កំណើនសេដ្ឋកិច្ចវៀតណាម

វៀតណាមនឹងមានកំណើនដ៏លឿនរហ័សបំផុតប្រចាំតំបន់អាស៊ី២សម្រាប់ឆ្នាំជាប់គ្នា


មេដឹកនាំវៀតណាម បានបង្ហាញទំនុកចិត្តចំពោះកំណើនសេដ្ឋកិច្ចវៀតណាមនៅឆ្នាំនេះថា នឹងកើនឡើងលើសការរំពឹងទុក ហើយជាកម្រិតកំណើនលឿនជាងគេបំផុតក្នុងតំបន់អាស៊ីអាគ្នេយ៍ ហើយវៀតណាមក៏អាចនឹងបន្តរក្សាតំណែងនេះដល់ឆ្នាំក្រោយទៀតផងដែរ ខណៈដែលប្រទេសមួយនេះ បានងើបចេញពីវិបត្តិជំងឺកូវីដ-១៩ ជាមួយនឹងការដំណើរការសេដ្ឋកិច្ចយ៉ាងល្អប្រសើរ។ នេះបើតាមការចុះផ្សាយរបស់ Bangkok Post។
កំណើនសេដ្ឋកិច្ចវៀតណាមឆ្នាំនេះ កើនលើសពីការរំពឹងទុក

លោក Pham Minh Chinh នាយករដ្ឋមន្រ្តីវៀតណាម បានថ្លែងក្នុងកិច្ចប្រជុំសភាមួយថា ផលិតផលក្នុងស្រុកសរុប GDP នឹងកើនឡើងដល់ ៨% ក្នុងឆ្នាំ២០២២ ពោលគឺខ្ពស់ជាងគោលដៅរបស់រដ្ឋាភិបាល ដែលកំណត់ត្រឹមពី ៦ ដល់ ៦,៥%ទៅទៀត។

សម្រាប់ឆ្នាំ២០២៣ រដ្ឋាភិបាលវៀតណាមបានដាក់គោលដៅសម្រេចកំណើនសេដ្ឋកិច្ចឱ្យបាន ៦,៥%។ បើទោះវាទាបជាងឆ្នាំនេះក៏ដោយ ប៉ុន្តែលោក Pham Minh Chinh បានហៅការកំណត់គោលដៅនេះថា គឺសមហេតុសមផល នោះក៏ដោយសារតែសេដ្ឋកិច្ចវៀតណាម នឹងត្រូវប្រឈមផលវិបាកជាច្រើនដែលបណ្តាលមកពីបញ្ហាសេដ្ឋកិច្ចសាកល ដូចជា អតិផរណា ការកើនឡើងតម្លៃប្រេងសាំង និងវត្ថុធាតុដើម ព្រមទាំងទីផ្សារនាំចេញរបស់វៀតណាមនៅតូចចង្អៀត។

យ៉ាងណាក៏ដោយ នាយករដ្ឋមន្រ្តីវៀតណាមរូបនេះអះអាងថា នៅចុងឆ្នាំនេះ និងឆ្នាំក្រោយ រដ្ឋាភិបាលលោកនឹងបន្តផ្តល់អាទិភាពលើការរក្សាលំនឹងអតិផរណា ខណៈឆ្នាំ២០២៣ អត្រាអតិផរណានឹងកើនឡើងដល់ ៤,៥% បើប្រៀបធៀបនឹងឆ្នាំនេះមាន ៤%។

កាលពីថ្ងៃទី១៨ ខែតុលាកន្លងទៅ អង្គការសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍ ហៅកាត់ថា OECD បានបង្ហាញការព្យាកររបស់ខ្លួនថា កំណើនសេដ្ឋកិច្ចវៀតណាម នឹងឡើងដល់រង្វង់ ៦% នៅឆ្នាំ២០២២នេះ និងឆ្នាំ២០២៣ ដោយសារតែប្រទេសមួយនេះ អាចគេចផុតពីវិបត្តិដែលបណ្តាលមកពីកូវីដ១៩។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Vietnam Express News។

អង្គការ OECD បានចាត់ទុកថា វៀតណាមជាប្រទេសមួយស្ថិតក្នុងចំណោមប្រទេសតិចតួចនៅលើពិភពលោក ដែលអាចគ្រប់គ្រងកូវីដ-១៩បានល្អប្រសើរ។ អង្គការនេះក៏បានកត់សម្គាល់ដែរថា បើទោះបីជា អតិផរណាសាកល កំពុងកើនឡើងដោយសារតែការឡើងថ្លៃស្បៀងអាហារ និងថាមពលក្តី ក៏វៀតណាមនៅតែអាចគ្រប់គ្រង ពោលគឺអត្រាអតិផរណាវៀតណាម មានកម្រិតទាបជាងគេនៃបណ្តាប្រទេសជាសមាជិក OECDផ្សេងទៀត។

អង្គការដដែលនេះបង្ហាញឱ្យដឹងថា ក្នុងរយៈពេល២ឆ្នាំនៃការផ្ទុះកូវីដ-១៩ដ៏ខ្លាំងគឺឆ្នាំ២០២០ និង ២០២១ សេដ្ឋកិច្ចវៀតណាមនៅតែបន្តកើនឡើងជាង ២,៩% និងជិត ២,៦%។ យ៉ាងណាមិញ ក្នុងរយៈពេល ៦ខែនៃឆ្នាំ២០២២នេះ សេដ្ឋកិច្ចវៀតណាមបានងើបឡើងវិញលឿនជាងការរំពឹងទុកគឺខ្ទង់ ២,៤% ដោយសារតែកំណើនក្នុងឧស្សាហកម្មផលិត និងសេវាកម្ម៕

អត្ថបទ៖ នៅ សំភី




អត្ថបទបន្ទាប់


ឧត្តមនាវីជើងចាស់អាមេរិកម្នាក់ថា អាមេរិកត្រូវត្រៀមខ្លួនសម្រាប់ការឈ្លានពានរបស់ចិនលើតៃវ៉ាន់នៅឆ្នាំនេះ

ព័ត៌មាន
ឧត្តមនាវីឯកជាន់ខ្ពស់អាមេរិកម្នាក់បាននិយាយកាលពីថ្ងៃពុធ ទី ១៩ តុលា ថា យោធាអាមេរិកត្រូវតែត្រៀមខ្លួនឲ្យរួចរាល់ ដើម្បីឆ្លើយតបទៅនឹងការឈ្លានពា…

ទីបំផុត កម្ពុជានឹងនាំចេញផ្លែមៀនស្រស់លើកដំបូងទៅប្រទេសចិន នៅក្នុងសប្តាហ៍នេះ

ព័ត៌មាន
នៅទីបំផុត ការនាំចេញផ្លែមៀនទៅកាន់ទីផ្សារប្រទេសចិន ដែលម្ចាស់ចម្ការ និងក្រុមហ៊ុននាំចេញមៀនទន្ទឹងរង់ចាំយ៉ាងអន្ទះសារនោះ នឹងអាចចាប់ផ្ដើមធ្វើឡ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