យើងផ្ដើមមើលទៅលើកំណើនសេដ្ឋកិច្ចនៅរបស់កម្ពុជាមុនគេ! សម្រាប់ឆ្នាំ២០២១នេះ សេដ្ឋកិច្ចរបស់កម្ពុជាមិនសូវខុសគ្នាពីសេដ្ឋកិច្ចប្រទេសជាច្រើនផ្សេងទៀតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍នោះដែរ គឺសុទ្ធតែត្រូវបានធនាគារអភិវឌ្ឍន៍អាស៊ី ហៅកាត់ថា ADB ទម្លាក់ការព្យាករមកនៅទាបជាងអ្វីដែលដែលបានរំពឹងទុកកាលពីប៉ុន្មានខែមុន។ យ៉ាងណាមិញ តាមរបាយការណ៍ថ្មីចុងក្រោយមួយរបស់ ADB ដែលបានចេញផ្សាយនៅថ្ងៃទី ២២ ខែកញ្ញានេះ បង្ហាញថា សេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២១នេះ គឺមានសម្ទុះកំណើនយឺតជាងមុន ដោយកាលពីខែមេសា ADB បានចេញការព្យាករថា កំណើនសេដ្ឋកិច្ចកម្ពុជានឹងកើនដល់ ៤% ប៉ុន្ដែ ការព្យាករថ្មីចុងក្រោយនេះវិញ គឺមានត្រឹមតែ១,៩%ប៉ុណ្ណោះ។ ប៉ុន្ដែ សម្រាប់ទស្សនវិស័យកំណើនសេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២២ ADB នៅតែរក្សាតួលេខព្យាករដដែលគឺ ៥,៥%។
តាមការអះអាងរបស់នាយិកាប្រចាំប្រទេសកម្ពុជារបស់ធនាគារអភិវឌ្ឍន៍អាស៊ី លោកស្រី ស៊ុននីយ៉ា ដូរ៉ានី ជេមម៉ែល បានឲ្យដឹងថា កត្តាដែលធ្វើឲ្យសេដ្ឋកិច្ចកម្ពុជាកើនយឺតជាងអ្វីដែលបានរំពឹងទុកពីមុននោះ គឺទាក់ទងនឹងជំងឺរាតត្បាតដែលអូសបន្លាយពេលយូរ បានធ្វើឱ្យប៉ះពាល់ដល់សេវាកម្ម និង តម្រូវការ ក្នុងស្រុក គួបផ្សំនឹងការបិទខ្ទប់ និង ការផ្អាកដំណើរការរោងចក្របណ្តោះអាសន្ន ក៏បានប៉ះពាល់ដល់ផលិតកម្មក្នុង វិស័យកាត់ដេរ ទំនិញធ្វើដំណើរ និង ស្បែកជើងកាលពីដើមឆ្នាំនេះផងដែរ។
បន្ដមកមើលប្រទេសវៀតណាមក្បែរខាងកម្ពុជាឯណេះវិញ! ប្រទេសវៀតណាមបាននិងកំពុងជាប់ដៃប្រយុទ្ធនឹងជំងឺកូវីដ១៩ ព្រមទាំងបានបិទខ្ទប់ទីក្រុងហូជីមិញដែលជាមជ្ឈមណ្ឌលសេដ្ឋកិច្ចរបស់ខ្លួនដើម្បីកាត់បន្ថយការឆ្លងមេរោគកូវីដ១៩។ ការបិទខ្ទប់តំបន់ក្នុងជាពិសេសតំបន់សេដ្ឋកិច្ច វៀតណាមបានធ្វើឲ្យធនាគារ ADB ទម្លាក់ការព្យាករណ៍កំណើនសេដ្ឋកិច្ចប្រទេសនេះពី ៥,៨% មកនៅត្រឹម ៣,៨% នៅឆ្នាំនេះ ទន្ទឹមនេះវៀតណាមបានព្យាករពីកំណើនសេដ្ឋកិច្ចសម្រាប់ឆ្នាំក្រោយដល់ទៅ ៦,៥%ផងដែរ។
