៣៣ដុល្លារ នៅក្នុងមួយបារ៉ែល នៅក្នុងឆ្នាំ២០២៥នេះ។ តម្លៃមធ្យមភាគនៃប្រេងឆៅនៅដើមឆ្នាំ២០២៥ ធៀបនឹងចុងឆ្នាំ២០២៤ ដែលមានតម្លៃ៨០ដុល្លារនៅក្នុងមួយបារ៉ែល គឺបានធ្លាក់ចុះប្រមាណជា៣%។
ដោយឡែក តាមការវិភាគរបស់ក្រុមហ៊ុនបណ្តាក់ទុនអាម៉េរិក J.P Morgan បានប៉ាន់ប្រមាណថា តម្លៃមធ្យមភាគនៃប្រេងឆៅពិភពលោកនៅក្នុងឆ្នាំ២០២៥ អាចរក្សាក្នុងរង្វង់៧៣ដុល្លារក្នុងមួយធុងបារ៉ែល។ ក្រុមហ៊ុននេះ បានអះអាងថា តម្រូវការប្រេងឆៅនៅលើពិភពលោក កាលពីឆ្នាំ២០២៤ មានក្នុងរង្វង់១០៣លានបារ៉ែលក្នុង១ថ្ងៃ ប៉ុន្តែនៅក្នុងឆ្នាំ២០២៥ នេះ ត្រូវការប្រើប្រាស់អាចកើនឡើងខ្ពស់បំផុតត្រឹម១លានបារ៉ែលបន្ថែមលើបរិមាណឆ្នាំមុនតែប៉ុណ្ណោះ។
ដោយឡែក តាមការរំពឹងទុករបស់ក្រុមប្រទេសនាំចេញប្រេងធំៗលើពិភពលោក ដែលគេហៅថា អង្គការ OPEC វិញ ក៏មិនបានបង្ហាញក្តីរំពឹងខ្ពស់ដែលជះឥទ្ធិពលដល់តម្លៃបេ្រងឆៅនៅលើពិភពលោកនោះដែរ។ អង្គការនេះរំពឹងថា កំណើនតម្រូវការប្រេងឆៅលើពិភពលោកនៅក្នុងឆ្នាំ២០២៥ អាចមានក្នុងរង្វង់ពី០,៤ទៅ១,៣លានបារ៉ែលតែប៉ុណ្ណោះ។
ពាក់ព័ន្ធនឹងបញ្ហាប្រេងឆៅនេះ លោក សេហុល បាត ( Sehul Bhatt) នាយកផ្នែកស្រាវជ្រាវនៅក្រុមហ៊ុន CRISIL បាននិយាយថា ការកើនឡើងផលិតកម្មប្រេងពីបណ្តាប្រទេសមិនមែនសមាជិក OPEC ត្រូវបានគេរំពឹងថា នឹងអាចរក្សាទីផ្សារផ្គត់ផ្គង់បានល្អផងដែរ។ លោកបានបន្តថា នៅក្នុងស្ថានភាពបែបនេះ គួបផ្សំនឹងស្ថានភាពសេដ្ឋកិច្ចក្នុងប្រទេសចិន និងនិន្នាការនៃការផ្លាស់ប្តូរ និងកំណើនយានយន្តអគ្គិសនីពិភពលោក ទំនងជារួមចំណែកដ៏មានប្រសិទ្ធភាពក្នុងការកំណត់កំណើនតម្រូវការប្រេងពិភពលោក៕
ដោយ៖ សរ សុជាតិ