របាយការណ៍ដដែល បានគូសបញ្ជាក់ទៀតថា បច្ចុប្បន្នប្រទេសដែលមានទំហំ GDP សរុបប្រមាណជាង ១០០ពាន់លានដុល្លារអាមេរិកមួយនេះ កំពុងត្រឡប់ទៅលើផ្លូវនៃកម្រិតកំណើនសេដ្ឋកិច្ចនៅមុន កូវីដ១៩រាតត្បាតហើយ ខណៈដែលរដ្ឋាភិបាលបានលុបចោលនូវវិធានការរឹតត្បិតកូវីដ១៩ និងធ្វើឲ្យសកម្មភាពការធ្វើធុរកិច្ចវិលទៅរកកំណើនល្អប្រសើរឡើងវិញ។ នេះបើតាមការរាយការណ៍ដោយសារព័ត៌មានជប៉ុន Nikkei។
អត្រាកំណើនផលិតផលក្នុងស្រុកនៅឆ្នាំ២០២២ របស់ឥណ្ឌូនេស៊ី បានឈានដល់កម្រិតកំណើនខ្ពស់បំផុតមិនធ្លាប់មាននៅក្នុងរយៈពេល៩ឆ្នាំចុងក្រោយនេះ បន្ទាប់ពីកំណើននៅឆ្នាំ២០២១សម្រេចបានប្រមាណ ៣,៧%។ យ៉ាងណាមិញកម្រិតកំណើនដែលសម្រេបាន ៥,៣% នៅឆ្នាំ២០២២ ក៏ប្រហាក់ប្រហែលទៅនឹងការព្យាករកំណើនរបស់ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Jokowi ផងដែរ។
ការប្រើប្រាស់ប្រចាំឆ្នាំរបស់ពលរដ្ឋនៅឆ្នាំ២០២២ ដែលមានចំណែកប្រហែលពាក់កណ្ដាលនៃ GDP របស់ឥណ្ឌូនេស៊ីនោះ បានកើនឡើងដល់ ប្រមាណ ៥% ធៀបនឹងឆ្នាំ២០២១មានត្រឹមតែជាង២%ប៉ុណ្ណោះ។ កំណើនការប្រើប្រាស់ក្នុងស្រុកនេះ កើតមានឡើងនៅក្រោយពេលស្ថានការណ៍កូវីដ១៩បានស្ងប់ស្ងាត់ អនុញ្ញាតឲ្យរដ្ឋាភិបាលបានដកការរឹតបន្ដឹងជាច្រើន។
លោក Margo Yuwono ប្រធានផ្នែកសិ្ថតិឥណ្ឌូនេស៊ី បានអះអាងថា ប្រភពនៃកំណើនពីការចំណាយ គឺបានមកពីការប្រើប្រាស់របស់គ្រួសារពលរដ្ឋឥណ្ឌូនេស៊ី ហើយថា ការធ្វើឲ្យប្រសើរឡើងនូវប្រាក់ចំណូលរបស់ពួកគេ បានជំរុញឲ្យការប្រើប្រាស់នៅក្នុងវិស័យដឹកជញ្ជូន ការទំនាក់ទំនង និងភោជនីយដ្ឋាន សណ្ឋាគារមានការកើនឡើងទៅតាមនោះដែរ។
ប្រទេសដែលពោរពេញទៅដោយធនធានធម្មជាតិមួយនេះ ក៏ជាអ្នកផ្គត់ផ្គង់ធ្យូងថ្មក្ដៅ ប្រេងដូង និងថ្មនីកែលដ៏ធំបំផុតផងដែរ ហើយក៏ជាអ្នកទាញបានប្រយោជន៍មិនតិចដែរ ពីការកើនឡើងថ្លៃទំនិញ នៅចំពេលដែលមានសង្គ្រាមនៅអ៊ុយក្រែនផ្ទុះឡើងមក។ ការនាំចេញរបស់ឥណ្ឌូនេស៊ី បានហក់ឡើងខ្ពស់បំផុតដល់ទៅជាង១៦% នៅក្នុងផ្នែកចំណាយ។ លោក Margo Yuwono ប្រធានផ្នែកសិ្ថតិឥណ្ឌូនេស៊ី អះអាងថា កំណើនទេសចរបរទេសដែលបានមកកម្សាន្ដនៅប្រទេសឥណ្ឌូនេស៊ី ក៏ជាកត្តាមួយជំរុញដល់កំណើននៅក្នុងសេវាកម្មនាំចេញផងដែរ។ ដោយឡែក កំណើនខ្ពស់បំផុតនៅក្នុងផ្នែកផលិតកម្ម គឺឧស្សាហកម្មដឹកជញ្ជូន និងការស្ដុកទុកទំនិញ មានកំណើនជិត២០%។
ធនាគារកណ្ដាលឥណ្ឌូនេស៊ី ក៏បានព្យាករថា កំណើនសេដ្ឋកិច្ចរបស់ឥណ្ឌូនេស៊ីនៅឆ្នាំ២០២៣នេះ នឹងមានដល់ ៤,៥% ទៅ ៥,៣% ផងដែរ ខណៈដែលមូលនិធិរូបិយវត្ថុអន្តរជាតិ កាលពីខែមករាធ្លាប់បានព្យាករថានឹងមានកំណើន ៤,៨%។
ទោះយ៉ាងណា សេដ្ឋវិទូខ្លះ បានរំពឹងទុកអំពីទស្សនទានអវិជ្ជមានចំពោះសេដ្ឋកិច្ចឥណ្ឌូនេស៊ីផងដែរ ដ្បិតថាសេដ្ឋកិច្ចពិភពលោកបច្ចុប្បន្នកំពុងមានការធ្លាក់ចុះ និងសម្ពាធអតិផរណា។ តួយ៉ាង ការប្រើប្រាស់ ក៏នឹងអាចមានកំណើទាបដែរ ករណីអត្រាការប្រាក់បន្ដមានខ្ពស់ អាចជះឥទ្ធិពលដល់ឥរិយាបថអ្នកប្រើប្រាស់។ ទន្ទឹមគ្នានេះ ការវិនិយោគនៅក្នុងប្រទេសឥណ្ឌូនេស៊ី ក៏ត្រូវបានរំពឹងថា នឹងកើនយឺតដែរ ពិសេសការវិនិយោគមិនមែនសំណង់។ ក្នុងនោះ ការវិនិយោគផ្ទាល់ពីបរទេសក៏នឹងមានទំនោរធ្លាក់ចុះដែរ នៅក្នុងត្រីមាសមុនការបោះឆ្នោតប្រធានាធិបតី ដែលគ្រោងនឹងធ្វើឡើងនៅខែកុម្ភៈឆ្នាំក្រោយ៕