ងាកចេញពីវៀតណាម យើងបែរមកចាប់អារម្មណ៍ប្រទេសថៃវិញម្ដង! រលកឆ្លងទី ២ នៃជំងឺកូវីដ ១៩ បានធ្វើឱ្យសេដ្ឋកិច្ចប្រទេសថៃធ្លាក់ចុះ ២,៦% ក្នុងត្រីមាសទី១ ឆ្នាំ ២០២១ បន្ទាប់ពីបានការធ្លាក់ចុះ ៦,១% កាលពីឆ្នាំ២០២០។ ដោយសារវិបត្តិកូវីដ១៩ ក្នុងប្រទេសមិនទាន់ធូរស្បើយ រដ្ឋាភិបាលថៃបានកាត់បន្ថយការព្យាករកំណើនសេដ្ឋកិច្ចឆ្នាំ២០២១ របស់ខ្លួនមកនៅត្រឹម ០,៨% ប៉ុណ្ណោះ គឺទាបជាងអ្វីដែលបានព្យាករកាលពីមុន មានដល់ ១,២%។ ទោះយ៉ាងណានៅឆ្នាំ២០២២ សេដ្ឋកិច្ចថៃត្រូវបានព្យាករថា នឹងមានកំណើន ៣,៩%។
រីឯសេដ្ឋកិច្ចនៅប្រទេសឥណ្ឌូនេស៊ី ដែលជាប្រទេសប្រជាជនច្រើនជាងគេ ព្រមទាំងមានសេដ្ឋកិច្ចធំជាងគេនៅអាស៊ីអាគ្នេយ៍វិញមានការប្រែប្រួលយ៉ាងណាដែរ0x017d7 សេដ្ឋកិច្ចរបស់ឥណ្ឌូនេស៊ី ត្រូវបាន ADB ទម្លាក់ការព្យាករកំណើនពី ៤,១% មកនៅត្រឹម ៣,៥%ផងដែរ ប៉ុន្ដែ រំពឹងកំណើនដល់ ៤,៨% នៅឆ្នាំក្រោយ។ ទោះយ៉ាងណាក៏ដោយ ផលិតផលក្នុងស្រុកសរុបរបស់ឥណ្ឌូនេស៊ីវិញកើនឡើង ៧, % នៅក្នុងត្រីមាសទី ២ បើធៀបទៅនឹងឆ្នាំមុន។ ថ្វីបើផលិតផលក្នុងស្រុកប្រទេសនេះកើនឡើងខ្ពស់ក៏ដោយ តែអ្នកវិភាគសេដ្ឋកិច្ចបាននិយាយថា សេដ្ឋកិច្ចប្រទេសនេះមិនបានវិលត្រឡប់ទៅរកស្ថានភាពមុនពេលមានជំងឺរាតត្បាតវិញនោះទេ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ។
ដោយឡែក ប្រទេសម៉ាឡេស៊ីវិញ ក៏ត្រូវបាន ADB ទម្លាក់ការព្យាការកំណើនសេដ្ឋកិច្ចដូចគ្នាដែរ ក្រោយប្រទេសនេះ មានការផ្ទុះឡើងកាន់តែអាក្រក់ទៅៗនៃជំងឺកូវីដ១៩។បច្ចុប្បន្នប្រទេសម៉ាឡេស៊ីត្រូវបានព្យាករថានឹងមានកំណើនសេដ្ឋកិច្ច ត្រឹម៤,៧% នៅឆ្នាំ២០២១នេះ ដែលទាបជាងការព្យាករពីមុនដែលថាមានដល់ ៥,៥%។ ទោះយ៉ាងណានៅឆ្នាំ ២០២២ សេដ្ឋកិច្ចម៉ាឡេស៊ីត្រូវបានព្យាករថានឹងឈានកើនដល់ ៦,១% ។
