ក្រសួងហិរញ្ញវត្ថុនៃប្រទេសវៀតណាម បានជំរុញឱ្យរដ្ឋាភិបាលវៀតណាម ដំឡើងពន្ធគយលើស្រា និងស្រាបៀររហូតដល់១០០%ក្នុងគោលបំណងកាត់បន្ថយផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពពលរដ្ឋតាមការណែនាំរបស់អង្គការសុខភាពពិភពលោក WHO។
សូមបញ្ជាក់ថា អត្រាពន្ធគយបច្ចុប្បន្នគឺ៦៥%សម្រាប់ស្រាបៀរ និងចន្លោះពី៣៥%ទៅ៦៥%សម្រាប់ស្រាផ្សេងៗទៀតអាស្រ័យលើកម្រិតជាតិអាល់កុល។
ក្រសួងនេះបានផ្តល់អនុសាសន៍ឱ្យរដ្ឋាភិបាលដំឡើងអត្រាពន្ធគយដល់៨០%នៅឆ្នាំ២០២៦ និងបន្តដំឡើងបន្តិចម្តងៗរហូតដល់១០០%នៅត្រឹមឆ្នាំ២០៣០ សម្រាប់ស្រាដែលមានជាតិអាល់កុលលើសពី២០% និងគ្រប់ស្រាបៀរទាំងអស់ ហើយសម្រាប់ភេសជ្ជៈដែលមានជាតិអាល់កុលទាប ក្រសួងនេះចង់ឱ្យដំឡើងដល់៥០%ទៅ៧០%។
ក្រសួងដដែលនិយាយថា គ្រឿងស្រវឹងធ្វើឱ្យអ្នកផឹកញៀន និងបង្កបញ្ហាសុខភាពយ៉ាងធ្ងន់ធ្ងរ ហើយវាបង្កផលប៉ះពាល់ជាអវិជ្ជមានដល់សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពចរាចរណ៍។
ក្រសួងនេះនិយាយទៀតថា ការអនុវត្តការយកពន្ធខ្ពស់គឺចាំបាច់ណាស់ដើម្បីលើកកម្ពស់ការយល់ដឹងអំពីគ្រោះថ្នាក់ ដែលបណ្តាលមកពីការទទួលទានគ្រឿងស្រវឹងលើសកម្រិត ហើយថា អត្រាពន្ធខ្ពស់នឹងជួយកាត់បន្ថយការផឹកគ្រឿងស្រវឹង។
ជាការឆ្លើយតប បណ្ដាអាជីវកម្មស្រា និងស្រាបៀរបានដាក់ញត្តិទៅរដ្ឋាភិបាលដើម្បីស្នើសុំកុំដំឡើងពន្ធ ដោយពួកគេលើកឡើងថា ការដំឡើងពន្ធខ្ពស់បែបនេះនឹងបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់ឧស្សាហកម្មស្រា និងស្រាបៀរ ហើយប៉ះពាល់ដល់ការប្រមូលពន្ធ។ យោងតាមសមាគមស្រា ស្រាបៀរ និងភេសជ្ជៈវៀតណាមឱ្យដឹងថា កាលពីឆ្នាំមុន ប្រាក់ចំណូលរបស់ឧស្សាហកម្មស្រា និងស្រាបៀរបានធ្លាក់ចុះ១១% ហើយប្រាក់ចំណេញបានធ្លាក់ចុះ២៣%៕
ដោយ: តែម សុខុម