បេក្ខភាពប្រធានាធិបតី

ពេលជួបគ្នាក្នុងវេទិកាសាធារណៈ លើកដំបូង តើលោក ត្រាំ និងលោកស្រី ហារីស វាយបកគ្នាលើបញ្ហាអ្វីខ្លះ?


បញ្ហាសេដ្ឋកិច្ចបានក្លាយជាសមរភូមិវោហារសព្ទដ៏ក្តៅគគុកក្នុងវេទិកាដេញដោលជាសាធារណៈលើកដំបូងរវាងបេក្ខភាពប្រធានាធិបតីអាម៉េរិកទាំងពីរ គឺលោកស្រី កាម៉ាឡា ហារីស និងលោក ដូណាល់ ត្រាំ ដែលប៉ុនប៉ងវិលមកគ្រប់គ្រងសេតវិមានជាថ្មីតាមការបោះឆ្នោតនៅក្នុងខែវិច្ឆិកា ខាងមុខ។ ក្នុងនោះលោកស្រី ហារីស បេក្ខភាពរបស់គណបក្សប្រជាធិបតេយ្យ បានសំពងលោក ត្រាំ លើបញ្ហាពន្ធ ខណៈលោក ត្រាំ បេក្ខភាពរបស់គណបក្សសាធារណរដ្ឋ បានវាយបកលើបញ្ហាអតិផរណា ដែលអាម៉េរិកំពុងពើបប្រទះ។
បេក្ខភាពប្រធានាធិបតី
ដោយ

បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន the Edge នៅក្នុងវេទិកាដេញដោលជាសាធារណៈលើកដំបូងកាលពីថ្ងៃអង្គារ៍ សប្តាហ៍នេះ លោក ដូណាល់ ត្រាំ បេក្ខភាពប្រធានាធិបតីរបស់គណបក្សសាធារណ​រដ្ឋ និងអនុប្រធានាធិបតីគណបក្សប្រជាធិបតេយ្យ លោកស្រី កាម៉ាឡា ហារីស បានផ្ទុះសង្រ្គាមវោហារសព្ទយ៉ាងក្តៅគគុកជុំវិញបញ្ហាសេដ្ឋកិច្ច។

លោកស្រី ហារីស ដែលមានវ័យ៥៩ឆ្នាំ បានវាយប្រហារលើចេតនារបស់លោក ត្រាំ ដែលចង់ដាក់ចេញគោលនយោបាយសេដ្ឋកិច្ចសង្កត់លើបញ្ហាពន្ធលើទំនិញបរទេស ដោយលោកស្រីប្រដូចគោលនយោបាយនេះ ទៅនឹងការយកពន្ធពីប្រជាពលរដ្ឋថ្នាក់កណ្តាលរបស់អាម៉េរិក ហើយបានបង្វែរគោលនយោបាយនេះទៅជាគោលនយោបាយដែលមានលក្ខណៈសម្របសម្រួល ដើម្បីផ្តល់អត្ថប្រយោជន៍ជាពិសេសដល់ប្រជាពលរដ្ឋដែលមានចំណូលមធ្យម។

លោកស្រី ហារីស បានវាយបកថា ស្ថានភាពរញ៉េរញ៉ៃលើបញ្ហាពន្ធដែលបានដាក់ចេញដោយរដ្ឋបាលអាម៉េរិកក្រោមការដឹកនាំរបស់លោក ត្រាំ ពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២១ បានធ្វើឲ្យរដ្ឋបាលអាម៉េរិកបច្ចុប្បន្នត្រូវដោះស្រាយបញ្ហាជាច្រើនរាប់តាំងពីបញ្ហាអត់ការងារធ្វើដ៏អាក្រក់បំផុត។ លោកស្រីបានបន្តថា មកដល់ពេលនេះរដ្ឋបាលបច្ចុប្បន្ននៅតែបន្តសម្អាតភាពរញ៉េរញ៉ៃនេះមិនទាន់ចប់នៅឡើយទេ។

ដោយឡែកលោក ត្រាំ ដែលមានវ័យ៧៨ឆ្នាំ បានរិះគន់លោកស្រី ហារីស ពីបញ្ហាអតិផរណា ជាពិសេស គឺនៅក្នុងរដ្ឋបាលលោក ចូ បៃដិន។ លោកបានលើកឡើងថា អតិផរណាបានក្លាយជាបញ្ហា និងកេរដំណែលនៃគ្រោះមហន្តរាយសម្រាប់ពលរដ្ឋអាម៉េរិកគ្រប់រូប។

អ្នកវិភាគយល់ឃើញថា សង្រ្គាមវោហារសព្ទនេះ គឺជាការប៉ះទង្គិចលើកទី១ ហើយអ្នកទាំងពីរនឹងបន្តជួបគ្នាដោយផ្ទាល់ និងប្រយោលបន្តទៀតនៅក្នុងរយៈពេល៨សប្តាហ៍ទៅមុខទៀត ទម្រាំដល់ពលរដ្ឋអាម៉េរិកត្រូវសម្រេចចិត្តតាមការបោះឆ្នោតនៅថ្ងៃទី៥ ខែវិច្ឆិកា។

នៅក្នុងយុទ្ធនាការឆ្ពោះទៅរកការបោះឆ្នោតនៅពេលក្រោយៗទៀត លោក ត្រាំ ត្រូវបានគេរំពឹងថា នឹងរិះគន់លោកស្រី ហារីស ពាក់ព័ន្ធនឹងការផ្លាស់ប្តូរគោលជំហរគោលនយោបាយរបស់ លោកស្រី ជាបន្តបន្ទាប់ ក៏ដូចជាសំណល់នៃបញ្ហាសេដ្ឋកិច្ចនៅក្នុងរដ្ឋបាលលោក ចូ បៃដិន ជាដើម ប៉ុន្តែលោកស្រី ហារីស នឹងវាយបកលើបញ្ហារើសអើងលើស្រ្តី និងជាតិសាសន៍ គោលនយោបាយអភិរក្សនិយម ដែលស្នើឱ្យពង្រីកអំណាចប្រតិបត្តិ និងការលុបបំបាត់បទប្បញ្ញត្តិបរិស្ថានជាដើម៕

ដោយៈ សរ សុជាតិ

None



អត្ថបទបន្ទាប់


តើមហាយក្សចិន ត្រូវធ្វើដូចម្តេច ដើម្បីស្តារស្ថានភាពវិនិយោគបរទេស ដែលបានធ្លាក់ចុះជិត៣០% នៅ៧ឆ្នាំនេះ ឱ្យមានភាពល្អប្រសើរឡើងវិញ?

លំហូរវិនិយោគផ្ទាល់ពីបរទេសចូលទៅក្នុងប្រទេសចិន ដែលជាមហាអំណាចសេដ្ឋកិច្ចធំបំផុតទី២ នៅលើពិភពលោកមានការធ្លាក់ចុះជិត៣០ នៅក្នុងរយៈ៧ខែឆ្នាំនេះ…

Google និង Apple អស់សិទ្ធិទាមទារឱ្យលុបចោលការពិន័យរាប់ពាន់លានដុល្លារ ក្រោយតុលាការអឺរ៉ុបច្រានចោលបណ្តឹងសាទុក្ខរបស់ខ្លួន

ក្រុមហ៊ុន Google និងក្រុមហ៊ុន Apple បានបាត់បង់ឱកាសក្នុងការទាមទារឱ្យលុបចោលការពិន័យរបស់សហភាពអឺរ៉ុប បន្ទាប់ពីតុលាការកំពូលរបស់ប្លុកនេះ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