សម្រាប់ប្រទេសហ្វីលីភីនឯណោះវិញ បើទោះបីជារងផលប៉ះពាល់ដោយសារកូវីដ១៩ក្ដី តែប្រទេសដែលមានសេដ្ឋកិច្ចលូតលាស់លឿននៅតំបន់អាស៊ានមួយនេះក៏បានចាកចេញពិវិបត្តិសេដ្ឋកិច្ចនៅត្រីមាសទី ២ ក្នុងឆ្នាំ២០២១នេះ។ ដូចនេះ តាមការព្យាករពី ADB កំណើនសេដ្ឋកិច្ចរបស់ប្រទេសហ្វីលីពីន មិនមានការផ្លាស់ប្តូរទេ ដោយរំពឹងកំណើន ៤,៥% នៅឆ្នាំនេះ និងបន្ដកើន ៥,៥% នៅឆ្នាំ ២០២២ ។
ខុសពីប្រទេសឯទៀត នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ដែលនៅរក្សាបានការព្យាករកំណើនសេដ្ឋកិច្ចក្នុងអត្រាវិជ្ជមាននៅឆ្នាំ២០២១នេះ សេដ្ឋកិច្ចប្រទេសមីយ៉ាន់ម៉ា គឺត្រូវបានADBព្យាករថា នឹងធ្លាក់ចុះយ៉ាងគំហុកតែម្ដងពោ លគឺនឹងធ្លាក់ចុះជាង ១៨% ឯណោះ។ សេដ្ឋកិច្ចប្រទេសនេះធ្លាក់ចុះ ក៏ដោយកើតមានវិបត្តិនយោបាយ និងវិបត្តិឆ្លងកូវីដ១៩។
មីយ៉ាន់ម៉ាដោយសារតែវិបត្តិនយោបាយផ្ទៃក្នុងដែលបាន និងកំពុងអូសបន្លាយ បានធ្វើឱ្យ រដ្ឋាភិបាល របបសឹកមួយនេះមិនសូវបានយកចិត្តទុកដាក់លើបញ្ហាកូវីដ ១៩ នៅក្នុងប្រទេសនោះទេ។ ហេតុដូច្នេះហើយប្រទេសមួយនេះ បានផុងខ្លួនកាន់តែជ្រៅទៅៗពិសេសនៅក្នុងវិបត្តិសេដ្ឋកិច្ចតែម្តង។
បើតាមការគូសបញ្ជាក់ពី ADB ទិន្នផលឧស្សាហកម្ម និងការងារនៅក្នុងប្រទេសនៅអាស៊ីអាគ្នេយ៍បានធ្លាក់ចុះចាប់តាំងពី មានវិធានការ ទប់ស្កាត់ការឆ្លងមេរោគកូវីដ-១៩ និងតម្រូវការចុះអន់ ខ្សោយបណ្តាលមកពីការបិទរោងចក្រ។ ប៉ុន្តែ វិធានការទប់ស្កាត់ទាំងនេះ រួមជាមួយនឹងការចាក់វ៉ាក់សាំង ក៏ត្រូវបានគេមើលឃើញថា បាននិងកំពុងជួយដល់ក្រុមហ៊ុន និងគ្រួសារពលរដ្ឋនៅក្នុងប្រទេសក្នុងតំបន់នេះ ព្រមទាំងជួយដល់វិស័យដែលពឹងផ្អែកលើសេដ្ឋកិច្ច ដើម្បីសម្របខ្លួនទៅនឹងស្ថានភាពថ្មី និងអាចចាប់ផ្តើមការស្ដារសេដ្ឋកិច្ចឡើងវិញបាននៅក្នុងពេលឆាប់ៗខាងមុខនេះ៕
អត្ថបទ៖ ស៊ើង និមល់