តំណែងប្រធានាធិបតីថ្មីរបស់វៀតណាម

តើនរណាខ្លះជាបុគ្គលសក្ដានុពលអាចជំនួសតំណែងប្រធានាធិបតីថ្មីរបស់វៀតណាម ក្រោយការលាលែងរបស់លោក ង្វៀន សួនហ្វុក?


ការប្រណាំងប្រជែងដើម្បីបំពេញមុខតំណែងនយោបាយដ៏កំពូលរបស់វៀតណាម បាននិងកំពុងចាប់ផ្តើមហើយ បន្ទាប់ពីលោក ង្វៀន សួនហ្វុក(Nguyen Xuan Phuc) បានក្លាយជាអ្នកមានតំណែងធំបំផុតក្នុងប្រវត្តិសាស្ត្រដែលត្រូវដកចេញពីតំណែង ក្នុងយុទ្ធនាការប្រឆាំងអំពើពុករលួយដែលដឹកនាំដោយមនោគមវិជ្ជាអភិរក្សនិយមនៅក្នុងបក្សកុម្មុយនិស្តវៀតណាម។ អគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាមគឺលោក ង្វៀន ភូជុង (Nguyen Phu Trong) កំពុងបោសសម្អាតក្នុងចំណោមមន្ត្រីសំខាន់ៗ រួមទាំងអ្នកវិនិយោគល្បីៗមួយចំនួនផងដែរ។
តើប្រធានាធិបតីថ្មីរបស់វៀតណាមអាចជាបុគ្គលមានឥទ្ធិពលរូបណា?
ដោយ

បុរសខ្លាំងវៀតណាមរូបនេះ បានបម្រើការជាអគ្គលេខាធិការបក្សចាប់តាំងពីឆ្នាំ២០១១មក ដែលអស់ជាង១០ឆ្នាំមកនេះលោកបានបង្រួបបង្រួមអំណាចតាមគ្រប់វិធី រួមទាំងការបោសសម្អាតអំពើពុកនេះតែម្តង។ ទោះយ៉ាងណាមកទល់នឹងពេលនេះ វៀតណាមពុំទាន់ប្រកាសឡើយថាតើ បុគ្គលរូបណានឹងឡើងមកជំនួសតំណែងកំពូលមួយនេះ ខណៈបច្ចុប្បន្ន អនុប្រធានាធិបតីវៀតណាម លោកស្រី វូ ធីអញស៊ួន កំពុងបំពេញតួនាទីជាប្រធានាធិបតីស្តីទី។ ប៉ុន្តែគេអាចសម្លឹងឃើញបុគ្គលសំខាន់ៗ និងមានឥទ្ធិពលមួយចំនួន ដែលទំនងជាអាចចូលមកបំពេញតំណែងមួយនេះ។ ក្រោយលោក ង្វៀន ស៊ួនហ្វុក ចុះពីតំណែង តើនរណាខ្លះជាបុគ្គលសក្ដានុពលអាចជំនួសតំណែងប្រធានាធិបតីថ្មីរបស់វៀតណាម?

១. លោកស្រី វូ ធីអញស៊ួន

ក្នុងវ័យ ៥៣ឆ្នាំ លោកស្រីអនុប្រធានាធិបតីរូបនេះ ត្រូវបន្តកាន់តំណែងជាប្រធានាធិបតីស្តីទី រហូតដល់សភាជាតិវៀតណាមបោះឆ្នោតគាំទ្រលើបេក្ខភាពណាម្នាក់ជាស្ថាពរ។ នេះជាលើកទី២ហើយក្នុងប្រវត្តិសាស្ត្រវៀតណាម ដែលមានស្ត្រីបំពេញតួនាទីជាប្រធានាធិបតីស្តីទីដូចនេះ។ មិនដូចបេក្ខជនផ្សេងទៀតទេលោកស្រី មិនស្ថិតក្នុងផ្នែកនៃការិយាល័យនយោបាយបក្សដែលមានសមាជិកទាំង១៦រូបឡើយ។ ដូចនេះ បើសិនជាលោកស្រីចង់ប្រជែងយកដំណែងជាប្រធានាធិបតីពេញសិទ្ធិ គឺត្រូវលោកស្រីត្រូវចូលរួមក្នុងស្ថាប័ននយោបាយមួយនេះជាមុនសិន។ ក៏ប៉ុន្តែគេមើលឃើញលទ្ធភាពតិចណាស់ចំពោះមេដឹកនាំរូបនេះដោយហេតុថា វូ ធីអស៊ូនជាមេដឹកនាំស្ត្រី។

២. លោក តូ ឡាម

រដ្ឋមន្ត្រីសន្តិសុខសាធារណៈលោក តូឡាម នៅឆ្នាំ២០២១ធ្លាប់រងការរិះគន់មួយចំនួន ក្រោយបែកធ្លាយវីដេអូលើបណ្តាញសង្គម ដែលលោកចំណាយពេលវិសមកាលនៅតំបន់អឺរ៉ុប និងចូលពិសាអាហារក្នុងហាងប្រណិតដ៏ល្បីមួយកន្លែង ដែលត្រូវចំណាយប្រាក់ខ្ទង់រាប់ពាន់ដុល្លារសម្រាប់អាហារមួយពេល។ ខ្សែវីដេអូនេះបានបង្កឱ្យមានការចោទសួរជាច្រើននៅលើបណ្តាញសង្គមវៀតណាម ថាមន្ត្រីក្រុងហាណូយរូបនេះមានប្រាក់ច្រើនប៉ុនណា ស្របពេលដែលវៀតណាមកំពុងបោសសំអាតអំពើពុករលួយ និងក្នុងពេលដែលប្រទេស និងប្រជាជនកំពុងជួបទុក្ខដោយសារកូវីដ១៩នោះ? ផ្ទុយទៅវិញលោកឡាម មិនបានប្រឈមមុខនឹងការរិះគន់ ឬស៊ើបអង្កេតពីកុម្មុយនិស្តវៀតណាមឡើយ ហើយជំនួសមកវិញលោកបែរជាក្លាយជាអ្នកដឹកនាំការបង្រ្កាបអំពើពុករលួយ ដោយបានបញ្ជាលើការចាប់ខ្លួនសមាជិកជាន់ខ្ពស់បក្ស និងមន្ត្រីរដ្ឋាភិបាលមួយចំនួន។ ប្រការនេះ ត្រូវបានគេមើលឃើញថា លោកឡាម នឹងអាចជាទីពេញចិត្តរបស់អគ្គលេខាបក្ស ក្នុងការកាន់តំណែងប្រធានាធិបតី។

