WHO ប្រកាសអាសន្នសុខភាពជាសាកល

WHO ប្រកាសអាសន្នសុខភាពជាសាកល ពាក់ព័ន្ធនឹងការផ្ទុះរាតត្បាតនៃជំងឺអ៊ុតស្វា


អគ្គនាយកអង្គការសុខភាពពិភពលោក លោក Tedros បាននិយាយនាចុងសប្ដាហ៍មុននេះថា ការផ្ទុះឡើងនៃជម្ងឺអ៊ុតស្វា ដែលកំពុងរីករាលដាលយ៉ាងឆាប់រហ័សបានបង្កឱ្យមានភាពអាសន្នផ្នែកសុខភាពពិភពលោក ហើយអង្គការសុខភាពពិភពលោកសម្រេចប្រកាសដាក់មេរោគនេះ ក្នុងកម្រិតអាសន្នខ្ពស់បំផុតនៃសុខភាពសកលផងដែរ ខណៈបច្ចុប្បន្ន អ្នកឆ្លងជំងឺនេះ មានជាង១ម៉ឺន៦ពាន់ករណី នៅក្នុងប្រទេស៧៥ នៅទូទាំងពិភពលោក។ នេះបើតាមការចុះផ្សាយសារព័ត៌មាន Reuters។
WHO ប្រកាសអាសន្នសុខភាពជាសាកល ពាក់ព័ន្ធនឹងការផ្ទុះរាតត្បាតនៃជំងឺអ៊ុតស្វា

អង្គការសុខភាពពិភពលោក បាន​កំណត់ដាក់ចេញ​នូវ​ស្ថានភាព​អាសន្ន​សុខភាពសាធារណៈ នៃក្ដីកង្វល់​ជាអន្តរជាតិនេះ គឺត្រូវបានរចនាឡើងដើម្បីឱ្យមានការឆ្លើយតបជាអន្តរជាតិ​ និងការសហការគ្នា​បង្កើតឡើងជាមូលនិធិ សម្រាប់​ការ​ចែករំលែកវ៉ាក់សាំង និង វិធីសាស្រ្តព្យាបាលជំងឺនេះផងដែរ។

លោក Tedros បានប្រាប់​សន្និសីទសារព័ត៌មាន​នៅទីក្រុងហ្សឺណែវថា ទោះបីជាលោកកំពុងប្រកាសភាពអាសន្ន ផ្នែកសុខភាពសាធារណៈពីការព្រួយបារម្ភជាអន្តរជាតិពីមេរោគនេះក៏ដោយ ប៉ុន្តែ ការផ្ទុះឡើងភាគច្រើន គឺបានប្រមូលផ្តុំក្នុងចំណោម​​បុរសស្រឡាញ់ភេទដូចគ្នា ជាពិសេសអ្នកដែលមានដៃគូរួមភេទច្រើន។  លោកបាននិយាយថា ហានិភ័យនៃជំងឺអ៊ុតស្វា ដែលរីករាលដាលតាមរយៈការទំនាក់ទំនងជិតស្និទ្ធ និង ការរួមភេទបង្កឱ្យមានរោគសញ្ញាដូចជំងឺគ្រុនផ្តាសាយ និង ដំបៅស្បែកដែលពោរពេញដោយខ្ទុះ គឺមានកម្រិតមធ្យមនៅទូទាំងពិភពលោក លើកលែងតែនៅអឺរ៉ុប ដែលអង្គការសុខភាពពិភពលោកបានចាត់ទុកថា ជាហានិភ័យខ្ពស់។

