ទន្ទឹមនឹងនេះអ្នកជំនាញលើកទឹកចិត្តឱ្យរាជរដ្ឋាភិបាលជម្រុះ ឬដកមន្ត្រីអសមត្ថភាព ដើម្បីពង្រឹងអភិបាលកិច្ច និងសេវាសាធារណៈ។ តែយ៉ាងណាការអនុវត្តនេះត្រូវតែធ្វើឡើងដោយតម្លាភាព និងយុត្តិធម៌ ខណៈមន្ត្រីដែលបំពេញការងារខ្ជីខ្ជា ឬខ្វះការទទួលខុសត្រូវត្រូវតែទទួលទោសទណ្ឌតាមផ្លូវច្បាប់ និងបទបញ្ជាផ្ទៃក្នុង។
លោក ឱក សេរី សោភក្តិ៍ ទីប្រឹក្សាឯករាជ្យ និងជាអ្នកជំនាញអភិបាលកិច្ចល្អបានគូសបញ្ជាក់ថា យន្តការដក ឬជម្រុះមន្ត្រីអសមត្ថភាពចោលត្រូវបានអនុវត្តនៅតាមបណ្តាប្រទេសជឿនលឿនជាច្រើននៅតំបន់អាស៊ី និងលើពិភពលោក ដើម្បីដុសខាត់ប្រសិទ្ធភាពការងារក្នុងប្រព័ន្ធរដ្ឋបាលសាធារណៈ និងជួយរុញច្រានកំណើនសេដ្ឋកិច្ចជាតិឱ្យមានសម្ទុះលឿន។ តែយ៉ាងណាអ្នកជំនាញរូបនេះបានសង្កត់ធ្ងន់ថា កម្ពុជា នៅមិនទាន់អាចធ្វើកំណែទម្រង់បែបស៊ីជម្រៅ ដោយដកមន្ត្រីអសមត្ថភាពចេញបាននោះទេ ដោយសារកត្តាទំនាក់ទំនង។ ប៉ុន្តែទោះជាយ៉ាងណា លោកសង្កេតឃើញថា រាជរដ្ឋាភិបាលកំពុងជំរុញកិច្ចការនេះជាសន្សឹមៗហើយ។ ទន្ទឹមនឹងនេះ លោកបានស្នើឱ្យរដ្ឋាភិបាលជម្រុះមន្ត្រីចាស់ៗឱ្យចូលនិវត្តន៍តាមកំណត់ ហើយបញ្ចូលអ្នក ដែលមានសមត្ថភាពជំនាន់ថ្មី ដើម្បីដើរឱ្យទាន់ការវិវឌ្ឍ និងទំនើបកម្មសកលលោក។
ជាមួយគ្នានេះ លោក រស់ សុដ្ឋា ប្រធានអង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា បានលើកឡើងថា រដ្ឋាភិបាលបានដាក់ចេញវិធានការជាបន្តបន្ទាប់ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពសេវាសាធារណៈ ប៉ុន្តែមន្ត្រីរាជការមួយចំនួននៅតែប្រព្រឹត្តកំហុសចាប់ពីអសមត្ថភាពរហូតដល់អំពើពុករលួយ។ លោកសង្កេតឃើញថា ស្ថាប័នឯកជនមួយចំនួនមានប្រព័ន្ធគ្រប់គ្រងប្រសើរជាងស្ថាប័នរដ្ឋមួយចំនួន ដែលនៅខ្វះយន្តការត្រួតពិនិត្យ និងតាមដានការងារឱ្យបានច្បាស់លាស់ និងមានតម្លាភាព។ លោកយល់ថា ការអនុវត្តវិធានការរដ្ឋបាល និងច្បាប់ឱ្យបានម៉ឺងម៉ាត់លើមន្ត្រីអសមត្ថភាព ឬប្រព្រឹត្តកំហុសធ្ងន់ធ្ងរជាជាងការផ្ទេរ ឬផ្លាស់ប្តូរតួនាទី នឹងជួយពង្រឹងគណនេយ្យភាព និងជំរុញប្រសិទ្ធភាពការងាររបស់មន្ត្រីក្នុងការបម្រើប្រជាពលរដ្ឋ។
ជុំវិញបញ្ហានេះដែរ លោកបណ្ឌិត ស៊ឺន សំ អ្នកវិភាគគោលនយោបាយ និងជាអ្នកតាមដានព្រឹត្តិការណ៍អន្តរជាតិបានលើកឡើងថា ប្រព័ន្ធវាយតម្លៃ និងដាក់វិន័យមន្ត្រីរាជការនៅកម្ពុជានៅមិនទាន់មានប្រសិទ្ធភាពគ្រប់គ្រាន់ ដោយសារការវាយតម្លៃសមត្ថភាព និងលទ្ធផលការងារនៅមានកម្រិត ព្រមទាំងការប្រកាន់បក្សពួក ដែលអាចធ្វើឱ្យមន្ត្រីល្អបាត់បង់ទឹកចិត្ត និងប៉ះពាល់ដល់គុណភាពសេវាសាធារណៈ។ លោកបណ្ឌិតយល់ថា កម្ពុជាអាចសិក្សារៀនសូត្រពីប្រទេសជឿនលឿនមួយចំនួនដែលមានអភិបាលកិច្ចល្អក្នុងការពង្រឹងវិន័យរដ្ឋបាល កំណត់ការទទួលខុសត្រូវ និងភ្ជាប់ការវាយតម្លៃទៅនឹងលទ្ធផលការងារ ប៉ុន្តែមិនគួរចម្លងប្រព័ន្ធទាំងស្រុងនោះទេ គឺត្រូវជ្រើសរើស និងកែសម្រួលឱ្យសមស្របនឹងបរិបទកម្ពុជា។ ជាមូលដ្ឋាន កម្ពុជាត្រូវពង្រឹងនីតិរដ្ឋ អនុវត្តច្បាប់ដោយស្មើភាព កំណត់សូចនាករវាយតម្លៃឱ្យច្បាស់លាស់ និងបង្កើតយន្តការតវ៉ា និងត្រួតពិនិត្យដែលអាចទុកចិត្តបាន។
គួរបញ្ជាក់ថា កាលពីពេលថ្មីៗ មេដឹកនាំកំពូលរបស់វៀតណាមលោក តូ ឡឹម បានដាក់ចេញបទបញ្ជាមួយដោយជំរុញឱ្យមានការដកមន្ត្រីអសមត្ថភាព ដោយមិនបាច់រង់ចាំរហូតដល់ពួកគេប្រព្រឹត្តខុស ទើបចាត់វិធានការ។ លោក តូ ឡឹម បានសង្កត់ធ្ងន់ថា ការផ្លាស់ប្តូរតួនាទីមិនត្រូវប្រើធ្វើជាមធ្យោបាយ ដើម្បីគេចវេះពីការដាក់ទោសទណ្ឌចំពោះអ្នកដែលបានប្រព្រឹត្តខុសនោះឡើយ។ សម្រាប់មេដឹកនាំវៀតណាមរូបនេះ សមត្ថភាពរបស់មន្ត្រីត្រូវវាយតម្លៃតាមលទ្ធផលការងារជាក់ស្តែង សីលធម៌ និងការរួមចំណែកពិតប្រាកដ មិនមែនផ្អែកតែលើរបាយការណ៍ ឬការសន្យានោះទេ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VN Express៕
អត្ថបទ៖ ជា ម៉ារ៉ា