ដើម្បីពង្រឹងភាពប្រកួតប្រជែង និងស្រូបទាញលំហូរភ្ញៀវអន្តរជាតិ ឱ្យបានទូលំទូលាយ ក្រុមអ្នកជំនាញ បានទទូចឱ្យរាជរដ្ឋាភិបាលបន្តពង្រីកយន្តការលើកលែងទិដ្ឋាការនេះបន្ថែមទៀតទាំងលើទីផ្សារចិន និងទីផ្សារគោលដៅសំខាន់ៗដទៃទៀត ព្រោះថា នយោបាយរឹតត្បិត ឬនីតិវិធីស្មុគស្មាញនឹងធ្វើឱ្យកម្ពុជា បាត់បង់ឱកាសមាសក្នុងការប្រជែងជាមួយប្រទេសជិតខាង និងក្នុងតំបន់។
លោកបណ្ឌិត ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកប្រចាំកម្ពុជា បានគូសបញ្ជាក់ថា ទោះបីជាការមកដល់របស់ភ្ញៀវទេសចរចិនតាមរយៈយន្តការលើកលែងទិដ្ឋាការរយៈពេល៤ខែកន្លងមកនេះមិនទាន់ដូចការរំពឹងទុកក៏ពិតមែន ប៉ុន្តែលទ្ធផលនៃការសាកល្បងនេះបានបង្ហាញពីសញ្ញាវិជ្ជមានគួរឱ្យកត់សម្គាល់។ យ៉ាងណាមិញអ្នកជំនាញរូបនេះបានស្នើឱ្យរាជរដ្ឋាភិបាល ពិចារណាបន្តពង្រីកយន្តការលើកលែងទិដ្ឋាការនេះបន្ថែមទៀតទាំងសម្រាប់ទីផ្សារចិន និងបណ្តាប្រទេសគោលដៅសំខាន់ៗផ្សេងទៀត ដើម្បីចូលរួមជំរុញការស្តារវិស័យទេសចរណ៍កម្ពុជា ឡើងវិញ។ ទន្ទឹមនេះ លោកបណ្ឌិត រំពឹងថា តាមរយៈកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងរាជរដ្ឋាភិបាល និងវិស័យឯកជនក្នុងការបោសសម្អាត និងផ្សព្វផ្សាយព័ត៌មានវិជ្ជមានពីកម្ពុជា វានឹងក្លាយជាកាតាលីករដ៏សំខាន់ក្នុងការទាក់ទាញភ្ញៀវទេសចរចិន និងអន្តរជាតិនានាឱ្យបែរមកចាប់អារម្មណ៍ប្រទេសកម្ពុជាសាជាថ្មី។
ជាមួយគ្នានេះ លោកបណ្ឌិត ឈឹម ផាន់ណា អ្នកស្រាវជ្រាវផ្នែកសេដ្ឋកិច្ច-ទេសចរណ៍ នៃរាជបណ្ឌិត្យសភាកម្ពុជា បានចាត់ទុកការលើកលែងទិដ្ឋាការ គឺជាយន្តការដ៏មានឥទ្ធិពលបំផុតក្នុងការស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចទេសចរណ៍កម្ពុជា ឱ្យងើបឡើងវិញក្នុងបរិបទ នៃការប្រកួតប្រជែងសកលនេះ។ តួយ៉ាងការលើកលែងទិដ្ឋាការសាកល្បងសម្រាប់ជនជាតិចិន ដែលទើបបានបិទបញ្ចប់កាលពីពេលថ្មីៗនេះ គឺជាវិធានការយុទ្ធសាស្ត្រដ៏ត្រឹមត្រូវមួយក្នុងការស្រូបទាញទីផ្សារទេសចរដ៏ធំមួយនេះឱ្យងាកចូលមកកម្ពុជាវិញ។
ទន្ទឹមនឹងនេះ លោកបណ្ឌិតយល់ថា ក្រៅពីចិន កម្ពុជា គួរពង្រីកយន្តការនេះទៅកាន់ទីផ្សារសំខាន់ៗជាច្រើនទៀតដូចជា អឺរ៉ុប អាម៉េរិក អូស្ត្រាលី និងជប៉ុនជាដើម ដ្បិតប្រទេសជិតខាងក្នុងតំបន់កំពុងអនុវត្តយន្តការនេះ ដូច្នេះប្រសិនបើកម្ពុជា មិនផ្លាស់ប្តូរទេ នឹងអាចប្រឈមមុខនឹងការបាត់បង់ភ្ញៀវទេសចរទៅកាន់ប្រទេសជិតខាង។
បើតាមការបញ្ជាក់របស់ ឯកឧត្តម តុប សុភ័ក្រ អ្នកនាំពាក្យក្រសួងទេសចរណ៍ បានឱ្យដឹងថា បើទោះបីជាកម្ពុជា បានលើកលែងទិដ្ឋាការសម្រាប់ពលរដ្ឋចិន រយៈពេល៤ខែក៏ពិតមែន ប៉ុន្តែស្ថានភាពទេសចរចិន ដែលធ្វើដំណើរចូលមកប្រទេសកម្ពុជា ហាក់ពុំទាន់មានសញ្ញាកើនឡើងវិញនោះទេ។ តួយ៉ាងនៅរយៈពេល ៩ខែ ឆ្នាំ២០២៦ នេះ កម្ពុជា ទទួលបានទេសចរជនជាតិចិន ប្រមាណជាជាង ៦៤ម៉ឺននាក់ ធ្លាក់ចុះប្រមាណ ២៧% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន។
ពាក់ព័ន្ធបញ្ហានេះដែរ ឯកឧត្តម សុខ វាសនា អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបញ្ជាក់កាលពីពេលថ្មីៗថា បន្ទាប់ពីបានដាក់ឱ្យសាកល្បងនូវការលើកលែងទិដ្ឋាការចំពោះជនជាតិចិន រយៈពេល៤ខែ បច្ចុប្បន្នរាជរដ្ឋាភិបាលកំពុងពិចារណាលើកលែងទិដ្ឋាការដល់បណ្តាប្រទេសនៅតំបន់អ៊ឺរ៉ុប និងអាម៉េរិកបន្ថែមទៀត ដើម្បីបង្កើនការទាក់ទាញភ្ញៀវទេសចរចូលមកកម្ពុជា។
សូមរំលឹកថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចលើកលែងទិដ្ឋាការសាកល្បងសម្រាប់ពលរដ្ឋចិន ដែលធ្វើដំណើរត្រង់ចេញពីប្រទេសចិន ដោយអនុញ្ញាតឱ្យស្នាក់នៅបានចំនួន១៤ថ្ងៃ ក្នុងរយៈពេល៤ខែ គិតចាប់ពីថ្ងៃទី១៥ ខែមិថុនា រហូតដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦នេះ៕