ទិន្នន័យផ្លូវការបានបង្ហាញកាលពីថ្ងៃសុក្រ ថា តម្លៃលំនៅឋានថ្មីនៅប្រទេសចិន បានធ្លាក់ចុះក្នុងរយៈពេល៨ខែជាប់គ្នាបើគិតត្រឹមខែកុម្ភៈ ដែលនេះបានបង្ហាញឱ្យឃើញថា ទីផ្សារអចលនទ្រព្យរបស់ចិន ដែលស្ថិតក្នុងស្ថានភាពផុយស្រួយស្រាប់ហើយនោះ កំពុងតស៊ូដើម្បីស្វែងរកលំនឹង បើទោះបីជារដ្ឋាភិបាល បានដាក់ចេញនូវវិធានការមួយចំនួន ដើម្បីពង្រឹងវិស័យនេះក៏ដោយចុះ។ ទិន្នន័យរបស់ការិយាល័យស្ថិតិជាតិចិន បានឲ្យដឹងថា តម្លៃលំនៅឋានថ្មីនៅខែកុម្ភៈ បានធ្លាក់ចុះ០,៣% បើធៀបនឹងខែមករា ហើយបើធៀបនឹងឆ្នាំ២០២៣ គឺធ្លាក់ចុះ ១,៤%។
រហូតមកដល់ពេលនេះ អាជ្ញាធរចិន នៅមិនទាន់បានដាក់ចេញវិធានការជំរុញច្រើន ដើម្បីគាំទ្រអ្នកអភិវឌ្ឍន៍ក្នុងវិស័យអចលនទ្រព្យនៅឡើយទេ ប៉ុន្តែផ្ទុយទៅវិញបានចាត់វិធានការបន្ថែម ដើម្បីស្តារវិស័យនេះឡើងវិញ តាមរយៈការជំរុញ និងគាំទ្រនូវអំណាចទិញរបស់ពលរដ្ឋ ប៉ុន្តែប្រសិទ្ធិភាពនៅមានកម្រិតនៅឡើយ។
ទោះបីស្ថិតិទីផ្សារលំនៅឋាននៅក្នុងខែកុម្ភៈ ធ្លាក់ចុះ តែអ្នកវិភាគមិនបានចាត់ទុកថា ជាការធ្លាក់ចុះនោះទេ ពីព្រោះរៀងរាល់ឆ្នាំនៅខែកុម្ភៈ គឺសេដ្ឋកិច្ចចិនច្រើនតែធ្លាក់ចុះខ្លាំង ដោយសារតែការរំខាន ដែលបណ្តាលមកពីការសម្រាកយូរបំផុតរបស់ប្រទេសនេះ។
លោក ចាង ដាវៃ ( Zhang Dawei )អ្នកវិភាគនៅក្រុមហ៊ុនអចលនទ្រព្យ Centaline បានរំពឹងថា តម្លៃលំនៅឋាននៅក្នុងទីក្រុងនឹងកើនឡើងបន្តិចក្នុងខែមីនា នេះ។ លោកបានអះអាងថា ទីផ្សារលំនៅឋានវាត្រូវការពេលវេលា ហើយក៏ពាក់ព័ន្ធនឹងប្រាក់ចំណូលរបស់អ្នកទិញ ក៏ដូចជាទំនុកចិត្តក្នុងការងើបឡើងវិញ នៃសេដ្ឋកិច្ចនៅឆ្នាំនេះផងដែរ។
កាលពីខែមករា ចិនបានប្រកាសនូវយន្តការ"បញ្ជីស" ដោយដាក់បទបញ្ជាឱ្យធនាគាររដ្ឋនានា ជំរុញការផ្តល់ប្រាក់កម្ចីដល់គម្រោងលំនៅដ្ឋាន។ ទីក្រុងធំៗជាច្រើនទៀត រួមទាំងទីក្រុងសៀងហៃ និងស៊ិនជិន ក៏បានបន្ធូរបន្ថយការទប់ស្កាត់ការទិញ ដើម្បីទាក់ទាញអ្នកទិញផ្ទះផងដែរ។ គួររំលឹកថា កាលពីខែមករា តម្លៃលំនៅឋានដែលស្រុតចុះ គឺមាននៅតែក្នុងទីក្រុង៥៦ប៉ុណ្ណោះ ប៉ុន្តែដល់ខែកុម្ភៈ ការធ្លាក់ចុះនៃតម្លៃលំនៅឋាននេះបានរីករាលដាល់ដល់៥៩ទីក្រុង៕