ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច បានគូសបញ្ជាក់ថា ដើម្បីបន្តរួមចំណែកក្នុងការលើកកម្ពស់ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ឲ្យកាន់តែប្រសើរឡើង បរធនបាលកិច្ច មានយុទ្ធសាស្រ្ត និងផែនការ បន្តជំរុញកិច្ចសហការអភិវឌ្ឍន៍ចំពោះវិស័យនានា ក្នុងគោលបំណងជំរុញកំណើននៃការចុះបញ្ជី ក៏ដូចជា បន្តកៀរគរនូវប្រតិបត្តិករឲ្យមានការចូលរួមជាមួយបរធនបាលកិច្ចបន្ថែមទៀត។
ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច បានកត់សម្គាល់ឃើញថា ថ្វីដ្បិតវិស័យបរធនបាលកិច្ច គឺជាវិស័យមួយដែលថ្មីសម្រាប់កម្ពុជា តែវិស័យនេះ បានរីកចម្រើនយ៉ាងឆាប់រហ័ស និងបានចូលរួមយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ចកម្ពុជា។ ស្របពេលដែលសេដ្ឋកិច្ចពិភពលោករងការរង្គោះរង្គើ ដោយសារវិបត្តិកូវីដ១៩ សង្រ្គាមរុស្ស៊ី-អ៊ុយក្រែន និងកត្តាភូមិសាស្រ្តនយោបាយ ជាដើម តែចំពោះសេដ្ឋកិច្ចកម្ពុជា នៅតែអាចឈរបានយ៉ាងរឹងមាំ។ បើតាមការកត់សម្គាល់របស់ឯកឧត្តម សុខ ដារ៉ា នៅក្នុងឆ្នាំ២០២២ និយ័តករបរធនបាលកិច្ច បានសម្រេចនូវសមិទ្ធិផល និងភាពរីកចម្រើនគួរឲ្យកត់សម្គាល់ ទាំងការចុះបញ្ជីបរធនបាលកិច្ច និងការចូលរួមពីតួអង្គពាក់ព័ន្ធសំខាន់។ ដោយឡែក សម្រាប់ការចុះបញ្ជីបរធនបាលកិច្ច នៅមុនឆ្នាំ២០២២ ថ្នាក់ដឹកនាំនិយ័តករបរធនបាលកិច្ចបានគូសបញ្ជាក់ថា មានចំនួនតែ ១៧ករណី ប៉ុណ្ណោះ ជាមួយទំហំបរធនប្រមាណ ១៥៦លានដុល្លារ។ ក៏ប៉ុន្តែ បច្ចុប្បន្នការចុះបញ្ជីបរធនបាលកិច្ច បានកើនរហូតដល់ចំនួន ៣០០ករណី ជាមួយនឹងទំហំបរធន ប្រមាណជា ៤២៦លានដុល្លារ។
ដ្បិតថា វិស័យបរធនបាលកិច្ច មានសារៈសំខាន់សម្រាប់សេដ្ឋកិច្ចកម្ពុជា និងសង្គម កម្ពុជា តែឯកឧត្តម សុខ ដារ៉ា ក៏បានបញ្ជាក់ដែរថា អំឡុងនៃការដាក់ចេញនូវយន្តការនៃការចុះបញ្ជី នាពេលកន្លងមក វិស័យបរធនបាលកិច្ច ក៏បានជួបប្រទះនូវបញ្ហាប្រឈមមួយចំនួនដែរ ជាពិសេសការយល់ដឹងសាធារណៈ និងការអនុវត្តច្បាប់ ជាដើម។ យ៉ាងណាមិញ ដើម្បីជំរុញវិស័យបរធនបាលកិច្ច ឲ្យកាន់តែរីកចម្រើន និយ័តករបរធនបាលកិច្ច នៅតែបន្តសកម្មភាពរបស់ខ្លួនក្នុងការបញ្ជ្រាបចំណេះដឹងដល់សាធារណៈជនឲ្យកាន់តែទូលំទូលាយ ក៏ដូចជា កៀរគរវិនិយោគិនពីវិស័យនានា ឲ្យមានការចូលរួមជាមួយនិយ័តករបរធនបាលកិច្ចកាន់តែច្រើន ពិសេសវិស័យអចលនទ្រព្យ និងវិស័យពាក់ព័ន្ធផ្សេងៗ ទៀត។
សូមបញ្ជាក់ថា «បរធនបាលកិច្ច» គឺជាសេវាហិរញ្ញវត្ថុមួយមិនមែនធនាគារ និងមានតួនាទីគ្រប់គ្រង មើលថែរក្សា ឬចាត់ចែកទ្រព្យសម្បត្តិរបស់បុគ្គល ឬក្រុមហ៊ុនណាមួយ សម្រាប់ជាប្រយោជន៍ដល់ក្រុមគោលដៅណាមួយ ដែលស្ថិតក្នុងអនុលោមតាមលិខិតបរធនបាលកិច្ច ឬបទប្បញ្ញត្តិជាធរមាន។ ដោយឡែក បរធនបាលកិច្ច ដែលបានបញ្ជីនៅនិយ័តករបរធនបាលកិច្ច នៅកម្ពុជានាពេលបច្ចុប្បន្ន មាន៤ប្រភេទ។ ក្នុងនោះមាន បរធនបាលកិច្ចសាធារណៈ បរធនបាលកិច្ចពាណិជ្ជកម្ម បរធនបាលកិច្ចសង្គម និងបរធនបាលកិច្ចបុគ្គល។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច៕