អ្នកជំនាញសេដ្ឋកិច្ច មើលឃើញស្របគ្នាចំពោះការព្យាករនេះ ដោយអះអាងថា បច្ចុប្បន្នការនាំចេញ និងការប្រមូលចំណូលពន្ធរបស់កម្ពុជា គឺបានបង្ហាញពីកំណើនប្រសើរឡើង កត្តាជំរុញដ៏សំខាន់សម្រាប់កំណើនសេដ្ឋកិច្ចនៅឆ្នាំនេះ បើទោះបីជា អតិផរណាមានការកើនឡើងបន្ដិចក្ដី។
យោងតាមរបាយការណ៍របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ បានរក្សាការព្យាករកំណើនសេដ្ឋកិច្ចរបស់ខ្លួនសម្រាប់ប្រទេសកម្ពុជា នៅកម្រិត ៥,៣% ក្នុងឆ្នាំ២០២២ ប៉ុន្តែ បានបន្ទាបការព្យាករ នៅឆ្នាំ២០២៣ ពី ៦,៥% មកនៅត្រឹម ៦,២% ដោយសារការចុះខ្សោយនៃកំណើនសេដ្ឋកិច្ចពិភពលោក។ យោងតាមការធ្វើបច្ចុប្បន្នភាពនៃទស្សនវិស័យអភិវឌ្ឍន៍អាស៊ី ឆ្នាំ២០២២ ដែលបានចេញផ្សាយនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ ការនាំចេញផលិតផលសម្លៀកបំពាក់ ទំនិញធ្វើដំណើរ និងស្បែកជើង របស់កម្ពុជា នៅតែរឹងមាំជាមួយកំណើនជិត ៤០% នៅឆមាសទី១ ក្នុងឆ្នាំ ២០២២ ធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២១ បើទោះបីជា មានការថយចុះនៃកំណើនសេដ្ឋកិច្ចសហរដ្ឋអាមេរិក និងអឺរ៉ុប ក៏ដោយ។
ជុំវិញ ស្ថានភាពសេដ្ឋកិច្ចកម្ពុជា នាពេលបច្ចុប្បន្ន ត្រូវបានលោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃវិទ្យាស្ថានទំនាក់ទំនងនៃរាជ្យបណ្ឌិត្យសភាកម្ពុជា កត់សម្គាល់ឃើញថា ស្ថានភាពសេដ្ឋកិច្ចកម្ពុជា កាន់តែមានភាពធូរស្បើយជាបណ្ដើរៗ ដោយលោកបានអះអាងថា ការនាំចេញទំនិញទៅកាន់ទីផ្សារអន្តរជាតិ ពិសេសទៅកាន់សហរដ្ឋអាមេរិក និងអឺរ៉ុប នៅតែរក្សាបាននូវកំណើនល្អ គួរឲ្យកត់សម្គាល់។ បើតាមបណ្ឌិត ហុង វណ្ណៈ សេដ្ឋកិច្ចកម្ពុជា កាន់តែបង្ហាញនូវសញ្ញាណវិជ្ជមាន តាមរយៈកំណើនក្នុងវិស័យសារពើពន្ធរបស់កម្ពុជា នាឆ្នាំ២០២២នេះ ក៏ដូចជា ការដំណើរការនៃសកម្មភាពសេដ្ឋកិច្ច និងសង្គម ដែលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ។ លើសពីនេះការងើបឡើងវិញនៃវិស័យសំខាន់ៗ ដូចជា វិស័យទេសចរណ៍ វិស័យអចលនទ្រព្យនិងសំណង់ វិស័យឧស្សាហកម្ម និងវិស័យសហគ្រាសធុនតូចនិងមធ្យម សុទ្ធតែជាប្រភពធ្វើឲ្យសេដ្ឋកិច្ចកម្ពុជា មានភាពរឹងមាំ ថែមទាំងអាចរក្សាបាននូវកំណើនសេដ្ឋកិច្ច ក្នុងរង្វង់ ៥,៣% ទៅ៥,៥% នៅឆ្នាំ២០២២នេះ។
បើតាមធនាគារ ADB ការរក្សាការព្យាករកំណើនសេដ្ឋកិច្ចនេះ ពឹងផ្អែកលើវិស័យកម្មន្តសាលមិនមែនកាត់ដេរបានបន្តសន្ទុះកំណើនដ៏រឹងមាំ។ ចំណែក វិស័យសំណង់បានងើបឡើងវិញជាបណ្តើរៗ ជាមួយការនាំចូលសម្ភារសំណង់កើនឡើងជិត ២៣%។ ដោយឡែក សម្រាប់វិស័យឧស្សាហកម្ម ត្រូវបានព្យាករថា នឹងកើនឡើងជាង ៩% នៅឆ្នាំ២០២២នេះ ខណៈនៅឆ្នាំ២០២៣ វិស័យឧស្សាហកម្ម ត្រូវបានគេរំពឹងថា នឹងថយចុះមកនៅត្រឹមកំណើន ៨,៦% ដោយសារការចុះខ្សោយនៃតម្រូវការក្រៅស្រុក។
សូមបញ្ជាក់ថា បច្ចុប្បន្ន ADB កំពុងអនុវត្តគម្រោងវិនិយោគចំនួន ២,៣ ពាន់លានដុល្លារនៅកម្ពុជា។ សម្រាប់ឆ្នាំ ២០២១ ADB បានអនុម័តផ្តល់ប្រាក់កម្ចី និង ជំនួយឥតសំណងចំនួន ៣២៧,១ លានដុល្លារ ហើយបាន កៀគរថវិកាបន្ថែមចំនួន ៥ លានដុល្លារ តាមរយៈ សហហិរញ្ញប្បទានសម្រាប់ប្រទេសកម្ពុជា។ ថវិការបស់ ADB ដែលត្រៀមសម្រាប់កម្ពុជាក្នុងឆ្នាំ ២០២២-២០២៥ រួមមានកម្ចីសម្បទានចំនួន ១,៤៤ ពាន់លាន ដុល្លារ និង ជំនួយឥតសំណងចំនួន ៣៧ លានដុល្លារ ដើម្បីគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និង ការងើប ឡើងវិញពីជំងឺរាតត្បាតកូវីដ១៩។ នេះបើតាមរបាយការណ៍របស់ធនាគារអភិវឌ្ឍន៍អាស៊ី៕