៣. លោក វូ វ៉ាន់ធួង

ក្នុងវ័យ៥២ឆ្នាំ លោកវូ វ៉ាន់ធួង(Vo Van Thuong) បានក្លាយជាសមាជិកការិយាល័យនយោបាយបក្សចំនួនពីរអាណត្តិ ហើយជាសមាជិកអចិន្ត្រៃយ៍វ័យក្មេងបំផុត នៃលេខាធិការដ្ឋានគណៈកម្មាធិការមជ្ឈិម ដែលជាតំណែងកំពូលទី៥ នៅក្នុងឋានានុក្រម។ អ្នកវិភាគបានកត់សម្គាល់ថា លោកធួង គឺជាសមាជិកលំដាប់ខ្ពស់បំផុតដែលអាចទទួលបានការគាំទ្រពីលោកង្វៀន ភូជុង។

នៅមួយរយៈចុងក្រោយ លោកធួងបានបង្ហាញខ្លួនកាន់តែច្រើននៅក្នុងប្រព័ន្ធផ្សព្វផ្សាយវៀតណាម ហើយបានធ្វើដំណើរជាផ្លូវការដើម្បីជួបជាមួយមេដឹកនាំនៅប្រទេសឡាវ និងកូរ៉េខាងត្បូង និងទៅទស្សនកិច្ចនៅប្រទេសចិនកាលពីខែតុលាឆ្នាំមុន ជាមួយលោក ង្វៀន ហ្វូទ្រុងថែមទៀត។

៤. លោក ង្វៀន វ៉ាន់ណេន

ក្នុងនាមជាប្រធានបក្សកុម្មុយនិស្តវៀតណាមប្រចាំទីក្រុងហូជីមិញ លោកណេន បានដឹកនាំទីក្រុងមជ្ឈមណ្ឌលពាណិជ្ជកម្មរបស់ប្រទេសវៀតណាមមួយនេះ ហែលឆ្លងផុតពីវិបត្តិជំងឺរាតត្បាតកូវីដ១៩ ដោយបានដាក់ការបិទខ្ទប់យ៉ាងតឹងរ៉ឹង តែរៀបចំឱ្យរោងចក្រសំខាន់ៗមួយចំនួន បើកដំណើរការធម្មតា ការពារភាពជាប់គាំងខ្សែចង្វាក់ សកម្មភាពសេដ្ឋកិច្ច។

ទោះមិនសូវបំពេញតួនាទីធំជារួម ប៉ុន្តែលោកជាបុគ្គលសំខាន់ណាស់របស់ក្រុងហូជីមិញ ហេតុនេះលោក ណេន មានការគាំទ្រយ៉ាងច្រើនពីសមាជិកគណៈកម្មាធិការកណ្តាលនៅភាគខាងត្បូងប្រទេសវៀតណាម។

សូមជម្រាបថា តាមផែនការគេនឹងអាចរកឃើញបេក្ខភាពប្រធានាធិបតីថ្មីរបស់វៀតណាម នៅអំឡុងខែមេសាឆ្នាំនេះ ដែលបក្សកុម្មុយនិស្តវៀតណាមនឹងប្រកាសពីបេក្ខភាពរូបនោះមុននឹងត្រូវឱ្យសភាវៀតណាម បោះឆ្នោតគាំទ្រ អំឡុងកិច្ចប្រជុំវិសាមញ្ញក្នុងឧសភា ឬមិថុនាឆ្នាំ២០២៣៕




អត្ថបទបន្ទាប់


ប្រទេសធំៗនៅឥណ្ឌូប៉ាស៊ីហ្វិកធ្លាក់ចុះឥទ្ធិពល ប៉ុន្ដែសមាជិកអាស៊ានកំពុងមានឥទ្ធិពលលេចធ្លោរកាន់តែខ្លាំង

យោងតាមទិន្នន័យពីសន្ទស្សន៍ឥទ្ធិពលប្រចាំពាក់កណ្តាលឆ្នាំចុងក្រោយរបស់ក្រុមអ្នកវិភាគនៅប្រទេសអូស្ត្រាលីដែលបានវាស់ស្ទង់ឥទ្ធិពលសេដ្ឋកិច្ចនៃប្រទេសចំនួន…

រដ្ឋមន្ត្រីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្ដាលរបស់ចិន នឹងចូលរួមប្រជុំតុមូលស្ដីអំពីបំណុល នៅប្រទេសឥណ្ឌាក្នុងខែនេះ

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្ដាលរបស់ចិន នឹងចូលរួមប្រជុំក្នុងវេទិកាតុមូលមួយ ជាមួយនឹងប្រទេស ស្ថាប័នម្ចាស់បំណុល និងប្រទ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