ផលជះអវិជ្ជមានលើអាជីវកម្ម និងការធ្លាក់ចុះប្រាក់ចំណូលរបស់ពលរដ្ឋនេះ បានជំរុញឱ្យឥណទានសងយឺតលើសពី៣០ថ្ងៃ នៅតាមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ នៅក្នុងត្រីមាសទី២ឆ្នាំនេះ មានការកើនឡើងជាង៩%។ តើស្ថិតក្នុងស្ថានភាពសេដ្ឋកិច្ចមិនទាន់ល្អបែបនេះ ប្រជាពលពលរដ្ឋគួរមានការប្រុងប្រយ័ត្នយ៉ាងណាខ្លះ នៅក្នុងការប្រើប្រាស់ឥណទាន ដើម្បីកុំឱ្យផុងខ្លួនជាមួយបំណុលវ័ណ្ឌក?
នៅក្នុងកិច្ចសម្ភាសពិសេសជាមួយសារព័ត៌មានខេមបូណូមីស លោក កាំង តុងងី ប្រធាននាយកដ្ឋានទំនាក់ទំនង និងជាអ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា យល់ឃើញថា ស្របពេលសេដ្ឋកិច្ចពិភពលោក រួមទាំងកម្ពុជា បន្តស្ថិតក្នុងភាពមិនច្បាស់លាស់ ប្រជាពលរដ្ឋ និងម្ចាស់អាជីវកម្មទាំងអស់ត្រូវមានការយកចិត្តទុកដាក់ខ្ពស់លើការត្រួតពិនិត្យសុខុមាលភាពហិរញ្ញវត្ថុរបស់ខ្លួន ដើម្បីចៀសវាងនៅពេលមានបញ្ហាណាមួយកើតឡើង ដែលនាំឱ្យមានការប្រឈមជាមួយនឹងសម្ពាធហិរញ្ញវត្ថុ ក៏ដូចជាធ្លាក់ចូលទៅក្នុងបញ្ហាបំណុលវ័ណ្ឌកជាដើម។
ដើម្បីឱ្យការប្រើប្រាស់ឥណទានមានប្រសិទ្ធភាព និងចៀសផុតពីហានិភ័យផ្សេងៗនោះ លោក កាំង តុងងី លើកទឹកចិត្តឱ្យពលរដ្ឋ ត្រូវរក្សាសុខភាពផ្លូវចិត្តឱ្យបានល្អ និងកុំផ្តេកផ្តួលទៅតាមបញ្ហាដែលកំពុងកើតមាន ហើយត្រូវស្វែងរកវិធីដោះស្រាយបញ្ហា ពោលគឺត្រូវពិនិត្យមើលទីផ្សារអាជីវកម្មរបស់ខ្លួន ថាត្រូវបង្កើនប្រាក់ចំណូលឡើងវិញតាមវិធីណា ក៏ដូចជាកាត់បន្ថយចំណាយដែលមិនចាំបាច់ជាដើម។
សូមជម្រាបថា នៅក្នុងត្រីមាសទី២ ឆ្នាំ២០២៤នេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បានផ្ដល់ឥណទានជាង៥ពាន់១រយលានដុល្លារដល់អ្នកប្រើប្រាស់ជាង១,៥លានគណនី ដែលទំហំនេះមានការថយចុះប្រមាណជាង១% បើធៀបនឹងត្រីមាសទី១។ ទន្ទឹមនេះ ចំនួនឥណទានដែលសងយឺតលើស៣០ថ្ងៃ នៅក្នុងរយៈពេលដូចគ្នានេះ មានការកើនឡើងជាង៩%៕