សេតវិមានបាននិយាយថា សេចក្តីប្រកាស​អំពីការដាក់ជំងឺ​អ៊ុតស្វាក្នុងភាពអាសន្នសុខភាព​សាធារណៈនេះគឺជា ការអំពាវនាវឱ្យមានសកម្មភាពប្រុងប្រយ័ត្ន​សម្រាប់​ពិភពលោក ដើម្បីបញ្ឈប់ការរីករាលដាលនៃមេរោគនេះ។ លោក Raj Panjabi នាយកការិយាល័យត្រៀមបង្ការជំងឺរាតត្បាតនៅសេតវិមានបាននិយាយថា ការឆ្លើយតបជាលក្ខណៈអន្តរជាតិដែលមានការសម្របសម្រួល និង ការពារ គឺចាំបាច់ខ្លាំងណាស់ ដើម្បីបញ្ឈប់ការរីករាលដាលនៃជំងឺអុតស្វានេះ។

គួររំលឹកថា កាលពីមុនលោក Tedros បានគាំទ្រអនុសាសន៍របស់គណៈកម្មាធិការអ្នកជំនាញ ក្នុងការមិនប្រកាសភាពអាសន្នសុខភាពសាធារណៈនៃជំងឺអ៊ុតស្វានោះទេ ប៉ុន្តែប្រភពចំនួន​ពីរបានប្រាប់ Reuters ​ ថា លោក Tedros បានសម្រេចចិត្តគាំទ្រការប្រកាសអាសន្នខ្ពស់បំផុតចំពោះមេរោគអុតស្វា ក៏ដោយសារតែការព្រួយបារម្ភអំពីការកើនឡើងនៃករណី និង ការផ្គត់ផ្គង់វ៉ាក់សាំង និង ការព្យាបាលជំងឺនេះ។

គួរជម្រាបថា រហូតមកដល់ពេលនេះ មានករណីជំងឺអ៊ុតស្វាច្រើនជាង ១ ម៉ឺន ៦ ពាន់ករណីនៅក្នុងប្រទេសជាង ៧៥ ហើយមានអ្នកស្លាប់ចំនួន ៥ នាក់នៅអាហ្វ្រិក។ ជំងឺអ៊ុតស្វាបាននិងកំពុងរីករាលដាលយ៉ាងខ្លាំង ចំពោះបុរសដែលស្រឡាញ់ភេទដូចគ្នា ក្នុងចំណោមការផ្ទុះឡើងនាពេលថ្មីៗនេះ។

អ្នកជំនាញផ្នែកសុខភាពបានស្វាគមន៍ការសម្រេចចិត្តរបស់ WHO ក្នុងការចេញសេចក្តីប្រកាសពីភាពអាសន្នសុខភាពសាធារណៈ ខណៈដែល​រហូតមកដល់ពេលនេះ ការប្រកាសអាសន្ននេះ ទើបតែត្រូវបានអនុវត្តចំពោះជំងឺរាតត្បាតនៃមេរោគឆ្លងកូវីដ១៩ និង ការខិតខំប្រឹងប្រែងជាបន្តបន្ទាប់ក្នុងការលុបបំបាត់ជំងឺស្វិតដៃជើងប៉ុណ្ណោះ៕




អត្ថបទបន្ទាប់


តុលាការកំពូលរបស់UN ច្រានចោលការការអះអាងរបស់មីយ៉ាន់ម៉ា ចំពោះអំពើប្រល័យពូជសាសន៍របស់ខ្លួន

តុលាការកំពូលរបស់អង្គការសហប្រជាជាតិបានសម្រេចថា សំណុំរឿងដ៏សំខាន់មួយដែលបានចោទប្រកាន់ប្រទេសមីយ៉ាន់ម៉ា ក្រោមការគ្រប់គ្រងដោយរបបយោធាពីបទប្រល…

Meta រៀបចំថ្នាក់បណ្តុះបណ្ដាលអំពីសុវត្ថិភាព និងចំណេះដឹងអំពីស្តង់ដារសហគមន៍អនឡាញជូនអ្នកសារព័ត៌មានកម្ពុជានិង តំណាងអង្គការក្រៅរដ្ឋាភិបាល

Meta ដែលមានឈ្មោះដើមហៅថា Facebook បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីសុវត្ថិភាព និងស្តង់ដារសហគមន៍សម្រាប់អ្នកសារព័ត៌មាន និងអង្គការក្រៅរដ្ឋាភិបា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